ប៉េអឹម​ខេត្ត ស្ទាក់ចាប់​រថយន្ត មួយគ្រឿង ដឹក​សត្វព្រៃ ខុសច្បាប់ ជាង ៤០០ គីឡូក្រាម​

853
ចែករម្លែក

​ដោយ​: ប​.​ជ័យ /
​បន្ទាយមានជ័យ​៖ កង​រាជ​អា​អាវុធហត្ថ​ខេត្ត បាន​ស្ទាក់ចាប់ រថយន្ត​ដឹក​សត្វព្រៃ​ខុសច្បាប់ មួយគ្រឿង កាលពី​វេលា​ម៉ោង ១០:៤០​នាទី​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ដែល​ឈ្មួញ​បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង ហើយ​ដឹក​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៦ ដោយបាន​រឹបអូស​រថយន្ត​មួយគ្រឿង និង​សត្វព្រៃ​ជាច្រើន ជាង ៤០០ គីឡូក្រាម ហើយ​នៅ​ថ្ងៃទី​៦ សីហា ជនសង្ស័យ បាន​ត្រូវ​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​កាលពី​ថ្ងៃទី​៦ ខែសីហា​ថា​៖ រថយន្ត​ដឹក​សត្វព្រៃ​ខុសច្បាប់ មួយគ្រឿង​នោះ ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ស៊េរី ២០០៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-9183 ដឹក​សត្វព្រៃ​ខុសច្បាប់ ចេញពី​ប្រទេស​ថៃ មកកាន់​ទឹកដី​កម្ពុជា ឆ្ពោះទៅ​ខេត្តសៀមរាប នៅ​ចំណុច​មុខ​វិទ្យាល័យ​និមិត្ត ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​ជនសង្ស័យ បាន​បើករថយន្ត​បំ​បុក រថយន្ត​ស៊ែ​រ៉ែ​ន របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត និង​បើក​គេច​រហូតមកដល់ ចំណុច​សាលា​ក្រហម ស្ថិតក្នុង​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរជ្រៅ ហើយ​ជនសង្ស័យ បាន​សម្ងំ​លាក់ខ្លួន និង​ផ្លាស់ប្តូរ​ស្លាក​លេខ​រថយន្ត ពី​ស្លាក​លេខ​ចាស់ មក​លេខ ភ្នំពេញ 2V-9941 រួច​បន្តដំណើរ​ឆ្ពោះ ទៅ​ខេត្តសៀមរាប​។

ពេលនោះ​រថយន្ត​ស៊ែ​រ៉ែ​ន​របស់​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដេញតាម​ពីក្រោយ និង​ស្នើសុំ​កិច្ចសហប្រតិបត្តិការ ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ដោយ​ទទួលបាន​ការអនុញ្ញាត ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ រហូតដល់​ម៉ោង ២ រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ព្រះនេត្រព្រះ បាន​ស្ទាក់ចាប់​រថយន្ត ជនសង្ស័យ​ខាងលើ​បាន នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ពេលនោះ​ជនសង្ស័យ មិន​ព្រម​ឈប់​នោះទេ គឺ​ជនសង្ស័យ បាន​បើករថយន្ត​ទម្លាក់​ទឹកស្រះ ដោយ​ខ្លួនឯង ហើយ​ជនសង្ស័យ បាន​លោត​ចេញពី​រថយន្ត​។

​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​នាក់ ១-​ឈ្មោះ ប៊ា​ន ផា​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ២-​ឈ្មោះ យ៉ាន យេ​ង ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា និង​ដកហូត​វត្ថុតាង រួមមាន​៖ រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ស៊េរី​២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9941 សត្វ​អ​ន្ស​ង​ចំនួន ១៧ ក្បាល ស្មើនឹង ៦៩ គីឡូក្រាម (​ងាប់​) សត្វ​កន្ធាយ​ចំនួន ១០ ក្បាល​ស្មើនឹង ៤០ គីឡូក្រាម សត្វ​អណ្តើ​កសកល ចំនួន ២៧ ក្បាល ស្មើនឹង ១៧០ គីឡូក្រាម សត្វ​អណ្តើក​ស្រែ ចំនួន ១៧០ ក្បាល ស្មើនឹង ១៥៥ គីឡូក្រាម ស្លាក​លេខ​រថយន្ត ចំនួន​៨​សន្លឹក​។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​កម្លាំង​ជំនាញ កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​។ ចំណែក​វត្ថុតាង​សត្វព្រៃ ត្រូវបាន​ប្រគល់​ឲ្យ រដ្ឋបាល​ព្រៃឈើ ក្រុង​សិរីសោភ័ណ ៕