ប្រកាស​គណៈកម្មាធិការ​ជំរឿន​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ នៅ​សាលា

435
ចែករម្លែក

ដោយ​:គូលែន ​/​សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ មាន​ធ្វើ​ពិធី​ប្រកាស​គណៈកម្មាធិការ​ជំរឿន​ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ និង ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​​ជំរឿន​ទូទៅ​ប្រជា​ពលរ​រដ្ឋ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក លី សំរិទ្ធ អភិបាល​ស្តីទី និង លោកស្រី ហង់ លី​ណា រដ្ឋលេខាធិការ​ក្រសួងផែនការ និង​មន្ទីរ អង្គភាព ស្នងការរង មេបញ្ជាការ គណៈ​អភិបាល .​រដ្ឋបាល ក្រុង ស្រុក អធិការ មេ​ប៉ុស្តិ៍ .​មេឃុំ ចៅសង្កាត់ អង្គការ​សមាគមន៍ និង ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រួមទាំង​ក្រុមហ៊ុន ប្រមាណ​៣៧២​នាក់​ចូលរួម ។

លោកស្រី ហង់ លី​ណា បាន​គូសបញ្ជាក់ថា ការ​ជំរឿន​នេះ​គឺ​សំដៅលើ​វិធីសាស្ត្រ ទាំងមូល​នៃ​ការប្រមូល ការ​ចងក្រង ការវាយតម្លៃ ការវិភាគ និង ការផ្សព្វផ្សាយ​ទិន្នន័យ អំពី​ប្រជាជន​នៃ​ប្រទេសមួយ ។ ក្នុងការ​ជំរឿន​ប្រជាជន ពាក់ព័ន្ធ​ដល់​ការចុះបញ្ជី​មនុស្ស ការកត់ត្រា លក្ខណៈ​របស់​មនុស្សម្នា​ក់ៗ ក្នុងចំណោម​មនុស្ស​ទាំងអស់ តាម​កាល​បរិច្ឆេត​កំណត់​មួយ ព្រមទាំង​លក្ខណៈ​ប្រជាសាស្ត្រ សង្គម សេដ្ឋកិច្ច វប្បធម៌​នៃ​ប្រជាជន ព្រមទាំង​ព័ត៌មាន​ខ្លះៗ អំពី​អគារ​ដែល​កាន់កាប់​ដោយ​គ្រួសារ ស្ថានភាព លំនៅដ្ឋាន សម្ភារៈប្រើប្រាស់​នៅក្នុង​គ្រួសារ ។​

លោកស្រី​ក៏បាន​បន្តទៀតថា ទិន្នន័យ​ជំរឿន​មាន​តម្រូវ​ការចាំបាច់ ក្នុង​ការធ្វើ​គោល​នយោបាយ ,​ផែនការអភិវឌ្ឍន៍ ធ្វើ​កម្មវិធី សម្រាប់​អភិវឌ្ឍន៍​ជាតិ សម្រាប់​វាយតម្លៃ​ការសម្រេច គោលដៅ​ប្រកបដោយ​ចិ​រ​ភាព SDGs និង​ជា​សូចនាករ​សម្រាប់​តាមដាន ត្រួតពិនិត្យ​ភាពក្រីក្រ និង ស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ។

ក្នុងនោះដែរ​លោកស្រី​ក៏បាន​លើក​នូវ​គោលដៅ​សហសវត្ស​ទាំង​១៨ របស់​កម្ពុជា ដែល ជា​គោលដៅ​ប្រកបទៅដោយ​ចិ​រ​ភាព​នៃ​សហសវត្ស​ដល់​ឆ្នាំ​២០៣០ ដោយ​មិន​ទុក​អ្នកណាម្នាក់​ឡើយ ក្នុងការ អភិវឌ្ឍន៍​ទាំងអស់គ្នា ។

​ជាមួយគ្នានេះ​លោកស្រី​ក៏បាន​លើក​នូវ​ចំណុច​សំខាន់ៗ​ទាំង​១១៤​ចំណុច ដែលជា​សូចនាករ នៃ​មូលដ្ឋានគ្រឹះ​ជូន​ដល់​មន្ត្រី គណៈកម្មាធិការ​ជំរឿន​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ដើម្បី​យកទៅអនុវត្ត​ឲ្យ​ទទួល បាន​ជោគ ជ័យ​នៅ​ថ្ងៃ​ខាងមុខនេះ ។​

លោក លី សំរិទ្ធ ក៏បាន​ធ្វើការ​សរសើរ​ដល់​មន្ត្រី​ជំរឿន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​អនុវត្ត​កន្លងមក ព្រមទាំង​បាន​គូសបញ្ជាក់ថា ការ​ជំរឿន​នៅ​កម្ពុជា​នេះ ហើយ​ឆ្នាំ​២០១៩​គឺជា​លើក​ទី​៤​ហើយ ចាប់ពី​សម័យ​សង្គមរាស្ត្រនិយម មកដល់​បច្ចុប្បន្ននេះ ។

​លោក​ក៏បាន​លើក​ផងដែរ​ថា ការធ្វើជំរឿន​នេះ គឺ​ដើម្បី ចង់បាន​នូវ​ស្ថិតិ​ទិន្នន័យ​មួយ​ត្រឹមត្រូវ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុង​ការធ្វើ​វិភាគ​ទិន្នន័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សំខាន់​លើ​ការវាយតម្លៃ​ផែន ការ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព ។​
​លោក​ក៏បាន​បញ្ជាក់ថា បើ យើង​គ្រប់គ្នា​គ្មាន​ឯកសារ​ជា​មូលដ្ឋានគ្រឹះ​ទាំងនេះ​ទេ តើ​កម្ពុជា​យើង​បាន​ឆ្លងកាត់​ទិសដៅ និង គោលដៅ​ស​ចនាករ​ទៅតាម​របៀប​ណា ។

លោក លី សំរិទ្ធ ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា មកដល់​ឆ្នាំ​២០១៥ កម្ពុជា​បាន​កាត់ បន្ថយ​នូវ​ភាពក្រីក្រ នៅត្រឹមតែ ១៣% មុន​ផែនការអភិវឌ្ឍន៍​សហ​សវ​ត្ស​។​កត្តា​ទាំងនេះ​ក៏ដោយ​រាជរដ្ឋាភិបាល កម្ពុជា​យើង មាន​គោលនយោបាយ​ត្រឹមត្រូវ ស្តីពី​ការកាត់​បន្ថយ​​​ភាពក្រីក្រ និង​អនុវត្តបាន​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស ។

ដោយ​ឆ្លងកាត់​នៅ​គ្រប់​ដំណាក់កាល​ប្រកប ដោយ​ជោគជ័យ​ទាំងនេះ ហើយ ដើម្បី​គោលដៅ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០ រយៈពេល​១៥​ខាងមុខ គឺ​ត្រូវតែ​ពឹង​ផ្អែកលើ​ស្ថិតិ​ទិន្នន័យ​ដែល​យើង​គ្រប់គ្នា​បាន​កំពុង​អនុវត្ត​នេះ ។​លោក​ក៏​មានការ​ជឿជាក់ថា សម្រាប់​ការធ្វើជំរឿន​ប្រជាជន​ទូទៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ លោក លោកស្រី​ជា​អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដែលជា​ថ្នាក់ដឹកនាំ​នៅតាម​ថ្នាក់រដ្ឋបាល​និ​មួយៗ នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ឲ្យ​ការ​ជំរឿន​ទូទៅ​ប្រជាជន​ក្នុង​ខេត្តសៀមរាប​របស់​យើង អនុវត្ត​ទៅបាន​ដោយ​រលូន​និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក ។​

លោក​បានធ្វើ​ការបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ ស្ថិតិ និង​ព័ត៌មាន អំពី​ការធ្វើ​ជំរឿន គឺ​វា​ជា​មូលដ្ឋានគ្រឹះ​ដ៏​ចម្បង​មួយ​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេសមួយ មិនតែប៉ុណ្ណោះ​ទិន្នន័យ ស្ថិតិ និង​ព័ត៌មាន​នេះ ក៏​ក្លាយជា​ការត្រៀម​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​យើង​នឹង​ជួបប្រទះ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​នាពេលខាងមុខ​ផងដែរ ៕B/