ប្តី​ប្រពន្ធ​ពីរ​នាក់​មានទោស​ពីបទ​ចិញ្ចឹម​ឆ្មា​ក្នុង​បរិស្ថាន​កខ្វក់​

336

​កាលពីពេល​ថ្មីៗ​នេះ ប្តី​ប្រពន្ធ​ពីរ​នាក់​ត្រូវបាន​តុលាការ​ហាមឃាត់​មិនឱ្យ​ចិញ្ចឹមសត្វ​ឡើយ បន្ទាប់ពី​ពួកគេ​បានធ្វើឱ្យ​ឆ្មា​របស់ខ្លួន​រស់នៅក្នុង​ស្ថានភាព​ស្មោកគ្រោក​គួរឱ្យ​ខ្ពើម​។

​លោក តូ​នី ផេ​ក (Tony Peck) អាយុ ៤១ ឆ្នាំ និង​ប្រពន្ធ​របស់គាត់​ឈ្មោះ ហេលែន (Helen) អាយុ ៥២ ឆ្នាំ​បាន​ចិញ្ចឹម​ឆ្មា​ចំនួន ៤ ក្បាល​ក្នុងស្ថានភាព​កខ្វក់ និង​ទីធ្លា​តូចចង្អៀត ពេក​នៅផ្ទះ​របស់​ពួកគេ​ក្នុងភូមិ​ក្លី​ហ្វ​តុ​ន (Clifton) ក្រុង​ណត​ធី​ង​ហែម (Nottingham) ប្រទេស​អង់គ្លេស​។​

​រូបភាព​គួរឱ្យ​តក់ស្លុត​ទាំងនេះ បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​បន្ទប់​ដែល​ប្រឡាក់ប្រឡូស​សុទ្ធតែ​លាមក គួរឱ្យ​ខ្ពើមរអើម ចំណែកឯ​កំប៉ុង​ចំណី​ឆ្មា​គរ​ខ្ពស់​ស្ទើរ​ដល់​ពិ​ដាន​។ ដោយសារតែ​ឃើញ អាណិត​សត្វ អ្នកជិតខាង​ម្នាក់​បាន​ប្តឹង​អង្គការ​គាំពារ​សិទ្ធិ​សត្វ RSPCA ឱ្យជួយ​អន្តរាគមន៍​។ អង្គការ​នេះ​បាន​សុំ​លិខិត​ឆែកឆេរ​ពី​ប៉ូលិស បន្ទាប់ពី​ខ្លួន​មិនអាច​ចូលទៅ​ពិនិត្យមើល សុខមាលភាព​របស់​ឆ្មា​ទាំង​នោះបាន​។

​ទីបំផុត តុលាការ​បានសម្រេច​ហាមប្រាម​ប្តី​ប្រពន្ធ​នេះ​មិនឱ្យ​ចិញ្ចឹមសត្វ រយៈពេល ៣ ឆ្នាំ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ពីព្រោះ​ពួកគេ​មាន​ពិរុទ្ធភាព​ពីបទ​ល្មើស ៣ ករណី​នៃ​ច្បាប់​ស្តីពី សុខុមាលភាព​សត្វ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ជាប់ពន្ធនាគារ​ទេ​៕ ប្រែ​សម្រួល​: ខុម​