ប្តឹង​មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង​ពីរ​នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​បង្ខាំង​មនុស្ស​និង​ជំរិត​ទារប្រាក់​

410
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ចំនួន​ពីររូប ត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​។ ពាក្យបណ្តឹង​ជនរងគ្រោះ​បានដាក់​ទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។​
​ ​មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ចំនួន​ពីររូប ដែល​រង​ការប្តឹង​រួមមានៈ ១.​ឈ្មោះ លឹម ហាក់ និង​២.​ឈ្មោះ ឡុ​ន ឡ​ន​។
​ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈុន ឈី​វ​ជាតិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​


​ ​យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​១០ ខែតុលា បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៩ ខណៈដែល​ខ្ញុំបាទ​កំពុងតែ​បើករថយន្ត​ទៅ​ចាក់​សាំង​តែម្នាក់ឯង ស្រាប់​តែមាន​កងរាជអាវុធហត្ថ​ពីររូប បាន​ឃាត់​ចាប់​រថយន្ត​របស់​ខ្ញុំបាទ ហើយ​ថា មេ​គាត់​ចង់​ជួប ខ្ញុំ​ក៏បាន​ទៅជា​មួយ​ពួកគាត់ ពេល​ដល់​សាលាក្រុង​កំពង់ឆ្នាំង​បាន​ជួប​ឈ្មោះ លឹម ហាក់ ហើយ​គាត់​ថា ខ្ញុំ​ប្រើ​ឡាន​អត់​ពន្ធ ហើយ​គាត់​ថា មេ​របស់គាត់​ឲ្យ​យក​រថយន្ត​ទៅ​ប៉េអឹម​ក្រុង​។ ដល់ពេល​ប៉េអឹម​ក្រុង ពួកគេ​បាន​ឃុំ​ខ្ញុំ​ក្នុង​បន្ទប់​ឃុំឃាំង​រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ទើប​ឈ្មោះ លឹម ហាក់ ត្រឡប់មកវិញ​រួច​ប្រាប់​ខ្ញុំ​ថា គាត់​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា ហើយ ដោយ​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​គាត់​ឃាត់​ឡាន និង​មនុស្ស​ពីបទ​ប្រើប្រាស់​ឡាន​អត់​ពន្ធ និង បាន​ឲ្យ​ខ្ញុំបាទ​ទាក់ទង​បងប្អូន​សាច់ញាតិ​ដើម្បី​យកប្រាក់​ចំនួន ៥.០០០ (​ប្រាំ​ពាន់​)​ដុល្លារ ទើប​គេ​ព្រម​ដោះលែង​ខ្ញុំបាទ និង​រថយន្ត​វិញ គាត់​នឹង​ជួយ​និយាយ​ឲ្យ​ព្រោះ​រាប់អាន​គ្នា ។ ខ្ញុំបាទ​បាន​ទាក់ទង​ក្រុមគ្រួសារ​ខ្ញុំ​ដើម្បី​រកប្រាក់​មក​លោះ​ខ្ញុំ គេ​បន្ត​ឃុំខ្លួន​ខ្ញុំ​រហូតដល់​ម៉ោង ៤​រសៀល គ្រួ​សារបាន​ទាក់ទង​មក​ខ្ញុំបាទ​ដោយបាន​និយាយថា គាត់​ខ្ចី​គេ​បានតែ ៣.៥០០(​បី​ពាន់​ប្រាំ​រយ​)​ដុល្លារ​ទេ ដោយ​យកប្រាក់​នេះ​ឲ្យ​ឈ្មោះ ឡុ​ន ឡ​ន ហៅ​ឡុង ជា​អ្នក​យកលុយ​ឲ្យ​ឈ្មោះ លឹម ហាក់ តែ​ឈ្មោះ លឹម ហាក់ មិន​ព្រម​ទេ គឺ​ត្រូវការ ៥.០០០ (​ប្រាំ​ពាន់​) ដុល្លារ ។ រហូតដល់​ម៉ោង​៨ យប់​ថ្ងៃខែ​ដដែល គ្រួសារ​ខ្ញុំ​បាន​ខ្ចីប្រាក់​គេ​គ្រប់​ចំនួន និង​បាន​យកមក​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើនេះ ហើយ​ពួកគេ​បាន​ឲ្យ​ខ្ញុំ ធ្វើ​កិច្ច​សន្យាថា​នឹងមិន​ប្រើប្រាស់​រថយន្ត​អត់​ពន្ធ​ទៀត និង​បាន​ដោះលែង​ខ្ញុំ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​។​ក្នុងពេលដែល​ពួកគាត់​និយាយ​គំរាម​ខ្ញុំបាទ​ឲ្យ​រកប្រាក់​ឲ្យ​ពួក​នោះ ខ្ញុំ​បាន​លួច​ថត​វិ​ដេ​អូ​ទុកជា​ភស្តុតាង​ស្រាប់​។​បច្ចុប្បន្ននេះ​ខ្ញុំបាទ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ចូលមក​កាន់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ប្តឹង ឡុ​ន ឡ​ន ហៅ ឡុង និង​ឈ្មោះ លឹម ហាក់ រួចរាល់​ហើយ​ដែរ ។ ខ្ញុំបាទ​សូម​ស្នើ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ទទួល​បណ្តឹង​របស់​ខ្ញុំបាទ និង​ជួយ​រក​យុត្តិធម៌​ដល់​រូបខ្ញុំ​បាទ​ដោយ​ក្ដី​អនុគ្រោះ ។​


​រស្មី​កម្ពុជា​ពុំ​អាច​ស្វែងរក​ការបញ្ជាក់​ពី​មន្ត្រី​ប៉េអឹម​ដែល​រង​នូវ​ការចោទប្រកាន់​នេះ​បានទេ​។​ទាក់ទង​ករណី​នេះដែរ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ ប៉ុណ្ណា អ្នកនាំពាក្យ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា ទោះយ៉ាងណា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឱ្យ​មានការ​ត្រួតពិនិត្យ​រាល់​កិច្ចការរដ្ឋបាល ការបំពេញ​តួនាទី ភារកិច្ច​របស់​កងរាជអាវុធហត្ថ គ្រប់ពេលវេលា ដូចជា​ករណី​ខាងលើនេះ នឹងធ្វើ​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ រកឱ្យឃើញ​ការពិត​។ កងរាជអាវុធហត្ថ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ និង​រីករាយ​ទទួលយក​រាល់​ព័ត៌មាន ការរិះគន់​ក្នុងន័យ​ស្ថាបនា ជាការ​រួមចំណែក​កសាង​អង្គភាព​កងរាជអាវុធហត្ថ​រឹងមាំ​៕សរន