ប៉េអឹម​បញ្ជូន​ខ្លួន​មេក្លោង​បង្ខំ​ក្មេងៗ​ឲ្យ​ដើរ​សុំទាន​បញ្ជូនទៅ​តុលាការ​

344

(​ភ្នំពេញ​)៖ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ស្ត្រី​ម្នាក់ ឈ្មោះ ភួង ច​ន្នី អាយុ​៥០​ឆ្នាំ ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​រក្សាទុក​កុមារ​ដោយ​ខុសច្បាប់​។​

​ស្ត្រី​ខាងលើ រួមជាមួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ទៀត ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដូនពេញ​, មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ​, អង្គការ​ពន្លក​ថ្មី និង​អង្គការ IJM​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១ និង​៣០​នាទី នៅ​ចំណុច​មុខ​សណ្ឋាគារ​កា​ហ្សា ផ្លូវ​៤៧ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈដែល​ពួកគេ​បាន​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំទាន ហើយ​គេ​នៅ​មួយកន្លែង​ចាំ​យកលុយ​ពី​ក្មេងៗ​ព្រម​គ្នា​នោះ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រំដោះ​បាន​កុមារ​រងគ្រោះ​០៧​នាក់​(​ក្នុងនោះ​មាន​ទារក​០២​នាក់​)​។​

​ក្រោយពេល​ឃាត់ខ្លួន​ស្ត្រី​ជា​មេក្លោង​ខាងលើ បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រមូល​ក្មេងៗ ពី​ឳ​ពុក​ម្តាយ​ក្រីក្រ​និង​អ្នកសុំទាន​ផ្សេងទៀត ឲ្យ​មក​នៅ​ជាមួយ​ក្នុងនាម​ជា​កូនចៅ​ឬ​ក្មួយ ដើម្បី​ឲ្យ​ដើរ​សុំទាន ពិតប្រាកដ​មែន ហើយ​រូបគេ​ធ្វើបែបនេះ ប្រហែល​៧​ទៅ​៨​ឆ្នាំ​មកហើយ​។​

​ដោយឡែក​តាម​ការរៀប​រាប់​របស់​ក្មេងៗ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រំដោះ​បាន បាន​រៀបរាប់ថា ពួកគេ​មិនបាន​រៀនសូត្រ​ទេ​ហើយ​ទទួលទាន​អាហារ​ក៏​មិន​គ្រប់គ្រាន់​ដែរ និង​ត្រូវបាន​ស្ត្រី​ដែល​ឲ្យ​ពួកគេ​ហៅថា​ម៉ែ​គម្រាម ឲ្យ​ដើរ​សុំទាន​គ្រប់ពេលវេលា​ដោយមាន​បីកូន​ង៉ា​តូចៗ ដែល​មិនមែនជា​ប្អូន​របស់ខ្លួន​ជាប់​ជាមួយ​ផង ហើយ​ពួកគេ​ត្រូវ​ដើរ​សុំទាន​ទាំងយប់​ទាំង​ថ្ងៃ​ពិសេស​កណ្តាល​ភ្លៀង​ធ្លាក់​ផងដែរ​ដើម្បី​ទាញ​ក្តី​អាណិតអាសូរ ពី​អ្នក​ឲ្យ​ទាន​នៅតាម​មាត់ទន្លេ រមណីយដ្ឋាន​វត្តភ្នំ មុខ​សណ្ឋាគារ​កា​ហ្សា មុខ​វត្ត មុខ​វាំង​និង​តាម​ស្តុ​ប​កែង​ផ្លូវ​ផ្សេងៗ ក្នុង​មួយថ្ងៃ​ពួកគេ​ត្រូវ​ស្ត្រី​ខាងលើ​ដេញ​ឲ្យ​ទៅ​ដើរ​សុំទាន​ឲ្យ​បាន​ចន្លោះ​ពី​១​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​បើ​សុំ​មិនបាន​ឬ​បាន​តិចជាង​ចំនួន​កំណត់ ពួកគេ​នឹងត្រូវ​ទទួលពិន័យ ២០​រំពាត់​ឬ​ខ្សែភ្លើង​ទូរស័ព្ទ រហូត​មាន​ស្នាមរបួស​តាម​ខ្លួន ក្បាល និង​មុខ​។​

​បច្ចុប្បន្ន ក្មេងៗ​ទាំង​៧​នាក់​នោះ នៅ​មិនទាន់​អា​ចរក​ឪពុកម្តាយ​ពិតប្រាកដ​ពួកគេ​ឃើញ​នៅឡើយ​ទេ ហើយ​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ទីរ​សង្គម​កិច្ច​បាន​យក​ពួកគេ​ប្រគល់​ឲ្យ​អង្គការ​ពន្លក​ថ្មី ដើម្បី​ចឹ​ញ្ចឹ​ម​បីបាច់ មើលថែរក្សា​និង​ចូល​សាលា​រៀនសូត្រ​ផងដែរ​។ ចំណែក​ស្ត្រី​ម្នាក់ទៀត​ដែល​អាវុធហត្ថ​ឃាត់​មក​ជាមួយគ្នា គ្រាន់តែ​ជួយ​ពរ​កូនង៉ា​ឲ្យ​គេ​និង​មាន​សុខភាព​ទន់ខ្សោយ​ព្រោះ​កើត​ជម្ងឺអេដស៍​ធ្ងន់ធ្ងរ​ផង​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​៕ ដោយ ៖​មុនី​រ័ត្ន