ប៉េស​ជ្រូក​អាហ្វ្រិក​ឆ្លងរាលដា​ល់​ដល់​ទីក្រុង​ហូ​ជី​មី​ញ​

409
ចែករម្លែក

​ក្រុង​ហូ​ជី​មី​ញ ដែល​ជា​ទីក្រុង​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​វៀតណាម បានប្រកាស​ការផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​(​ប៉េស​ជ្រូក​អាហ្វ្រិក​)​ជា​លើក​ទី​មួយ​របស់​ខ្លួន ដែលមាន​​ន័យ​ថា​៥៥​ខេត្ត​-​ក្រុង​ក្នុងចំណោម​៦៣​ខេត្ត​-​ក្រុង​នៃ​ប្រទេស​វៀតណាម បាន​ឆ្លង​ជំងឺ​នេះ​។​

​នាយកដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ក្រុង​ហូ​ជី​មី​ញ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​ថា ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​នេះ ត្រូវបាន​រកឃើញ​នៅ​កសិកដ្ឋាន​មួយ​នៅ​សង្កាត់​លេខ​៩​នៃ​ទីក្រុង​នេះ ។​

​លោក​ង្វៀន ភួក ជុង ប្រធាន​នាយកដ្ឋាន​កសិកម្ម​នេះ បាន​និយាយថា​ម្ចាស់​កសិដ្ឋាន​នេះ​បាន​ចិញ្ចឹម​ជ្រូក​ដោយ​ផ្តល់​ចំណីអាហារ​សល់​ពី​ភោជនីយដ្ឋាន ដោយ​និយាយថា នោះ​អាច​​ជា​មូលហេតុ​នៃ​ការឆ្លង​ជំងឺ​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ជ្រូក​ជាង​១៦០​ក្បាល​នៅ​កសិដ្ឋាន​នោះ​ត្រូវបាន​សម្លាប់​ចោល​ហើយ​ថា​ការផ្ទុះ​ជំងឺ​នេះ ត្រូវបាន​ដាក់​នៅ​ក្រោម​កា​រ​គ្រប់គ្រង​។

​សង្កាត់​លេខ​៩ គឺ​នៅ​ជាប់​ខេត្ត​ដុង ណាយ​ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ច្រើន​បំផុត​នៃ​ប្រទេស​នេះ​ហើយ​ខេត្ត​នេះ បាន​ឆ្លង​ជំងឺ​នេះ កាលពី​ខែ​មុន​។​

​បន្ទាប់​ពី​ទីក្រុង​ហូ​ជី​មី​ញ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក ចំនួន​សរុប​នៃ​ក្រុង​និង​ខេត្ត​ដែល​ឆ្លង​ជំងឺ​នេះ​នៅ​ប្រទេស​វៀតណាម នៅពេលនេះ គឺ​បាន​កើន​ដល់​៥៥​ខេត្ត​-​ក្រុង​​ក្នុងចំណោម​៦៣​ខេត្ត​-​ក្រុង ដោយ​រួមទាំង​ទីក្រុង​ធំ​ចំនួន​៤​ផ្សេងទៀត​គឺ​ទីក្រុង​ហាណូយ ទីក្រុង​ហាយ​ហ្វុង ទីក្រុង​កាន់​ធឺ និង​ទីក្រុង​ដា​ណាំង ។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​១១​ខែមិថុនា វៀតណាម​បាន​សម្លាប់​ជ្រូក​ឈឺ​ចោល​ចំនួន​២,៤៥​លាន​ក្បាល​។​

​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក មិន​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ​មិន​មាន​អត្រា​សម្លាប់​ជ្រូក​ឈឺ​លើ​៩០​ភាគរយ ប៉ុន្តែ​មិន​ឆ្លង​ដល់​មនុស្ស​ទេ​។​វា​បាន​ឆ្លង​ចូល​ប្រទេស​វៀតណាម ជា​លើកដំបូង ​កាលពីដើម​ខែ​កុម្ភៈ​ក្រោយពី​ផ្ទុះ​សម្លាប់ជ្រូល​យ៉ាង​រង្គាល​នៅ​ប្រទេស​ចិន ៕​ដោយ​៖​សុខា​/sn

បុគ្គលិក​ពេទ្យសត្វ​ក្រុង​ហូ​ជី​មី​ញ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​មួយ​នៅ​ជិត​កន្លែង​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នៅ​សង្កាត់​លេខ​៩​នៃ​ទីក្រុង​នេះ