ប្ដី​វាយ​ប្រពន្ធ​បាក់ដៃ​រួច​យក​កាំបិតផ្គាក់​កាប់​រហូតដល់​ស្លាប់​

221
ចែករម្លែក

ដោយៈ​សុផាន់​/​កណ្តាលៈ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​របស់ខ្លួន​បណ្តាលឱ្យ​បាក់ដៃ​និង​យក​កាំបិត​កាប់​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ចំណុច​វាលស្រែ​ភូមិ​ត្រពាំង​ពុទ្រា​ឃុំ​ទំនប់​ធំ​ស្រុក​ពញាឮ​ខេត្តកណ្តាល​។​

​ប៉ូលិស​បានឱ្យដឹង​ថាជ​ន​រងគ្រោះ​ឈ្មោះ​យ៉ា​ត​ស្រី​ពៅ​អាយុ​៤៥​ឆ្នាំមាន​មុខរបរ​រក​ក្ដាម​លក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។​ចំណែក​ប្តី​ជា​ជនដៃដល់​ឈ្មោះ​ឃុ​ត​សុផល​អាយុ​៤៦​ឆ្នាំ​មុខរបរ​សន្តិសុខ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគា​នៅ​ខេត្តកណ្តាល​ពីបទ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​វេលា​ម៉ោងជាង​៧​យប់​ជនសង្ស័យ​បាន​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​ហើយ​ពេលនោះ​មានឈ្មោះ​ឌុ​ច​ពេជ្រ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយ​បាន​ចូលទៅ​ជួយ​ឃាត់​។​ជនសង្ស័យ​បាន​និយាយថា កុំ​ចេះដឹង​រឿង​ខ្ញុំ រួចហើយ​ឈ្មោះ​ឌុ​ច​ពេជ្រ​បាន​ដើរចេញ​។ គេ​បានឃើញ​ជនសង្ស័យ​កាន់ដំបង​ប៉ុនកដៃ​កូនក្មេង​ប្រហែល​ប្រវែង​មួយ​ម៉ែត្រ​ជាង​ចំនួន​មួយ​កំណាត់ និង ដៃ​ម្ខាង​ទៀត កាន់​កាំបិតផ្គាក់ ។​

​ចំណែក​ជនរងគ្រោះ​កាន់​ធុង​ជ័រ​ពណ៌​ក្រហម​រួច​នាំគ្នា​ដើរ​ទៅរក​ក្តាម​នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ​បាត់ទៅ​។ លុះដល់​វេលា​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២១ ខែ វិច្ឆិកា ជនសង្ស័យ បាន​ដើរមក​ប្រាប់​ឈ្មោះ​សន​សុខ​ឃីម​ភេទ​ស្រី​ត្រូវជា​ប្អូនបង្កើត​ជនរងគ្រោះ​ថា​៖​ទៅយក​បង​ហ្អែ​ង​ទៅ​ពេទ្យ​ផង ព្រោះ​អញ​វាយ​បាក់ដៃ​នៅ​វាលស្រែ​ខាងកើត​ភូមិ​។​

​ពេលនោះ​ឈ្មោះ សន សុខ​ឃីម បាន​ឆ្លើយតប​វិញ​ថា ទៅ​មិនកើត​ទេ​ព្រោះ​យប់​ហើយ បន្ទាប់មក ជនសង្ស័យ​ក៏​ដើរ​ចេញទៅ​បាត់ទៅ​។​លុះ​ព្រឹក​ឡើង​មាន​ប្រជាពលរដ្ឋ​បាន​ដើរទៅ​ស្រែ​បានឃើញ​សាកសព​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​ស្រែ​ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យ​លើ​ខ្លួន​សាកសព ។​

​តាម​ការសន្និដ្ឋាន​គឺ​ជនសង្ស័យ​ខាងលើ​បាន​វាយ​ជនរងគ្រោះ​ឱ្យ​បាក់ដៃ​រួចហើយ​ជនសង្ស័យ​បាន​យកដៃ​សង្កត់ក​ជនរងគ្រោះ​និង​កាប់​លើ​ក្បាល​ផ្នែក​ខាងក្រោយ​ជំរៅ​ដល់​លលា​ដ៏​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​។​បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

រូបភាពៈនគរបាលខេត្តកណ្តាល