ប៉ោ ភា​រិ​ទ្ធ និង ឆាង ស៊ើ​ក ជា​គូ​ដែល​គេ​ចាប់អារម្មណ៍ ខ្លាំងជាងគេ​

272
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ​ទម្ងន់ ៦៣,៥០ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ថ្ងៃទី​១៩ តុលា ខាងមុខនេះ ក្នុងចំណោម​អ្នក​ប្រដាល់ ចំនួន ២ គូ គេ​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​ជំនួប រវាង​អ្នក​ប្រដាល់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ជាមួយ​អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក (Chhang Soek) ។​

​នេះ​ជា​ជំនួប​លើក​ទី​២ របស់​ពួកគេ​ទាំង ២ ។ ជំនួប​ដំបូង ភា​រិ​ទ្ធ បានទទួល​ជ័យជំនះ ក្នុងខណៈដែល ឆាង ស៊ើ​ក ទទួល​បរាជ័យ ដោយសារតែ​រក្សា​ទម្ងន់ មិនបាន​។ អ្នក​ប្រដាល់​ថៃ រូបនេះ ពុំ​ធ្លាប់​ចាញ់​លើទឹក​ដី​កម្ពុជា​ឡើយ ។​

​គេ​មក​កម្ពុជា​លើកដំបូង ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ ។ មក​លើក​ទី​២ គេ​ផ្ដួល សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេស​ថ្ង​ក ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​។ មក​លើក​ទី​៣ ប្រកួត​ស្មើ រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក​ដោយ​ពិន្ទុ​។

ប៉ោ ភា​រិ​ទ្ធ និង ឆាង ស៊ើ​ក​

​ភា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដែល​ល្អ​ទាំង​កណ្ដាប់ដៃ កែង ជង្គង់ និង​ទាត់​ចេញ​បាន​រហ័ស មិនតែប៉ុណ្ណោះ គេ​ចេះ​ប្រើ​ជើង​រារាំង​គូប្រកួត មិន​ឲ្យ​ចូល​កៀក​ខ្លួនគេ បាន​ទៀតផង ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ៧៣​ដង ឈ្នះ​៦២​ដង ចាញ់​១១​ដង និង​វាយ​គូប្រកួត ឲ្យ​សន្លប់​បាន ចំនួន​២២​ដង ។​

​ចំពោះ ឆាង ស៊ើ​ក វិញ គេ​ក៏​មិនមែនជា​ដុំ​សាច់ ដែល​ស្រួល​ទំពារ​នោះទេ ។ ទាំង​កណ្ដាប់ដៃ ជង្គង់ កែង ពិសេស​ស្នៀត​ទាត់​របស់គេ បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា ២ រូប​ហើយ សន្លប់​ធំ ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៥៩​ដង និង​ចាញ់​១៩​ដង ។ ឆាង ស៊ើ​ក អាច​ប្រជែង​ជ័យ​ជំះ ជាមួយ ប៉ោ ភា​រិ​ទ្ធ បាន​ឬទេ ?​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ លូ​ម ឡេង (Loom Leng) ដែលជា​អ្នក​ប្រដាល់ ពូកែ​ជើង មួយរូប​ដែរនោះ​។ មួយ​ប្រកួត​ដំបូង របស់​សារ​ដ្ឋ បានទទួល​ជ័យជំនះ ដោយសារតែ​គូប្រកួត រក្សា​ទម្ងន់​មិនបាន រីឯ លូ​ម លេង វិញ មួយ​ប្រកួត​របស់គេ​ដំបូង ជួប​បរាជ័យ នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់​ពួកគេ​ទាំង ២ ។​

រិ​ន សារ​ដ្ឋ និង លូ​ម លេង​

​លូ​ម លេង ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ទម្ងន់​ជើង​របស់គេ​ធ្លាប់​ស៊ី​ក​ញ្ចឹ​ង ក អ្នក​ប្រដាល់​កម្ពុជា បាន​មិនតិច​នាក់​ឡើយ មិនតែប៉ុណ្ណោះ​កណ្ដាប់ដៃ និង កែង​របស់គេ មិនអាច​មើលស្រាល​បានដែរ ។ ចំពោះ​សារ​ដ្ឋ វ៉ៃ​ច្រើន តែ​ប្រហែស មើលស្រាល​គូប្រកួត និង​វ៉ៃ​ពេលខ្លះ ចូលចិត្ត​ប្ដូរ​ទៀតផង ។​

​សារ​ដ្ឋ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៩​ដង ឈ្នះ​៤៥​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ លូ​ម លេង វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨២​ដង ឈ្នះ​៦៧​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ លូ​ម លេង អាច​យកឈ្នះ រិ​ន សារ​ដ្ឋ បាន​ឬទេ ? ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​