ប៉ះទង្គិច​កើតឡើង​ខណៈ​ក្រុមប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​ព្យាយាម​នាំ​ជំនួយ​ចូល​

587
ចែករម្លែក
  • 222
    Shares

​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​កុម្ភៈ​បាន​ប្រយុទ្ធ​តស៊ូ​តាម​ព្រំដែន​ទល់​នឹង​ពួក​អ្នកគាំទ្រ​ក្រុមប្រឆាំង​ដែល​បាន​ព្យាយាម​នាំ​ជំនួយ​ចូល​ក្នុងប្រទេស​​ដើម្បី​បំផ្លាញ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ​។​

​គេ​មិនដឹង​ច្បាស់​ថា​តើ​ការប្រឈមមុខ​នេះ​អូសបន្លាយ​ពេល​យូរ​ប៉ុណ្ណា តែ​លោក​ម៉ា​ឌូ​រ៉ូ ហាក់​មាន​ប្រៀប​ដោយ​អាច​បញ្ចៀស​ការ​បង្ហូរឈាម រក្សា​អោយ​យោធា​នៅ​តែ​ស្មោះ​នឹង​លោក​​និង​ទប់​មិន​អោយ​ជំនួយ​អាមេរិក​ចូល​ក្នុង​ប្រទេស​បាន​។​

​នៅ​ជិត​ចំណុច​ឆ្លងកាត់​ព្រំដែន​ប្រេ​ស៊ីល មនុស្ស​៤​នាក់​ត្រូវបាន​សម្លាប់ ក្នុង​ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។​នៅ​ខាង​ព្រំដែន​ជាប់​កូឡុំប៊ី ទាហាន​បាន​បាញ់​ឧស្ម័ន​ហៀរ​​ទឹកភ្នែក​និង​គ្រាប់​ជ័រ​បណ្តេញ​អ្នកគាំទ្រ​មេដឹកនាំ​ក្រុម​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ ដែល​បាន​អំពាវនាវ​អោយ​កងទ័ព​ចុះចូល​និង​អនុញ្ញាត​អោយ​នាំ​ជំនួយ​ជា​ស្បៀង​និង​ថ្នាំពេទ្យ​ចូល​។​

​បើ​តាម​ទីភ្នាក់ងារ​អន្តោប្រវេសន៍​កូឡុំប៊ី ទាហាន​២៣​នាក់​បាន​សុំ​ការ​ជ្រកកោន​តែ​ចលនា​នាំ​ជំនួយ​ចូល​ត្រូវ​បាន​ទប់ស្កាត់​ជា​ទូទៅ​។​ពួក​អ្នក​តវ៉ា​បាន​ដុត​កង់ឡាន​និង​រថយន្តក្រុង​​ខណៈ​ក្រុម​ជីវពល​ដែល​ពាក់​ម៉ាស​មុខ​និង​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​ជិះ​ម៉ូតូ​ចូល​បំបែកហ្វូង​អ្នក​តវ៉ា​និង​បាញ់​ឡើង​លើ​។​

​ក្នុងពេល​ជាមួយគ្នា លោក​ម៉ា​ឌូ​រ៉ូ បាន​និយាយ​តាម​ទូរទស្សន៍​ថា កងកម្លាំង​របស់​លោក​បាន​បណ្តេញ​ចេញ​ការឈ្លានពាន​មួយ និង​ថា​លោក​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កូឡុំប៊ី​។​

​លោក​បាន​ប្រកាសថា​«​រដ្ឋប្រហារ​បាន​បរាជ័យ​។​យើង​បាន​បង្ក្រាប​វា​»​។​

​ស្ពាន​និង​បណ្តា​ទីប្រជុំជន​ព្រំដែន​នៅ​ម្តុំ​ទីក្រុង​គូ​គូ​តា របស់​កូឡុំប៊ី កន្លែង​ដាក់​ជំនួយ​មនុស្សធម៌​អាមេរិក បាន​ប្រែក្លាយ​ជា​កន្លែង​ពោរពេញ​ដោយ​ផ្សែង ភ្លើង​និង​ស្នូរ​កាំភ្លើង​។​នៅ​​ក្រុង​ប៉ា​កា​រ៉ា​យ​ម៉ា របស់​ប្រេ​ស៊ីល រថយន្ត​ធំ​២​ដឹក​ថ្នាំពេទ្យ​និង​ស្បៀង​បាន​ធ្វើដំណើរ​ចូល​តំបន់​ព្រំដែន តែ​មិន​អាច​បន្ត​ទៅមុខ​ទៀត​បា​ន​។​ក្រុម​ជីវពល​នៅ​ជិតៗ​នោះ បាន​បាញ់​​ប្រជាជន​ដែល​ប្រឆាំង​កងកម្លាំង​ដែល​រារាំង​ជំនួយ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា​រាល់​ជំរើស​ស្ថិតនៅ​លើ​តុ បើវេ​ណេ​ស៊ុយអេ​ឡា​បន្តរា​រាំងកា​រនាំ​ជំនួយ​ចូល​៕​ដោយ​៖​វាសនា​