ប៉េកាំង​រិះគន់​ការអះអាង​របស់​ត្រាំ​ថា ចិន​រារាំង​ការលុបបំបាត់​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង​

721
ចែករម្លែក

​ជាការ​ឆ្លើយតប​ទៅនឹង​សម្តី​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែលថា​ចិន​កំពុង​បង្កើត​ឧបសគ្គ​ជាច្រើន​សម្រាប់​វ៉ាស៊ីនតោន​ក្នុង​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាងនោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក កេង សួង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​ថា ចិន​តែងតែ​គាំទ្រ​ដល់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​កិច្ចប្រឹងប្រែង​របស់ខ្លួន​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក ។

​ទាក់ទិន​នឹង​សម្តី​របស់​ត្រាំ លោក​សួង​បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​ថា “​ជំហរ​របស់​ចិន​ចំពោះ​ការដោះស្រាយ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវបាន​ដឹងឮ​យ៉ាង​ទូលំទូលាយ​ដោយ​មនុស្ស​គ្រប់គ្នា​តាំងពី​ដើមទី​ដំបូង​។ យើង​បាន​ប្រឹងប្រែង​យ៉ាងសំខាន់​ដើម្បី​ព​ន្លឿ​ន​ដំណោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ ហើយ​កិច្ចប្រឹងប្រែង​របស់​យើង​ត្រូវបាន​ទទួលស្គាល់​ដោយ​សហគមន៍​អន្ដរជាតិ​”​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមទៀតថា​ចិន​និង​សហរដ្ឋអាមេរិក​បានរ​ក្សា​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ដោយ​សម្តែង​នូវ​ក្តី​សង្ឃឹមថា គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ជាមួយ​ចិន​នឹងធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ជារួម​ឆ្ពោះទៅរក​ការលុបបំបាត់​នុយក្លេអ៊ែ​រយ៉ា​ង​ឆាប់រហ័ស​និង​រក​ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​ចិន​ប្រហែលជា​កំពុង​នៅ​ប្រទាំង​ប្រទើស​ផ្លូវ​របស់​យើង​” នៅក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង ដោយ​មិនបាន​បញ្ជាក់​លម្អិត​នោះទេ​៕ ដោយ៖ កញ្ញាដាលីស