ប៉េងប៉ោះ​នៅ​ឥណ្ឌា​ឡើងថ្លៃ ដល់​ថ្នាក់​គេ​ជួល​សន្តិសុខ​ការពារ​

1228
ចែករម្លែក

​តម្លៃ​ផ្លែ​ប៉េងប៉ោះ​បាន​កើនឡើង​ខ្ពស់​នៅក្នុង​ប្រទេស​ឥណ្ឌា​ដល់​ថ្នាក់​គេ​ជួល​សន្តិសុខ​ប្រដាប់អាវុធ​ដាក់ ពង្រាយ​ឱ្យ​ការពារ​ពេល​ដឹកជញ្ជូន​វា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នៅក្នុង​រដ្ឋ​មួយ​នៃ​ប្រទេស​នេះ​។​

​កាសែត​Hindustan Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា​អ្នកលក់​បោះ​ដុំ​ម្នាក់​នៅ​ផ្សារ​មួយ ក្នុង​ទីក្រុង​អ៊ី​ន​ដូ​រ៉េ (Indore) រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដេ​ស (Madhya Pradesh) និយាយថា សុវត្ថិភាព របស់​ប៉េងប៉ោះ​ជា “​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​” ដោយសារ​វា​ឡើងថ្លៃ​ខ្ពស់កប់ពពក​។​

​អ្នកលក់​បោះ​ដុំ​ដដែល​បានឱ្យដឹង​ទៀតថា​អ្នកគ្រប់គ្រង​ផ្សារ​មួយ​បាន​ចាត់តាំង​សន្តិសុខ​ប្រដាប់អាវុធ​៦​នាក់​ឱ្យ​ការពារ​សុវត្ថិភាព​ប៉េងប៉ោះ​ជាពិសេស​នៅពេល​គេ​លើក​វា​ចុះ​ពី​រថយន្ត​ដឹកទំនិញ​។​

​យោងតាម​សេចក្តីរាយការណ៍​ថា​នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេស​នេះ​នៅ​ខែ​នេះ​មាន​ករណី​ចោរលួច​ប៉េងប៉ោះ​រាប់​តោន​គួរឱ្យភ្ញាក់ផ្អើល​។​

​តាមពិត​នៅ​ឆ្នាំនេះ​រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដេ​ស​ទទួលបាន​ទិន្នផល​ដំណាំ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ច្រើន​ដល់​ថ្នាក់ កសិករ​យក​ប៉េងប៉ោះ​ទៅ​ចាក់ចោល​រាយ​ពេញ​ផ្លូវ​កាលពី​ប្រហែល​មួយខែ​មុន​។​ប៉ុន្តែ​ពេលនេះ​ផុត​រដូវ​ប៉េងប៉ោះ​ហើយ​ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បំផ្លាញ​ដំណាំ​នៅ​តំបន់​សំខាន់ៗ​មួយចំនួន​ទើបបានជា​ធ្វើឱ្យ​តម្លៃ ប៉េងប៉ោះ​ឡើង​ជិត​ទ្វេដង​ដល់​១,៥៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម​នៅ​តំបន់​នានា​នៃ​ប្រទេស​នេះ​៕ ប្រែ​សម្រួលៈ ខុម​