ប្តឹង​មេ​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​តុលាការ​ទៅ​ACU​រឿង​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​បីនាក់​

8209
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​តុលាការ​ចំនួន​ពីរ​នាក់​រួមទាំង​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​ត្រូវបាន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពាក់ព័ន្ធ​ករណី​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​ចំនួន​បីនាក់ ក្នុងចំណោម​មនុស្ស​ចំនួន ៧​នាក់​។

យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ប្តឹង​លោក​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា ពីបទ​ពុករលួយ ឃុបឃិត​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យ៉ាង​ដូច្នេះ​ថា​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៧​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​បង្ក្រាប​មេ​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​មួយ​សំបុក​ដ៏​ធំ​មាន​ឧក្រិដ្ឋជន​ចំនួន​៧​នាក់​។​

​ក្នុងនោះ​មាន ១.​ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​។ ២.​ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី​។ ៣.​ឈ្មោះ រ៉ុង វាសនា ភេទ​ប្រុស​។ ៤.​ឈ្មោះ តេង ផូង ភេទ ប្រុស​។ ៥.​ឈ្មោះ យ៉ាន់ មាន ភេទ ប្រុស​។ ៦.​ឈ្មោះ ឃឿ​ត កញ្ញា​ភេទ​ស្រី​និង​៧​ជនជាតិ​ថៃ​ភេទ​ស្រី​ម្នាក់ទៀត​ត្រូវជា​ប្រពន្ធ​ឈ្មោះ​រ៉ុង​វាសនា​នៅ​ភូមិ​ព្រៃ​ព្រិច​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ជាក់ស្តែង​សរុប​ជាង​២​គីឡូក្រាម​រួមមានៈ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨.០៨០​គ្រាប់​និង​ប្រភេទ​ក្រាម​ដែល​ហៅថា​ម៉ា​ទឹកកក​មាន​ទម្ងន់​១.៨២៧​ក្រាម​និង​រថយន្ត​ចំនួន​៥​គ្រឿង​ស្ថិតនៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៧៩​ចុះ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពាក់​ព​ន្ធ័​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​ប៉ុន្តែ​បច្ចុប្បន្ននេះ ឧក្រិដ្ឋជន​ចំនួន​៣​នាក់ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​រួមមាន ១.​ឈ្មោះ រ៉ុង វាសនា​ត្រូវជា​កូនធម៌​របស់លោក​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្អូនបង្កើត​របស់​ឈ្មោះ ផែង អិ និង​ត្រូវជា​កូនបង្កើត​របស់​ឧក្រិដ្ឋជន ឃុ​ត ដា​រ៉ុង​។ ២.​ឈ្មោះ ឃឿ​ត កញ្ញា ត្រូវជា​ប្អូន​ឧក្រិដ្ឋជន រ៉ុង វាសនា និង​ជនជាតិ​ថៃ​ភេទ​ស្រី​ម្នាក់ទៀត​ត្រូវជា​ប្រពន្ធ​ឧក្រិដ្ឋជន រ៉ុង វាសនា ដោយ​ឈ្មោះ ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា ត្រូវជា​ប្អូនធម៌​របស់លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​

​បាន​រត់ការ​សូកប៉ាន់​អំពើ​ពុ​កំ​រលួយ​ឃុបឃិត​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​ជាមួយ​លោក​បោ​ន​ប៊ិន​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​ទទួលបន្ទុក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៧៩​ចុះ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។
​បច្ចុប្បន្ន​នៅសល់​ឧក្រិដ្ឋជន​ចំនួន​៤​នាក់​ទៀត​ដែល​ឈ្មោះ​ផែង​អិ​និង​ប្រពន្ធ​ឈ្មោះ​ថោង​រដ្ឋា​កំពុង​រត់ការ​ឲ្យ​មានការ​ដោះលែង​រួមមាន​១.​ឈ្មោះ​ឃុ​ត​ដា​រ៉ុង​និង​២.​ឈ្មោះ​យ៉ាន់​មុំ​ត្រូវជា​មិត្ត​ជិតស្និត​បំផុត​របស់លោក បោ​ន ប៊ិន ៣.​ឈ្មោះ តេង ផូង និង ៤.​ឈ្មោះ យ៉ាន់ មាន​។​

​ទាក់ទង​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ជាប់រវល់​។​លោក​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ទេ ដោយសារ​ជាប់​បេសកកម្ម​ទៅ​ប្រជុំ​នៅ​ប្រទេស​ថៃ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ថា លោក​មិនទាន់​អាច​បញ្ជាក់​បានទេ ដោយសារ​ពាក់ព័ន្ធ​ករណីនេះ គឺជា​សិទ្ធិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ប៉ុន្តែ​អ្វី​ដែលមាន​បណ្តឹង​គឺ​ពួកគាត់​អាចអនុវត្ត​ទៅតាម​នឹង​បាន​ហើយ​យើង​ក៏​ធ្វើការ​សួរនាំ​ដែរ​ហើយ​បណ្តឹង​មិនបាន​ប្តឹង​មក​អាវុធ​ហ​ហត្ថ​ទេ​គឺ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​រីឯ​លោក​រឿន​លី​ណា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៥​ខែកញ្ញា​ថា​“​បើ​មាន​ពាក្យបណ្តឹង​ទៅដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចឹ​ង​មន្ត្រី​អង្គភាព​ACU​គាត់​ជា​អ្នកមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ធ្វើការ​ងារ​នឹង​ទៅ ព្រោះ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​មាន​យោបល់​អី​ទេ ទុក​ឲ្យ​មន្ត្រី​ដែលមាន​សមត្ថកិច្ច​គាត់​ធ្វើការ​ទៅ​”​។​

​សូមជម្រាបថា​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៧​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ថ្នាំញៀន​ជាង ២​គីឡូក្រាម​។​ដោយ​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ចំនួន​ពីរ​គោលដៅ​គឺ​ក្នុងភូមិ​ក្បាលកោះ​និង​ភូមិ​ព្រៃ​ព្រិច​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​៕S/


​រូប​ថ​តៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ (​រូប​ថ​តៈ ឯកសារ​)