ប្តី​កើត​ភ្លើង​ប្រចណ្ឌ​បង្ក​ហិង្សា​លើ​ប្រពន្ធ​របួសធ្ងន់ រួច​យក​ខ្សែភ្លើង​ឆក់​សម្លាប់​ខ្លួនឯង​

952
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​បាន​យក​ខ្សែភ្លើង​ឆក់​ខ្លួនឯង​សម្លាប់ខ្លួន​ស្លាប់​ភ្លាមៗ ដូច​បំណង បន្ទាប់ពី​ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ទៅលើ​ប្រពន្ធ ដោយបាន​បង្ក​ហិង្សា​វាយ​ប្រពន្ធ​រហូត​រងរបួស​ធ្ងន់​សន្លប់​លែង​ដឹងខ្លួន​។ ករណីនេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​នឹង​៥០​នាទី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ជួល​លេខ​៥​ជាន់​ទី​១ ផ្លូវ​បេតុង ក្រុម​០២ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។​

​សព​ជនរងគ្រោះ​ឈ្មោះ សូ ខ្លឹម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​មានមុខ​របរ ជាជាង​សំណង់ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ អង្គាដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ស្ដ្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ អោក សាបាន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ជនជាតិខ្មែរ មុខរបរ​ជា​អ្នករត់​តុ​នៅ​ហាង​បឹង​សុ​បិ​ន្ត ស្នាក់នៅ​ផ្ទះជួល​ជាមួយនឹង​ប្ដី​នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ដោយសារតែ​បុរស​ខាងលើ ប្រចណ្ឌ​ខ្លាំងពេក​នារី​រងគ្រោះ​បាន​ទៅធ្វើ​ការរត់​តុ​មួយថ្ងៃ​ទៀត ហើយ​សុំ​ថៅកែ​បើក​លុយ​នឹង​ឈប់​ធ្វើការ​ហើយ ប៉ុន្តែ​នារី​រងគ្រោះ​មិនបាន​ត្រឡប់មកផ្ទះ​វិញ​ទេ ដោយបាន​ដាច់​យប់​មួយ​យប់ ព្រឹក​ថ្ងៃកើតហេតុ​ទើប​មកដល់​បន្ទប់​ជួល​វិញ​។

​ប្រភព​បន្តថា ពេលនោះ បុរស​ជា​ប្តី​បាន​ទិញ​បាយ​ឱ្យ​ប្រពន្ធ​ហូប​ធម្មតា ដោយ​មិន​បញ្ចេញ​អា​ការៈខឹង​ឡើយ ហើយ​ដេក​លើ​ពួក​និយាយ​គ្នា​ធម្មតា ដោយ​បុរស​នោះ​និយាយថា ខ្លួន​មិន​ចង់​រស់​ទេ ស្រាប់​ប្រពន្ធ​និយាយ​តប​វិញ​ថា បើ​មិន​ចង់​រស់​សម្លាប់ខ្លួន​ទាំង​២​នាក់​ឱ្យ​ស្លាប់ចោល​កូន​ទៅ ពេលនោះ បុរស​ជា​ប្តី​បាន​យក​ញញួរ​វាយ​សំពង​ក្បាល​ប្រពន្ធ​៥​ទៅ​៦​ញញួរ និង​យក​អង្រែបុកគ្រឿង​វាយយកៗ​លើ​ដងខ្លួន​ប្រពន្ធ​។​

​បន្ទាប់ពី​ប្រពន្ធ​រើរួច ក៏​ស្រ​វ៉ា​រត់​ចុះមក​ដី​ឱ្យគេ​ជួយ ពេល​មក​ដី​ក៏​សន្លប់​បាត់ស្មារតី​តែម្តងទៅ ភ្លាមៗ​អ្នកជិតខាង​បាន​រត់​លើ​រកមើល​បុរស​ជា​ប្តី ប៉ុន្តែ​បន្ទប់​ត្រូវ​ជាប់​សោ ក៏​នាំគ្នា​ធាក់​ទម្លាយ​ទ្វារ​រកមើល​មិនឃើញ ទៅ​មើល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ជនរងគ្រោះ​យក​ព្រី​ភ្លើង​អោប​ជាប់​នឹង​ទ្រូង​ឆក់​ខ្លួនឯង​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង អ្នកជិតខាង​បាន​ដឹក​ស្ដ្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​ពិនិត្យ​។ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​រួច ក៏​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

#