ប៉េអឹមចាប់ខ្លួនជំទាវ កែវ រតនៈ ហៅចែហ្គេច លួចដុតរោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ

1104

ភ្នំពេញៈ ប៉េអឹមបានចាប់ខ្លួនជំទាវ កែវ រតនៈ ហៅចែហ្គេច បើកបររថយន្តម៉ាក៥៧០ ស៊េរី២០១៧ ពាក់ផ្លាកលេខ ខម ៦៧៦២ ពាក់ព័ន្ធការលួចដុតរោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីម៉ោងប្រមាណជា ១០ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះ។

ការចាប់ខ្លួនជំទាវ កែវ រតនៈ ហៅ ហ្គេច គឺបន្ទាប់ពីបានយកសាំងពីរកានចាក់ដុតរោងចក្រកែឆ្នែគ្រឿងសង្ហារឹមមួយកន្លែងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបើកឡានគេចខ្លួន។ ប៉ុន្តែសមត្ថកិច្ចកងរាជអាវុធហត្ថបានតាមចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយបាននាំទៅសួរចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍បានឲ្យដឹងថា ថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០ព្រឹក មានករណីអគ្គីភ័យ ឆេះរោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ-សហការជាមួយកំលាំងប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ឈើនាង ប្រជាការពារទាំង០២ឃុំ នឹងប្រជាពលរដ្ឋបានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យរបស់ទ័ពឆ័ត្រយោង ៩១១ អស់ចំនួន ០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០៦ឡាន បានរលត់ជាស្ថាពរ។ ខូចខាត ឈើកៅស៊ូចំនួន២០គីប។
តាមសាក្សីបំភ្លឺពីឈ្មោះ ឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករបានឃើញរថយន្តមួយគ្រឿង មានគ្នា០៤ទៅ០៥នាក់ ចូលទៅដុតឈើ ហើយបានគំរាមមិនអោយចូលពន្លត់ភ្លើងកំពង់ឆេះនោះទេ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន ឈ្មោះ កែវ រតនៈ ហៅចែហ្គិច ភេទស្រី បើកបររថយន្តម៉ាក៥៧០ ស៊េរី ២០១៧ ពាក់ផ្លាកលេខ ខម ៦៧៦២ ជាអ្នកដុត។