ប៉េអឹម​ចាប់ខ្លួន បុរស​ដែល​ទះកំផ្លៀង​ស្ត្រី​ម្នាក់ នៅ​ផ្សារកណ្តាល

409
ចែករម្លែក
  • 3
    Shares

​ដោយ ៖ ចាន់ តូ
​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​ប្រើ​អំពើហិង្សា ទះកំផ្លៀង​ស្ត្រី​ម្នាក់ ឱ្យ​ដួល​ដាច់​ផ្ងារ អុកគូទ​នៅ​នឹង​ថ្នល់ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​នោះ ត្រូវបាន​អាវុធហត្ថ រាជធានី​ភ្នំពេញ ប្រើ​វិធានការ​ត្រជាក់ នាំយកមក​ផ្តន្ទាទោស តាមច្បាប់ នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ នេះហើយ​។​

ជនដៃដល់​ឈ្មោះ​ ឡោ ប៊ុន​ភ័ក្ត្រ ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន

​ប្រភពព័ត៌មាន​មួយ នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រី​ម្នាក់​នោះ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​កំពុងតែ​ដើរ​តាមផ្លូវ ដែលមាន​ចរាចរណ៍​ណែនណាន់ តាន់តាប់ ហើយ​ជនសង្ស័យ បាន​បើករថយន្ត មក​កៀក​នឹង​ស្ត្រី​នោះ ស្ទើរតែ​ប៉ះ​គាត់​។ ស្ត្រី​នោះបាន​ខឹង ហើយ​ជេរ​បុរស ជា​អ្នកបើករថយន្ត​នោះ​។ បុរស​នោះ បានឮ និង​បាន​ចុះ​ពី​រថយន្ត ទាស់សំដី​គ្នា​ជាមួយ​ស្ត្រី​នោះ​។ ដោយ​អត់ទ្រាំ​នឹង​ការជេរប្រមាថ ពី​ស្ត្រី​នោះ​មិនបាន បុរស​នោះ ក៏បាន​ទះកំផ្លៀង​ស្ត្រី​នោះ ពេញទំហឹង​តែម្តង​។ រឿងនេះ​ក៏បាន​ធ្លាក់​ទៅដល់​ការអន្តរាគមន៍ ពី​កង​អាវុធហត្ថ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​អាវុធហត្ថ បាន​និយាយថា បន្ទាប់ពី​កម្លាំង​ជំនាញ របស់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានកំណត់​អត្តសញ្ញាណ រថយន្ត​របស់​ជនបង្ក ដឹងថា ជា​រថយន្ត​របស់​ក្រុមហ៊ុន​មួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានស្នើ​ទៅ​ក្រុមហ៊ុន ឱ្យ​ចេញមុខ​ទទួលខុសត្រូវ​។​

​មន្ត្រី​ដដែល បាន​បន្តថា ជាក់ស្តែង នៅ​ថ្ងៃទី​១១ មេសា​នេះ ក្រុមហ៊ុន បាន​សហការ​ជាមួយ សមត្ថកិច្ច​អាវុធហត្ថ ដោយ​នាំយក​ជនសង្ស័យ ទៅ​ប្រគល់​ដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ហើយ​។ ជនសង្ស័យ​មានឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ ជា​អ្នកបើកបរ រថយន្ត​ឲ្យ​ក្រុមហ៊ុន កំពុង​ត្រូវបាន​កម្លាំង​ជំនាញ របស់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ សួរនាំ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស តាមច្បាប់ ៕v