ប៉េអឹម​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ ទៅ​តុលាការ​

242

បាត់ដំបង​៖ កម្លាំង​អាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ បាន​បញ្ជូន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​២​នាក់ និង​វត្ថុតាង​មួយចំនួនធំ ទៅ​តុលាការ ចាត់ការ​តាមច្បាប់​។ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវ​អាវុធហត្ថ​ស្រុក​រតនមណ្ឌល ចាប់ខ្លួនបាន​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចំការ​ល្មុត ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល និង​រឹបអូស​បាន​វត្ថុតាង​មួយ​ចំនូ​ន​ធំ​។​

​លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ទាំង​២​នាក់ ឈ្មោះ គុល យ៉េត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ល្មុត ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល និង សុខ សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ចំណែក​វត្ថុតាង​បទល្មើស ដែល​ដកហូត​បាន​មាន ១.​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៤​កញ្ចប់​តូច ២.​ម៉ូតូ​ចំនួន ២​គ្រឿង ៣.​ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង ៤. អាយកូម​ចំនួន​១​គ្រឿង និង​៥.​កាបូប​ដាក់​លុយ​ចំនួន​១ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួន​។​

​ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់ ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថ​តាង (​រូប​៖ គ្រញូង​)

​ម៉ូតូ​ធំ​១​គ្រឿង​និង​ម៉ូតូ​ចាស់​១​គ្រឿង (​រូប​៖ គ្រញូង​)​