ប៉េអឹម​ខេត្ត​សហកា​ជាមួយ​ប៉ូលិស​ថៃ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​ឃាតកម្ម​លើ​អ្នកជំនួញ​ធំ​

680
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ប៉េអឹម​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​ប៉ូលិស​ថៃ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅលើ​អ្នកជំនួញ​ធំ នៅ​ប្រទេស​ថៃ​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ប្រស្រែ ឃុំ​ព្រៃញ្ញាត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​មន្ត្រី​ប៉េអឹម​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា ការសហការ​រហូតដល់​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ដែល​បាន​ធ្វើអំពើ​ឃាតកម្ម​ទៅ​អ្នកជំនួញ​ធំ​នៅ​ប្រទេស​ថៃ​នោះ ដឹកនាំ​ដោយ​លោក ចាក កា​លីន អនុវត្តតាម​ដីកា​ស្តីពី​ករណី​ឃាតកម្ម នៅ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ លើ​ឈ្មោះ ហៃ ស៊ូ​ឈើ​រី ភេទ​ស្រី អាយុប្រមាណ​ជាង​៥០​ឆ្នាំ ជា​អ្នកជំនួញ​ធំ ក្នុងប្រទេស​ថៃ​។​

​ប្រភព​បាន​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​ដីកា​របស់​តុលាការ​ថៃ​។​ ​ជនសង្ស័យ​ទាំង​០២​នាក់ ដែល​បាន​ឃាត់ខ្លួន​នោះ ឈ្មោះ អា​សី យា ហៅ​កូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ អា​នុ វ័ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​វត្ថុតាង​រួមមាន ម៉ូតូ​ចំនួន​០២​គ្រឿង កំ​ព្យុ​ទ័​រ​ចំនួន​០១​សម្ភារៈ​មួយចំនួនទៀត នៅ​ចំណុច​ភូមិ​ប្រស្រែ ឃុំ​ព្រៃញ្ញាត​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូនទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​បន្ត​នីតិវិធី​៕ ល​

#