ប៉េង​ប៉ុង​៖ បន្ទាប់ពី​ត្រឡប់មកវិញ អគ្គ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ នឹងធ្វើ​អ្វីខ្លះ ?

191
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ស៊ុន សុទ្ធា​រិ​ទ្ធ ដែលជា​អ្នកកាន់កាប់ តំណែង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​របស់​កម្ពុជា​នោះ បាន​ត្រឡប់មក​កាន់តំណែង​ចាស់​វិញ​ហើយ បន្ទាប់ពី​សហព័ន្ធ​មួយ​នេះ ធ្វើ​មហាសន្និបាត​វិសាមញ្ញ ពាក់កណ្ដាល​អាណត្តិ​មក​នោះ​។​

​លោក គឺជា​បុគ្គល ដែល​គេ​ស្គាល់​ច្រើន នៅក្រៅ​ប្រទេស ហើយ​អ្វីដែល​លោក​ធ្វើ បាន​ជោគជ័យ​នោះ គឺ​ការប្រមូលផ្ដុំ​ក្មេងៗ ដែលមាន​ទេពកោសល្យ ឲ្យ​មក​ហ្វឹកហាត់ កីឡាវាយកូនឃ្លីលើតុ ។ ជាមួយគ្នានេះ ចាស់ៗ ដែលជា​អតីត​កីឡាវាយកូនឃ្លីលើតុ សប្បុរសជន ដែល​ជួយ​ឩ​ប​ត្ថ​ម្ភ​លោក តែងតែ​លើកទឹកចិត្ត​ជានិច្ច ។​

លោក​បាន​និយាយថា ស៊ី​ហ្គេម បានចាប់ផ្ដើម​ហើយៗ​លោក បាន​ត្រឡប់មកវិញ ហាក់ដូចជា​យឺត​បន្តិច តែ​លោក​បាន​គិតថា អ្វីៗ​ត្រូវតែមាន ការចាប់ផ្ដើម​ឡើងវិញ ។ ឆ្នាំ​២០២៣ ក៏​កាន់តែ​កៀក ហេតុនេះ អ្វីៗ​ត្រូវតែមាន​ការប្ដេជ្ញាចិត្ត និយាយ​បែបនេះ មិនមែន​មានន័យថា លោក​តែម្នាក់ឯង ធ្វើបាន​ជោគជ័យ​នោះទេ តែ​សមាជិក​ប្រតិបត្តិ ទាំងមូល ត្រូវ​ជួយ​គ្នា ។​

លោក ស៊ុន សុទ្ធា​រិ​ទ្ធ​

​លោក​បាន​អះអាងថា បន្ទាប់ពី​ស៊ី​ហ្គេម​នេះ​ទៅ លោក​ត្រូវតែ​ជម្រុញ​ឲ្យ​បណ្ដា​ក្លិប​នានា ដែលជា​សមាជិក​របស់​សហព័ន្ធ ត្រូវតែ​ស្វះ​ស្វែងរក​កីឡាករ​ក្មេងៗ ដែលមាន​ទេពកោសល្យ ។ សមាជិក​ប្រតិបត្តិ របស់​សហព័ន្ធ កំពុងតែ​គិតថា តើ​គួរ​បញ្ជូន​ពួកគេ ទៅ​ហាត់​នៅក្រៅ​ស្រុក ឬ ក៏​អញ្ជើញ​គ្រូ ពី​ក្រៅ​ស្រុក ឲ្យ​មក​បង្ហាត់ នៅក្នុង​ស្រុក ?​។​

​លោកនាយ​ឩ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែលជា​ប្រធាន​សហព័ន្ធ​ថ្មី បាន​សម្លឹង​ឃើញថា សាធារណរដ្ឋ​កូរ៉េ គឺជា​ដៃគូ​ដ៏​ល្អ​មួយ ដែល​គេ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក ។ ក្រៅពីនេះ ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ក៏​អាច​ក្លាយជា​ជ​ម្រំ​ហ្វឹកហាត់​មួយ របស់​កម្ពុជា​ដែរ ព្រោះ​ប្រទេស​ទាំង ២ នេះ ក៏មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​ដែរ ។ បញ្ហាសំខាន់​ដំបូង​បំផុត​នោះ ត្រូវ​ប្រមូល​ធនធានមនុស្ស ឲ្យ​បាន​សិន ។ ជាមួយគ្នានេះ ត្រូវបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត ឲ្យ​បាន​ច្រើន ហើយ​ការប្រកួត ត្រូវមាន​តាម​ប្រភេទ​អាយុ និង​ទៅតាម​កម្រិត​សមត្ថភាព របស់​អត្ត​ព​លិ​ក ។ បើ​យក​ខ្លាំង ទៅ​ប្រកួត​ជាមួយ​អ្នកខ្សោយ ដែល​ទើបតែ​ហ្វឹកហាត់​នោះ អ្នកខ្សោយ នឹង​អស់​ទឹកចិត្ត​ហ្វឹកហាត់ បន្តទៅ​ទៀតហើយ​។​

​លោក​អគ្គលេខាធិការ ទទួលស្គាល់ថា ការងារ​មាន​ច្រើនណាស់ ហេតុនេះ អ្វីៗ​ត្រូវ​ធ្វើជា​ជំហានៗ ជាមួយនឹង​ការតាំង​ចិត្ត​ច្បាស់លាស់ និង​កំណត់​គោលដៅ ឲ្យ​បាន​ត្រឹមត្រូវ ៕v