ប៉េអឹម​និង​មេព្រៃ ប្រមូល​ឈើ​ដែល​លាក់ទុក​រាយប៉ាយ​ក្នុង​ចម្ការ​

269
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ឈើ​អា​ឡាំង​ជ្រុងៗ​រួច ច្រើន​ដុំ​មានតម្លៃ​រាប់រយ​ដុល្លា ត្រូវបាន​ក្រុម​ឈ្មួញ​ដាក់​លាក់​រាយប៉ាយ​តាម​ចម្ការ​ក្រោយៗ​ផ្ទះ​ពលរដ្ឋ ហើយ​ត្រូវបាន​មេព្រៃ​និង​ប៉េអឹម ដើរ​ប្រមូល​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​។​

​សកម្មភាព​បង្ការ​និង​ទប់ស្កាត់​ក្រែង​មានការ​លួច​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស នៅពេលនេះ ធ្វើឡើង​ពី​សំណាក់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ដឹកនាំ​ដោយ​នាយរង​ផ្នែក​លោក​ស៊ុន ធី​រស់ រួមទាំង​ប៉េអឹម​ស្នាក់ការ​៧៦១​ដឹកនាំ​ដោយ​លោក​សាក់ សា​គុណ​នា​ព្រឹក​ថ្ងៃទី​១១​កញ្ញា​នេះ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​លោក​សាក់ សា​គុណ ប្រធាន​ស្នាក់ការ​ប៉េអឹម​៧៦១​បានអោយដឹងថា សមត្ថកិច្ច​បាន​ប្រមូល​ឈើ​សុ​ក្រំ​និង​គគីរ អា​ឡាំង​ជ្រុងៗ មាន​ប្រវែង​ជាង​២​ម៉ែត្រ ចំនួន​៣០​ដុំ យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ម្ចាស់​ពុំបាន​ចាប់ខ្លួន​នោះឡើយ ព្រោះ​មិនឃើញ​នៅ​និង​កន្លែង​ទុក​លាក់​ឈើ​។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បានបង្ហាញ​សុទិដ្ឋិនិយម​ថា បើ​សមត្ថកិច្ច​នៅតែ​បន្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដូច​ភ្លៀងរលឹម​នេះ ខេត្ត​សម្បូរ​ព្រៃឈើ​មួយ​នេះ និង​នៅ​គង់វង្ស​ព្រៃឈើ ទុកជា​កេ​ត្តិ៍​ដំណែល​អោយ​ក្មេងជំនាន់ក្រោយ យ៉ាងច្រើន​ក្រាស់ក្រៃ​៕ ល​

#