ប៉េស្ត៍​ជ្រូក​អាហ្វ្រិក ជាការ​គំរាម​ដល់​ឧស្សាហកម្ម​សាច់ជ្រូក​វៀតណាម​

292
ចែករម្លែក
  • 30
    Shares

​ថ្លៃ​សាច់​ជ្រូក​នៅ​វៀតណាម​បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​ជម្ងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​នៅ​ខែ​កុម្ភ ដោយ​ចុះ​ពី​៥៥.០០០​ដុង​(២,៣៧​ដុល្លា​)​មក​៣០.០០០​ដុង​(១,៣​ដុល្លារ​)​ក្នុង​​មួយ​គីឡូក្រាម​នៅ​តំបន់​ខាងជើង និង​៤៣.០០០​ដុង​(១,៨៦​ដុល្លារ​)​ន​ភាគ​ខាងត្បូង​ប្រទេស​។​

​នៅក្នុង​ប្រទេស​មួយ​ដែល​ជ្រូក​៣​លាន​ក្បាល​ត្រូវបាន​ប្រើប្រាស់​ប្រចាំខែ ជម្ងឺ​នេះ​តាំងពី​មុន​មក​បាន​នាំអោយ​វៀតណាម​ខាតបង់​ប្រាក់​៤​ទៅ​៥​លាន​លាន​ដុង​(១៧២,៧-២១៥,៩​លាន​ដុល្លារ​)​។​ការខាតបង់​នេះ​ទំនងជា​នឹង​កើន​ឡើង​នៅ​ពេល​វា​មានឱកាស​ខ្ពស់​មួយ​ក្នុង​ការឆ្លង​រាលដាល នេះ​បើ​តាម​នាយកដ្ឋាន​សុខភាព​សត្វ​។​

​តាំងពី​ដំបូង​មក ខេត្ត​ក្រុង​ចំនួន​១៧​បាន​រាយការណ៍​អំពី​ការ​កើត​ជម្ងឺ​នេះ​នៅក្នុង​មូលដ្ឋាន​របស់​គេ និង​សត្វ​ជ្រូក​២៣.០០០​ក្បាល​ត្រូវបាន​សម្លាប់​ចោល​។​

​នាយក​ក្រុមហ៊ុន​ចំណី​សត្វ​អាស៊ី​Royal De Heus​បាន​និយាយថា ថ្លៃ​សាច់​ជ្រូក​នៅ​ភាគខាងត្បូង​ថ្លៃ​ជាង​១៣.០០០​ដុង មុខ​ជា​នាំអោយ​ឈ្មួញ​លួច​នាំ​ចូល​សាច់ជ្រូក​មក​ពី​ខាងជើង​ ដែល​នៅ​ទីបំផុត​បង្ក​ការឆ្លង​រាលដាល​ជម្ងឺ​នេះ​។​

​ចិន​នៅ​ខែ​នេះ​ក៏​ហាម​នាំចូល​ជ្រូក​និង​ផលិតផល​សាច់ជ្រូក​ពី​វៀតណាម ក្នុងពេល​ដែល​ខ្លួន​ក៏​កំពុង​តស៊ូ​ដោះស្រាយ​នឹង​ការផ្ទុះ​ជម្ងឺ​នេះ​ផង​ដែរ​នៅ​២៨​ខេត្ត​និង​តំបន់​។​

​ប្រទេស​ដទៃ​ទៀត​និង​ទឹកដី​ដែល​ហាម​ការនាំ​សាច់ជ្រូក​ពី​វៀតណាម​រួមមាន តៃវ៉ាន់ ឌុយ​បៃ អង់គ្លេស​និង​កម្ពុជា ដោយ​នៅ​កន្លែង​ខ្លះ​អ្នករំលោភ​រង​ការពិន័យ​ធ្ងន់ធ្ងរ​និង​អាច​​ជាប់គុក​ទៀត​ផង​។​

​អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​និយាយថា ប្រទេស​ខ្លះ​ចំណាយពេល​២០-៣០​ឆ្នាំ​ដើម្បី​លុប​បំបាត់​ជម្ងឺ​នេះ​បាន​ទាំងស្រុង ដែល​នេះ​មានន័យថា វៀតណាម​ប្រឈម​នឹង​ហានិ​​ភ័យ​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​ការនាំចេញ​សាច់ជ្រូក​នាពេល​អនាគត​។​

​វៀតណាម​ជា​ប្រទេស​ទី​៣​នៅ​អាស៊ី​ដែល​រង​ការវាយប្រហារ​ពី​ប៉េស្ត៍​ជ្រូក​អាហ្វ្រិក បន្ទាប់​ពី​ចិន​និង​ម៉ុង​ហ្គោលី​។​នៅក្នុង​លោក​មាន​ប្រទេស​និង​ទឹកដី​ប្រមាណ​២០​បាន​រាយការណ៍​​អំពី​ការផ្ទុះ​ជម្ងឺ​មិនទាន់មាន​ឱសថ​ព្យាបាល​នេះ​ចាប់​តាំងពី​ឆ្នាំ​២០១៧ និង​ជ្រូក​ជាង​១​លាន​ក្បាល​ត្រូវបាន​សម្លាប់​៕​ដោយ​៖វាសនា​

វៀតណាម​ផលិត​សាច់ជ្រូក​៣,៨២​លាន​តោន​កាលពី​ឆ្នាំ​២០១៨ ស្មើនឹង​៧២​ភាគរយ​នៃ​ផលិតកម្ម​សាច់​នៅ​ទូទាំង​ប្រទេស​