ប៉េអឹម​ចាប់​បុរស​ពីរ​នាក់​ដែល​បោក​ជនរងគ្រោះ​ជិត​១០០​នាក់​យកលុយ​រាប់ម៉ឺន​ដុល្លារ

869
ចែករម្លែក
ប៉េអឹម​ចាប់​បុរស​ពីរ​នាក់​ដែល​បោក​ជនរងគ្រោះ​ជិត​១០០​នាក់​យកលុយ​រាប់ម៉ឺន​ដុល្លារ

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប៉េអឹម​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ដែល​បាន​បោក​ជនរងគ្រោះ​ជិត​១០០​នាក់ យកលុយ​រាប់ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្របខ័ណ្ឌ​កងទ័ព​។ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។​


​ជនសង្ស័យ ឈ្មោះ ប៊ិន ឡា​ច ហៅ វ៉ែន សារ៉ាត់ ឆ្នាំ​កំណើត​១៩៦២ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែសីហា នៅ​ចំណុច​ភោជនីយដ្ឋាន ណាន​ជី​ង សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា និង ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ឆ្នាំ​កំណើត​១៩៧៣ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា​ត្រង់ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់ ផ្លូវ​១១៥​កែង​២៧៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​


ជនសង្ស័យ បាន​សារភាពថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច ប្តូរ​ឈ្មោះ​ជា យឹម គឹមហុង កុហក​ជនរងគ្រោះ​ថា ជា​បងប្អូន​ជីដូនមួយ​របស់​ឯកឧត្តម យឹម លាង ព្រមទាំង​កុហក​ជនរងគ្រោះ​ទៀតថា នៅពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្តម យឹម លាង នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ហើយ​គេ​អាច​បញ្ចូល​ក្របខ័ណ្ឌ​បាន ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្តិ ក្នុងនោះ​ថ្នាក់​វរសេនីយ៍ តម្លៃ ៥.៥០០​ដុល្លារ​, ទៅ ៦.០០០​ដុល្លារ​, ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤.៥០០​ដុល្លារ ទៅ ៥.០០០​ដុល្លារ​, ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣.៥០០​ដុល្លារ ទៅ ៤.០០០​ដុល្លារ​, ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០​ដុល្លារ​ទៅ ២.៥០០​ដុល្លារ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០​ដុល្លារ ទៅ ១.០០០​ដុល្លារ​។ ពួកគេ​បានធ្វើ​សកម្មភាព​បែបនេះ ឆបោក​ប្រាក់ ពី​ជង​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្របខ័ណ្ឌ​ឡើយ រហូត​មាន​ជនរងគ្រោះ​ម្នាក់​មានការ​សង្ស័យ ក៏​ប្តឹងទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕សរន