ប្តីសម្លាប់ប្រពន្ធនៅស្រុកកំពង់​​សៀម​ផ្តើមចេញពីភ្លើងប្រច័ណ្ឌ​

203
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ នគរបាលបានចាប់ខ្លួនបុរសជាជនសង្ស័យដែលបាន ប្រើអំពើហិង្សាវាយដំលើស្រ្តីជាភរិយាបណ្តាលឳ្យស្លាប់ យកសាកសពទៅប្លុងចោលក្នុងព្រៃ ស្រុកកំពង់សៀមនោះហើយ ក្រោយពីជននេះបានទៅសម្ងំលាក់ខ្លួនខាងក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៩ កុម្ភ:។ ជនសង្ស័យរូបនេះបានឆ្លើយសារភាពការដែលខ្លួនវាយសម្លាប់ គឺដោយសារស្រ្តីជាប្រពន្ធមានទំនាក់ទំនងជាមួយបុរសដទៃ។

មន្រ្តីនគរបាលដែលបានរួមប្រតិបត្តិការចាប់ខ្លួនបុរសម្នាក់នេះបានប្រាប់កាសែតរស្មីកម្ពុជាថា បុរសជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ណេន ប៉ឹក អាយុ ២៥ ឆ្នាំ គឺជាប្តីរបស់ស្រ្តីឈ្មោះ ចាន់ ធូ អាយុ ៣៧ ឆ្នាំ ត្រូវបានឃាតកសម្លាប់យកសាកសពទៅប្លុងចោលក្នុងព្រៃ ក្បែរផ្លូវលំស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀមកាលពីព្រឹកថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០២។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ឈ្មោះ ណេន ប៉ឹក ជាជនសង្ស័យបានឆ្លើយសារភាព គឺខ្លួនពិតជាបានសម្លាប់ស្រ្តីជាប្រពន្ធឈ្មោះ ចាន់ ធូ ប្រាកដមែន។ ដោយតែខឹងនឹងជនរងគ្រោះបានស្តីបន្ទោសរឿងខ្លួនបានទិញសំណាញ់សម្រាប់យកមកចាប់ត្រីទុកធ្វើម្ហូប និងរឿងមួយទៀតខ្លួនបានស៊ើបដឹងថា ចាន់ ធូ មានទំនាក់ទំនងជាមួយប្រុសផ្សេង។

លោកស្នងការរងបានបន្តថា នីតិវិធីបន្តយើងបាន និងកំពុងកសាងសំណុំរឿង ដើម្បីនឹងបញ្ជូនខ្លួនជនសង្ស័យម្នាក់នេះទៅកាន់សាលាដំបូងខេត្តកំពង់ចាម។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ សាកសពស្រ្តីឈ្មោះ ចាន់ ធូ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងព្រៃល្បះមួយកន្លែង ក្បែរផ្លូវលំមួយខ្សែស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យសាកសព និងស៊ើបអង្កេត បានធ្វើការសន្និដ្ឋានជាករណីឃាតកម្ម។ ដោយបានដាក់ការសង្ស័យទៅលើបុរសជាប្តីរបស់ស្រ្តីរងគ្រោះឈ្មោះ ណេន ប៉ឹក ដែលបានគេចខ្លួននោះ៕B/