ប្ដី​ប្រពន្ធ​លី​ទុយ​អា​នី លើក​ពាន “​ជើងឯក​អៀវ​ប្រពន្ធ​ពិភពលោក​” ពីរ​ឆ្នាំ​ជាប់​គ្នា​

598
ចែករម្លែក

ប្ដី​ប្រពន្ធ​ជនជាតិ​លី​ទុយ​អា​នី មួយគូ​បានឈ្នះ​តំណែង “​ជើងឯក​អៀវ​ប្រពន្ធ​ពិភពលោក​” (World Wife Carrying Title) ពីរ​ឆ្នាំ​ជាប់​គ្នា​គួរឱ្យ​ស្ញើ​ច​សរសើរ​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​នៅក្នុង​ការប្រកួត បុរសៗ​ត្រូវ​អៀវ​ប្រពន្ធ ដោយ​ប្រពន្ធ​ត្រូវ​ខ្ទាស់​ជើង​ឱ្យ​ជាប់​នឹង​ក​ប្ដី ហើយ​ដាំ​ក្បាល​ចុះក្រោម​ពីក្រោយ​ខ្នង​ប្ដី​។ ពេល​ត្រៀម​រួចហើយ បុរសៗ​ដែលជា បេក្ខជន​ត្រូវ​អៀវ​ប្រពន្ធ​រត់ប្រណាំង​លើដី​រាបស្មើ ហើយ​លោត​ចុះ​ទឹក​ជម្រៅ​ត្រឹម​ចង្កេះ រួច​ឡើងគោក និង​លោត​កន្លង​ឈើមូល​ដាក់​ទទឹងផ្លូវ ហើយ​រត់​បន្ត​រហូតដល់​ទី ផ្តាច់ព្រ័ត្រ​។
​ ​
ទីបំផុត បុរស​ជនជាតិ​លី​ទុយ​អា​នី វី​តូ​តាស គើ​គ្លី​យ៉ូ​ស្កាស (Vytautas Kirkliauskas) និង​ប្រពន្ធ ណេ​រីង​ហ្គា គើ​គ្លី​យ៉ូ​ស្គៀ​ន (Neringa Kirkliauskiene) បាន​រត់​ដល់ទី​ផ្តាច់ព្រ័ត្រ ចម្ងាយ ២៥៣,៥ ម៉ែត្រ​មុនគេ​ដោយ​ប្រើ​ថិរវេលា​ត្រឹមតែ ១ នាទី និង ៦,៧៦ វិនាទី​។​
​ ​
សូមបញ្ជាក់ថា ប្ដី​ប្រពន្ធ​មកពី​ប្រទេស​ជាង ១០ រួមទាំង​ប្រទេស​អូស្ត្រាលី បារាំង និង​អាល្លឺម៉ង់ ផង​ក៏បាន​ចូលរួម​ការប្រកួត​ប្រចាំឆ្នាំ​ដែល​រៀបចំឡើង​នៅ​ក្រុង​សុន​កាចា​វី (Sonkajarvi) ប្រទេស​ហ្វាំ​ង​ឡង់ នេះដែរ​៕ ប្រែ​សម្រួលៈ​ខុម​