ប៉េតង់ ពានរង្វាន់​សម្ដេច​ក្រឡា​ហោម គណៈរដ្ឋមន្ត្រី​បាន​មេដាយមាស​ច្រើនជាងគេ​

159

(​ភ្នំពេញ​): ការប្រកួត​កីឡា​ប៉េតង់​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​១៧ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១១​កញ្ញា​។​

​ការប្រកួត​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៨​កញ្ញា​មកម្ល៉េះ ដោយមាន​សមាគម​ក្លិប​ចំនួន​៣៦​ចូលរួម​។ វិញ្ញាសា​ចំនួន​៧ ដែល​បានដាក់​ឲ្យ​ប្រកួត​នោះ មាន​ផ្នែក​បុរស​៣​នាក់​ទល់​៣​នាក់ ពាន​ធំ វ័យចាស់​៣​នាក់​ទល់​៣​នាក់ នារី​៣​នាក់​ទល់​៣​នាក់ វិញ្ញាសា​ចម្រុះ​៣​នាក់​ទល់​៣​នាក់​(​បុរស​២​នាក់​នារី​ម្នាក់​) យុវជន​ម្នាក់​ទល់​ម្នាក់ យុវនារី​ម្នាក់​ទល់​ម្នាក់ និង​ផ្នែក​ពាន​សមាគម​។ ការប្រកួត​សរុប​មាន​៣១៧​ប្រកួត​។​

​សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ​។ ជា​លទ្ធផល​ក្លិប​ប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​មេដាយមាស​៣​គ្រឿង លើសគេ គឺ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ពាន​ធំ វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​នារី​អាយុ​ក្រោម​១៧​ឆ្នាំ និង​វិញ្ញាសា​វាយ​ចម្រុះ​៣​នាក់​ទល់​៣​នាក់​។​

​ក្រសួងការពារជាតិរ​កបាន​មេដាយមាស ២​លើ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់ យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ និង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស​ពាន​ធំ​។ ក្លិប​ប៉េតង់​យោធភូមិភាគ​ពិសេស បាន​មេដាយមាស​១​គ្រឿង លើ​វិញ្ញាសា​នារី​៣​នាក់​ទល់​៣​នាក់ និង​ក្លិប​ប៉េតង់​ដូនពេញ​នាគព័ន្ធ​បាន​មេដាយមាស ១​គ្រឿង លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​វ័យចាស់​៕L ដោយ​៖ រ៉ូ​ហ្សា​