ប្តី​ប្រពន្ធ​ងប់​នឹង​កីឡា​ជនជាតិ​ឥណ្ឌូនេស៊ី​ដាក់ឈ្មោះ​កូន​ទើប​កើត​ថា “Asian Games”

1126
ចែករម្លែក

​ប្តី​ប្រពន្ធ​ងប់​នឹង​កីឡា​ជនជាតិ​ឥណ្ឌូនេស៊ី​បានដាក់​ឈ្មោះ​កូនស្រី​ទើប​កើត​របស់ខ្លួន​ថា “​អេ​ស៊ាន​ហ្គេម​” (Asian Games) ដើម្បី​កត់សម្គាល់​កំណើត​របស់​នាង ខណៈដែល​ប្រទេស​នេះ​បានចាប់ផ្តើម​ព្រឹត្តិការណ៍​កីឡា​ធំជាងគេ​បំផុត​ទី ២ របស់​ពិភពលោក​។​

​ឪពុកម្តាយ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ​ទី ២១​សីហា​ថា កូនស្រី​តូច​ដែលមាន​ឈ្មោះ​ពេញ​ថា អា​ប៊ី​ដា អេ​ស៊ាន​ហ្គេម (Abidah Asian Games) បានកើត​ប្រហែល​មួយខែ​មុននេះ​នៅក្នុង​ទីក្រុង​សហ​ម្ចាស់ផ្ទះ ផា​ឡេ​ម​បាង (Palembang)​។​

​ឪពុក​ឈ្មោះ យ៉ូ​ដា​នី​យ៉ា ដេ​ន​នី បាន​និយាយថា “​យើង​មាន​នាមត្រកូល​សម្រាប់​នាង​ហើយ ប៉ុន្តែ​មិនមាន​ឈ្មោះ​ចុងក្រោយ​ដាក់ឱ្យ​នាង​”​។​

​ដូច្នេះ​ឪពុកម្តាយ​ដែល​មានកូន​ចំនួន​៣​នាក់​នេះ បានដាក់​ឈ្មោះ​កូន​តាម​ព្រឹត្តិការណ៍​កីឡា​នេះ​តែម្តង បន្ទាប់ពី​ជក់ចិត្ត​ខ្លាំង​ដក​មិន​រួច​ពីអ្វី​ដែល​ពួកគេ​ចាត់ទុកថា​ជា​ពេលវេលា “​ប្រវត្តិសាស្ត្រ​” របស់​ឥណ្ឌូនេស៊ី​។​

​លោក​ដេ​ន​នី​បាន​និយាយថា “​ព្រឹត្តិការណ៍​បែបនេះ​គឺ​កម្រ​ណាស់​។ វា​កើតឡើង​តែ​រា​ល់បី​បួន​ឆ្នាំ​ម្តង​ប៉ុណ្ណោះ​។ ហើយ​មិនបាច់​និយាយ​ដល់​ថ្នាក់​ថា ព្រឹត្តិការណ៍​នេះ​កើតឡើង​នៅក្នុង​ទីក្រុង​ផា​ឡេ​ម​បាង​នោះទេ វា​ពិតជា​កម្រ​ណាស់​ដែល​ផា​ឡេ​ម​បាង​បាន​ធ្វើជា​ម្ចាស់ផ្ទះ​…​ព្រឹត្តិការណ៍​បែបនេះ​”​។​

​អ្នករស់នៅ​ទីក្រុង​នេះ​មាន​មោទនភាព​យ៉ាងខ្លាំង​ដែល​បាន​បង្ហាញមុខ​លេចធ្លោ​ជា​អន្តរជាតិ ជាមួយ​បដា​ជាច្រើន​ដាក់​តម្រៀប​នៅតាម​ដងផ្លូវ និង​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ការផ្សាយ​ផ្ទាល់​កីឡា​នៅតាម​ភោជនីយដ្ឋាន​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

ប្តី​ប្រពន្ធ​ឥណ្ឌូនេស៊ី​ដាក់ឈ្មោះ​កូនស្រី​ទើប​កើត​ថា អា​ប៊ី​ដា អេ​ស៊ាន​ហ្គេម
#