ប៊ូ​អ៊ីង​បញ្ចេញ​យន្តហោះ​ដឹក​អ្នកដំណើរ​វែង​បំផុត​ក្នុង​លោក​

365
ចែករម្លែក

​យន្តហោះ​ធុន Boeing 777X ដំឡើង​រួចរាល់​ដំបូងបង្អស់​ដែលជា​យន្តហោះ​អ្នកដំណើរ វែង​បំផុត​ក្នុង​ពិភពលោក​ជាមួយ​ប្រវែង​ដល់​ទៅ ៧៧ ម៉ែត្រ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ គួរឱ្យភ្ញាក់ផ្អើល​។​
​ ​
យន្តហោះ​នេះ ត្រូវបាន​បង្ហាញ​ក្នុង​ពិធី​មួយ​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing នៅ​អ៊ី​វើ​រិត (Everett) សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែមីនា​។
​ ​
ប៉ុន្តែ​ដើម្បី​គោរព​ដល់​ជនរងគ្រោះ​ទាំង ១៥៧ នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង សោកនាដកម្ម ធ្លាក់​យន្តហោះ Boeing 737 Max 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី (Ethiopian Airlines) កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ ពិធី​បង្ហាញ​យន្តហោះ​នេះ មិនត្រូវ​បានរៀបចំ​ហ‍៊ិ​ក​ហ‍​៊ា​ក់​ទេ ដោយ​មានតែ​បុគ្គលិក​ក្រុមហ៊ុន Boeing​ចូលរួម ប៉ុណ្ណោះ​។
​ ​
ក្រុមហ៊ុន​អះអាងថា យន្តហោះ 777X នឹង​ក្លាយជា​យន្តហោះ​អ្នកដំណើរ​ម៉ាស៊ីន​ភ្លោះ ដែល​ធំ​បំផុត និង​សន្សំសំចៃ​បំផុត​ក្នុង​ពិភពលោក ដោយ​សន្សំសំចៃ​ឥន្ធនៈ​បាន​ជាង ១២ ភាគរយ និង​ចំណាយ​ប្រតិបត្តិការ​ទាប​ជាង ១០ ភាគរយ​បើ​ធៀប​ទៅនឹង​យន្តហោះ របស់​ក្រុមហ៊ុន​ប្រជែង​។​
​ ​
លក្ខណៈពិសេស​របស់​យ​ន្ត​ហោះ​នេះ​មានដូចជា​៖ អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជាង ៤០០ នាក់ អាច​ហោះហើរ​បាន​ឆ្ងាយ​ជាង​ស៊េរី​មុនៗ ពោលគឺ​អាច​ហោះ​បាន​រហូតដល់ ទៅ ១៦.១១០ គីឡូម៉ែត្រ​។
​ ​
តាម​ការរំពឹងទុក ការប្រគល់​យន្តហោះ​ឱ្យ​អតិថិជន​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២០ រីឯ​តម្លៃ អាច​នឹង​ខ្ពស់​មិនធម្មតា​រហូតដល់ ៤០០ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​៕ ប្រែ​សម្រួលៈ ខុម