ប៉ែន ចំ​រ៉ុង រៀបការ​ជាថ្មី ខណៈ​អតីត​ភរិយា​បង្ហោះ​សារ​ថា​អត់​ខ្វល់​!

307
ចែករម្លែក

ភ្នំពេញៈ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ប៉ែន ចំ​រ៉ុង ជា​តារា​ល្បី​បាន សម្រេចមង្គលការ​ជាមួយ​ភរិយា​ថ្មី​យ៉ាង​ស្រស់ស្អាត​មិន​ចាញ់​អតីត​អ្នកនាង ភិន សុ​ដា​លី​ស បន្ទាប់ពី​បាន​ទាក់ទង​យល់ចិត្ត​ថ្លើម​គ្នា​រួចមក​។​

​មហាជន​ខ្លះ​ប្រាកដ​បានដឹងហើយថា ជីវិត​ស្នេហា​រវាង​ពិធីករ​រូប​សង្ហានេះ លោក ប៉ែន ចំ​រ៉ុង រួមជាមួយ​នឹងភរិយា​ដ៏​ស្រស់​សោភា​មួយ​រូបនេះ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែមខ្លាំងណាស់ រហូត​សម្រេចចិត្ត​ក្រាប​សំពះ​ផ្ទឹម​ក្នុង​ឈុត​សម្លៀកបំពាក់​ចងក្បិន​បុរាណ​ខ្មែរ បែប​កូន​កំលេាះ កូនក្រមុំ​បែបនេះ ដោយមាន​មិត្ត​ភ័ក្តិ បងប្អូន និង​ចាស់ទុំ​មេបា​ទាំងសងខាង​ដឹង​លឺជា​សាក្សី ខុសពី​អតីត​ភរិយា​មុន គឺ​អ្នកនាង ភិន សុ​ដា​លី​ស​។ ភរិយា​ទី​ពីរនេះ ឈ្មោះ ហ៊ុន ម៉ា​ណេ អាយុ​២៥​ឆ្នាំ​ប្លាយ​។​

​ក្នុង​ថ្ងៃ​មង្គល​របស់លោក ប៉ែន ចំ​រ៉ុង បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត​ឱ្យដឹងថា លោកស្គាល់​ភរិយា​លោក ដោយ​មុនដំបូង​ឡើយ​គឺ​នាង​ជាអ្នក​គាំទ្រ​របស់គាត់​រហូត​យូរៗ​ទៅសួរនាំ​រាប់អាន​គ្នា​ឈានដល់​ថ្ងៃ​ណាត់​ជួបគ្នា​និង​មើលចិត្ត​មើល​ថ្លើម​ស្រឡាញ់គ្នា​។ បន្ទាប់មក​ក៏​រហូត​មាន​មង្គលការ​ថ្ងៃនេះ​។ លោក​សូម​សរសើរ​ដល់​ភរិយាលោក​ជាប់​ជានិច្ច ទោះបីជា​លោក​មានរឿង​អ្វី​ក៏ដោយ​ក៏​ភរិយា​របស់លោក​តែងតែ​ផ្តល់​កម្លាំងចិត្ត​ជានិច្ច​។ ជាពិសេស​នាង​មិន​ប្រកាន់​រឿងរ៉ាវ​របស់លោក​ពី​អតីតកាល​ឡើយ​។

​សម្រាប់​អ្នក​មេម៉ាយ​កូន​មួយ​ អ្នកនាង ភិន សុ​ដា​លី​ស វិញ​បាន​សរសេរ​រៀបរាប់​លើហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា “​ជីវិត​ជា​ជម្រើស យើង​អាច​ជ្រើសរើស​ថាយើង​ចង់​ដើរ​តាមផ្លូវ​ជីវិត​បែបណា ធ្វើជា​មនុស្ស​បែបណា រស់នៅ​បែបណា​។ យើង​ប្រាថ្នាអ្វី​ក៏បាន​ដែរ វា​សុទ្ធតែជា​កម្មសិទ្ធិ​របស់​យើង​ទេ​។ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ខ្វល់ខ្វាយ​គឺ​ត្រូវតែ​ធ្វើជា​មនុស្ស​ល្អ មនុស្ស​ត្រឹមត្រូវ មិន​ធ្វើ​អាក្រក់​ដើម្បី​បំផ្លាញ​អ្នកដទៃ​”​។

​សូមបញ្ជាក់ថា តារា​រូបនេះ​ស្ទើរ​ញញឹម​បិទមាត់​ពុំ​ជិត​ឡើយ​ដែល​ថ្ងៃ​ចូលរួម​ការ​របស់លោក​នោះ មាន​តារា​កំប្លែង ចម្រៀង​ល្បីៗ ដល់​ទៅ​៣​គូចូលរួម​កាត់សក់​ផងដែរ​។ តារាកំប្លែង និង​ចម្រៀង​ល្បី​ទាំងបី​គូ​នោះ​រួមមាន នាយ គ្រឿន ជាមួយ​អ្នកនាង ខ្ញុង​, អ្នកនាង ខាត់ សុ​ឃីម ជាមួយ​នាយ ចាប ចៀន​, និង លោក ខាត់ ចំរើន ជាមួយ​អ្នកនាង កា​តុ​។

​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​បាន​ប្រព្រឹត្តទៅ​យ៉ាង​សប្បាយរីករាយ និង​មាន​ភាព​អធិកអធម​ខ្លាំងណាស់ ក្រោម​វត្តមាន​របស់តារា​ល្បីៗ​ជាច្រើន​មកចូលរួម​អបអរសាទរ​នៅ វិមាន​ពិភពថ្មី​សែន​សុខ​៕ ដោយៈ បូ​រិ​ន​/Ha