ប្តី​ត្រឡប់​ពី​ដេក​ផ្ទះសំណាក់​ជាមួយ​ស្រី​ស្នេហ៍​ចេះតែ​ប្រើ​ហិង្សា​,​ប្រពន្ធ​ខឹង​យក​កន្សែង​រឹត​ក​សម្លាប់

108
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ប្រពន្ធ​ទប់​កំហឹង​លែង​បាន​យក​កន្សែង​រឹត​ក​សម្លាប់​ប្តី​ត្រឡប់​ពី​ដេក​ផ្ទះសំណាក់​ជាមួយ​ស្រី​ស្នេហ៍​វិញ​ព្រោះ​ចេះតែ​រករឿង​ប្រើ​ហិង្សា​ដាក់​ប្រពន្ធ​។​ការសម្លាប់​នេះ​កាលពី​វេ​កា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​ចំណុច​មុខ​បន្ទប់​ជួល​ក្នុងភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

លោក​ហ៊ាង​ថា​រ៉េត​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​ស្បោង​គឹម​ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​មុខរបរ​បម្រើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​សម្លាប់​សត្វល្អិត​។​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​សុខ​សុ​ណ្ណា​រា​អាយុ​៥៧​ឆ្នាំ​មុខរបរ​លក់​នំ​បញ្ចុក​ស្នាក់នៅ​ជាមួយគ្នា​។

​លោក​អធិការ​បន្តថា​នៅ​មុនពេល​កើតហេតុ​នៅវេលា​យប់​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​ប្តី​បាន​ចេញពីផ្ទះ​ទៅ​ដេក​ផ្ទះសំណាក់​យីហោ​មិត្ត​យើង​ជាមួយ​ស្រី​ថ្មី​ដែល​នៅក្បែរ​ផ្ទះ​។​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២១​ត្រឡប់មកផ្ទះ​វិញ​ក៏​ឈ្លោះ​គ្នា​មួយ​ប្រាវ​រួច​ប្រពន្ធ​ក៏​ចេញទៅ​លក់​នំ​បញ្ចុក​ដូច​សព្វដង​។​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ក៏បាន​ឈ្លោះ​ជេ​ប្រមាថ​ស្ត្រី​ជា​ប្រពន្ធ​និង​គំរាម​អា​រក​សម្លាប់​និង​សុំ​លែងលះគ្នា​។​

​ទើប​ធ្វើឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក៏​ស្ទុះ​ទៅយក​កន្សែង​មក​រឹត​ក​ផ្តួល​ផ្ទប់​និង​ដី​នៅមុខ​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​រួច​ទាញ​កន្សែង​ចេញ​ដោយ​មិន​នឹកស្មានថា​ប្តី​ស្លាប់​ទេ​។​តែ​ដល់ពេល​ស្ទាប​ដង្ហើម​ប្តី​ទើប​ដឹងថា​ស្លាប់​បាត់ទៅហើយ​។​ក្រោយពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​នៅ​យំ​ឱប​ប្តី​ដោយ​មិនបាន​រត់​ទៅណា​ឡើយ​ភ្លាមៗ​នោះ​ក៏មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ឃាត់​ស្ត្រី​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​