ប៊ុត សីហា ទោះបីជា​មានរឿង​អាស្រូវ​ ក៏​នៅតែ​អាច​លេចមុខ​និង​ឈរជើង​នៅលើ វិថី​សិល្បៈ​បន្ត​

774
ចែករម្លែក

​ភ្នំពេញ​៖ ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង the Voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា ទោះបី​ជាមាន​ព័ត៌មាន​រឿងអាស្រូវ​ជាច្រើនលើក​ច្រើនសា​ក៏ដោយ ក៏​នៅតែ​អាច​លេចមុខ​ច្រៀង​បន្តទៀត ។​

​ក្រោយពី​ស្ងាត់​មួយរយៈ​ដោយសារ​រឿងអាស្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន លោក ប៊ុត សីហា ស្រាប់តែ​លេចមុខ​ច្រៀង​និង​សម្តែង​ក្នុង​បទ​ចម្រៀង ជា​លើកដំបូង​របស់ខ្លួន​ក្នុងបទ​ចម្រៀង​ថ្មី​នេះ​មាន​ចំណងជើង​ថា “​បង​មិនទាន់​ចាស់​ទេ​” ដែល​កំពុង​ទាក់ទាញអារម្មណ៍​អ្នក​ស្តាប់​ជាច្រើន នៅក្នុង​ផលិតកម្ម​ថ្មី​មួយ​គឺ​ផលិតកម្ម ចប​(JOB)​។​

​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​តារាចម្រៀង ប៊ុត សីហា បាន​បញ្ចេញស្នាដៃ​ចម្រៀង​នៅផលិតកម្ម​ថ្មី​អមដោយ​ការសម្តែង​ផ្ទាល់​លើកដំបូង​នោះ​។ ការសម្តែង​ក្នុង​បទ​ថ្មី​នេះ ត្រូវបាន​គេ​ដឹងថា​លោក​បាន​បញ្ចេញ​ព្រម​គ្នា​ទាំង​Audio Lyrics និង​MV ។

​ការសម្តែង​បទ​ថ្មី​នេះ​ត្រូវបាន​ដឹកនាំ​សម្តែង​ដោយ​កវី សយ រតនា និង​និពន្ធ​ទំនុកច្រៀងដោយ លោក សុខ​លីម រក្សា ព្រមទាំង​ស​ម្រួ​សបទ​ភ្លេង​ដោយ លោក អ៊ិ​ច សំណាង​។

​បទ​ចម្រៀង​មនោសញ្ចេតនា​ស៊ីជម្រៅ​នេះ​ក៏​ទាក់ចិត្ត​អ្នក​ស្តាប់​និង​ទស្សនា​ជាច្រើន​ដែរ​តាមរយៈ​ទឹកដម​សំនៀង និង​ការ​ផ្តិត​យក​រូបភាព​ផ្ទាល់​នៅ​តំបន់​កម្សាន្ត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយចំនួន​។ គេ​នៅ​មិនដឹង​ទេ​ថា​តើ​តារាចម្រៀង​រូបនេះ​បាន​ចុះ កិច្ចសន្យា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ក្នុងផលិតកម្ម​ថ្មី​មួយ​នេះ​នៅឡើយ​ទេ​ ប៉ុន្តែ​តាមរយៈ​ស្នាដៃ​បទ​ចម្រៀង​នេះ​គេ​ក៏បាន​ឃើញផលិតកម្ម មរតក មេ​ឌៀ យកមក​ធ្វើការ​ផ្សព្វផ្សាយ​ផងដែរ​។

​បើ​យោងតាម​ប្រភព​អ្នក​ជិតដិត​នឹង​តារាចម្រៀង​រូបនេះ​បញ្ជាក់ថា តារាចម្រៀង​រូបនេះ សម្រេចចិត្ត​បញ្ចេញស្នាដៃក្នុង​ផលិតកម្ម​ថ្មី​ក្រោយពី​ស្ងប់ស្ងាត់​បាត់​មុខ​លើ​ឆាក​តន្ត្រី​ធំៗ មួយរយៈ​ពេល ។

​ប្រភព​ដដែល​ឱ្យដឹងថា តារាចម្រៀង​រូបនេះ​ក៏​នឹង​បញ្ចេញស្នាដៃ​សម្តែង បទ​ចម្រៀង​ថ្មីៗ របស់ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ ដើម្បី​ស្តារឡើងវិញ​នូវ​ប្រជាប្រិយភាព​និង​ទីផ្សាររបស់ខ្លួន​៕ ដោយៈ បូ​រិ​ន/Ha