ប៉េ​ប ហ្គា​ឌី​អូ​ឡា ទាមទារ​ឲ្យ​អាជ្ញាកណ្តាល​ការពារ​កីឡាករ​បន្ថែមទៀត បន្ទាប់ពី ខេ​វីន ដឺ​ប្រា​ញ់ ក្លាយជា​ជនរងគ្រោះ​

97

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បានស្នើ​ឲ្យ​អាជ្ញាកណ្តាល​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ ការលេង​ប្រកបដោយ​គ្រោះថ្នាក់ បន្ទាប់ពី ខេ​វីន ដឺ​ប្រា​ញ់ (Kevin De Bruyne) គឺជា​ជនរងគ្រោះ អំឡុងពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ប្រកួត​ស្មើ​ក្រុម Crystal Palace ០-០ ។​
​ ​
​ដឺ​ប្រា​ញ់ មាន​របួស បន្ទាប់ពី​ត្រូវ​កីឡាករ ជែ​សិន ផាន់​ឆន់ (Jason Puncheon) ទាក់​ជើង​ផ្តួល យ៉ាង​ពេញទំហឹង ស្របពេល​ក្រុម​ស៊ី​ធី​ត្រូវ​បាត់បង់​កីឡាករ ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស (Gabriel Jesus) ហើយ​លទ្ធផល​០-០​ធ្វើ​ឲ្យ​ក្រុម​ស៊ី​ធី​បញ្ចប់​ស្ថិតិ​ឈ្នះ​ជាប់​គ្នា​១៨​ប្រកួត​។ ជេ​ស៊ូ​ស ពោរពេញ​ដោយ ទឹកភ្នែក​ត្រូវបាន​សែង​ចេញ​ដោយសារ​របួស​ក្បាលជង្គង់ នៅ​តង់ ទី​១ ហើយ​អាច​នឹង​ខកខាន ការប្រកួត​ច្រើន​សប្តាហ៍​។​
​ ​
​អាជ្ញាកណ្តាល ចូ​ណា​ថា​ន ម៉ូ​ស (Jonathan Moss) បានត្រឹមតែ​ចេញ​កាត​លឿង ហើយ​កីឡាករ ទាំងពីរ​ត្រូវបាន​សែង​ចេញ​។ ក្រោយមក ដឺ​ប្រា​ញ់ ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​លើ​ទីលាន​ខណៈ​ក្រុម ជំនាញ​សុខភាព​របស់​ស៊ី​ធី​រង់ចាំ​មើលថា តើ​បញ្ហា​ជើង​របស់ ដឺ​ប្រា​ញ់ វិ​វ​ឌ្ឍ​យ៉ាងណា​ទៀត​។​

​ដឺ​ប្រា​ញ់ ប្រាកដជា​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Watford នៅ​ថ្ងៃ​អង្គារ ។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​អង្វរ​ក្រុមមន្ត្រី​អាជ្ញាកណ្តាល​ឲ្យ​ចាត់វិធានការ​តឹង​។ អំឡុងពេល​ក្រុម​ស៊ី​ធី ឈ្នះ​ក្រុម Spurs ៤-១ កីឡាករ ដេ​ឡេ អា​លី បាន​បង្ក​របួស​ដល់ ដឹ​ប្រា​ញ់ ផងដែរ ហើយ​អំឡុងពេល ស៊ី​ធី​ឈ្នះ​ក្រុម Newcastle ១-០ កីឡាករ ចា​កុប មឺ​ហ្វី (Jacob Murphy) បាន​ទាក់​ជើង​ផ្តួល​កីឡាករ អ៊ី​ល​ខាយ ហ្គា​ន់​ដូ​ហ្គែ​ន (Ilkay Gundogan) ផងដែរ​។
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ខ្ញុំ​សូម​សរសើរ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​អាជ្ញាកណ្តាល ត្រូវតែ​ការពារ​កីឡាករ​បន្ថែមទៀត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខេ​វីន ដឺ​ប្រា​ញ់ (Kevin De Bruyne)