ប្តឹង​ប្រធាន​-​អនុប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន

627
ចែករម្លែក

​ភ្នំពេញៈ សមាគម​អ្នក​ប្រឹក្សា​យោបល់​គ្រឿងសម្អាង បាន​ប្តឹង​ប្រធាន និង​អនុប្រធាន នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ ទៅ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​ករណី​រំលោភ​លំនៅដ្ឋាន និង​ចុះ​អនុវត្ត​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​ដោយ​ខុស នីតិវិធី លើ​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ​។ ពាក្យបណ្តឹង​បានដាក់​ចូល​ខុទ្ទកាល័យ​សម្តេចនាយក រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​។

​នៅក្នុង​ពាក្យបណ្តឹង គឺ​បាន​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន និង​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង មហាផ្ទៃ​។

​បន្ទាប់ពី​ទទួល​បណ្តឹង​ខុទ្ទកាល័យ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០០១៩ បាន​បញ្ជូន​ករណីនេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​លើ​ករណី​បណ្តឹង ខាងលើនេះ​។​

​លោក​ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ បានដាក់​ដីកា​បញ្ជូន​គោរព​ជូន​នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​ដាក់ជូន​សម្តេច​ក្រឡាហោម ស ខេង ពិនិត្យ​លើ​លិខិត​លេខ ១៦/២០១៩ សអគ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​របស់​សមាគម​អ្នក​ប្រឹក្សា យោបល់​គ្រឿងសម្អាង គោរព​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​សំណើសុំ​ជួយ​អន្តរាគមន៍​ចាត់វិធានការ ចំពោះ​ករណី​រំលោភ​លំនៅដ្ឋាន និង​ចុះ​អនុវត្ត​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​ដោយ​ខុស​នីតិវិធី ច្បាប់​ពី​សំណាក់​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ លើ​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង​។​

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ថា លោក​បានទទួល​លិខិត​របស់​នាយក ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ និង​ពិនិត្យ​ដើម្បី​ដាក់ជូន សម្តេច​ក្រឡាហោម ស ខេង​។​

​យោងតាម​លិខិត​សុំ​អន្តរាគមន៍ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ របស់​សមាគម​អ្នក​ប្រឹក្សា​យោបល់ គ្រឿងសម្អាង បាន​ជម្រាបជូន សម្តេច​តេ​ជោ ហ៊ុន សែន ថា កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ លោកស្រី ហ៊ីម សុ​ភ័​ក្ក្រ មុខរបរ ពាណិជ្ជករ លក់​គ្រឿងសម្អាង​បាន ដាក់​ពាក្យស្នើសុំ​សមាគម អ្នក​ប្រឹក្សា​យោបល់​គ្រឿងសម្អាង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន មាន​សមត្ថកិច្ច​ពិនិត្យ និង​ចាត់វិធានការ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន និង​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាន នាយក ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង មហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​មាន​គ្នា​ជិត ២០​នាក់ ចុះ​អនុវត្ត​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​លេ​ខៈ ៣៥៩៦ ឃ​១“​ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​សំណុំរឿង​ទណ្ឌ​លេ​ខៈ ៥៣៤០ ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​យក​សម្ភារ​តុលាការ សម្រេច​រឹបអូស តាម​អំណាច​សាលក្រម​ស្ថាពរ​ដែល សមត្ថកិច្ច បាន​ផ្ញើទុក​នូវ​នឹង​លោក អ៊ុច សម្បត្តិ ពីក្នុងផ្ទះ​របស់លោក​ស្រី ហ៊ីម សុ​ភ័​ក្ក្រ អាសយ ដ្ឋាន ស្ថិតនៅ​ផ្ទះ​លេ​ខៈ ០៥ ផ្លូវធំ​ភ្លោះ សង្កាត់​ទទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ដោយគ្មាន​ការជូនដំណឹង​ជា​ផ្លូវការ​ណាមួយ​ដល់​ម្ចាស់ផ្ទះ និង​មិនមាន​ការចូល រួម​ពី​មន្ត្រី នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រី​អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នោះទេ​។​

​សមាគម​អ្នក​ប្រឹក្សា​យោបល់​គ្រឿងសម្អាង បាន​បន្តថា នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​: ៣៥៩៦ ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ទីតាំង ផ្ទះ​លេខ​០១ ផ្លូវ​០៦ (​បុរី​ប៉េង​ហួត​) សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ម្តង​រួចហើយ ។ នៅក្នុង ការអនុវត្ត​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង បានសម្រេច​ផ្ញើ​សម្ភារ​ដែល តុលាការ​រឹប អូស​ក្រោយ​ការអនុវត្ត​ផ្ញើ​នៅ​នឹង​ឈ្មោះ អ៊ុច សម្បត្តិ ដើម្បី​ជួយ​រក្សា​ទុកជា​បណ្តោះ អាសន្ន ក្រោម​ហេតុផល​ថា សមត្ថកិច្ច ពុំទាន់​មាន​កន្លែង​ទុក​សម្ភារ​ទាំងនោះ​ដូច​មាន​ក្នុង​កំណត់ ហេតុ​អនុវត្ត ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ (​ពុំបាន​កំណត់​ទីតាំងរ​ក្សា​ទុក​)​។​

​ក្រោយមក លោក អ៊ុច សម្បត្តិ បាន​ផ្ញើ​សម្ភារ ដែល​តុលាការ​រឹបអូស​ខាងលើ បន្ត​នៅ​នឹង​ផ្ទះ របស់លោក​ស្រី ហ៊ឹម សុភ័ក្ត្រ ជា​បណ្តោះអាសន្ន រង់ចាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង មក​ទទួល​យកទៅ​រក្សា​ទុក នៅ​ទីតាំង​របស់​សមត្ថកិច្ច​។ ស្រាប់តែ​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង បាន​ដឹកនាំ កម្លាំង​របស់ខ្លួន​ចូល​រុះរើ​សម្ភារ​ទាំងនោះ នៅក្នុង​ផ្ទះ​របស់​លោកស្រី ហ៊ឹម សុភ័ក្ត្រ ដោយ​ពុំបាន ជូនដំណឹង​ដល់​លោក អ៊ុច សម្បត្តិ និង​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ឹម សុភ័ក្ត្រ ត្រឹមត្រូវ​តាមច្បាប់ ជាមុន​ឡើយ​។ លើសពីនេះទៅទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន និង​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឡុង ស្រេង គម្រាម​វាយខ្នោះ និង​ចាប់​លោក អ៊ុច សម្បត្តិ និង​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ឹម សុភ័ក្ត្រ ដាក់គុក​ជាច្រើនលើក​ច្រើនសារ​ទៀតផង​….​។​

​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​អ្នក លើក​ទូរស័ព្ទ​ថា គាត់​ជាប់​ហាត់ប្រាណ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ព្រះរាជអាជ្ញា បាន សម្រេច​ផ្ញើ​វត្ថុតាង នៅ​លោក អ៊ុច សម្បត្តិ ដោយមាន​កំណត់ហេតុ​ត្តឹ​ម​ត្រូវ​។ ហើយ​លោក អ៊ុច សម្បត្តិ បាន​យក​វត្ថ​តាង​ទាំងអស់​ទៅ​ទុក​នៅផ្ទះ​គាត់​។ ដល់​ថ្ងៃ​មានឱកាស ក្នុងការ​រៀបចំ ដុត​បំផ្លាញចោល​វត្ថុតាង​ទាំងអស់នេះ ហើយ​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន បាន​ចាត់​កម្លាំង​ចុះទៅ​នាំយក​វត្ថុតាង ដែល​រឹបអូស​ទៅ​ដុត​បំផ្លាញចោល​។ នៅ ពេល​ក្រុមការងារ​ទៅដល់​ផ្ទះ​គាត់ គាត់​អត់​បាន​មកជួប​ក្រុមការងារ​ទេ គាត់​ឲ្យ​មេធាវី​មកជួប ដោយ​មេធាវី អះអាងថា តំណាង​ម្ចាស់ផ្ទះ ហើយ​ក្រុមការងារ បានសម្រេច​លើកយក​វត្ថុតាង​ដាក់ លើ​ឡាន ហើយ​លើកដាក់​បាន​មួយ​ឡាន ក្រុមការងារ​សង្ស័យ​បាត់​វត្ថុតាង​អស់ហើយ​ក្រុម ការងារ ក៏​ទូរស័ព្ទ​ហៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ចុះទៅ ហើយ​គាត់ (​ចាន់ វ៉ាន់​ធឿន​) បាន​ទូរស័ព្ទ​ហៅ​លោក​ឲ្យ​មកជួយ ហើយ​ខាង​មេធាវី​បាន​សម្របសម្រួល​ឲ្យ​ខាង​លោក​សម្រេច យក​វត្ថុតាង​ដែល​លើកដាក់​លើ​ឡាន​បាន​ហើយ តែ​លោ​កថា យក​អត់​កើត​ទេ​។ លោក​បាន​សួរថា ហេតុ​អី​បានជា​យក​វត្ថុតាង​ចេញ ដោយ​គ្មាន​ការសម្រេច​ពី​សមត្ថកិច្ច​៕ ដោយៈ មុនី​រ័ត្ន-បូរិន