ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សាលដីកា​តុលាការ​កំពូល​

176

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សាលដីកា​តុលាការ​កំពូល នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ​។

ជាមួយគ្នា​នោះ​ក៏បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​នូវ​អនុសាសន៍​ទាំងស្រុង របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​អំពាវនាវ ឲ្យ​ជនរួមជាតិ​រក្សា​ភាពស្ងប់ស្ងាត់ និង​ធានាថា លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា​នៅតែ​បន្ត​ដំណើរការ​។​

​នៅក្នុង​ញត្តិ​គាំទ្រ​របស់ អភិបាលខណ្ឌ​ឬ​ស្សី​កែវ លោក ជា ពិសី ដែល​យើង​ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​បាន​គូសបញ្ជាក់ថា ការចេញ​សាលដីកា​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​តុលាការ​កំពូល គឺជា​រឿង​ស័ក្តិសម​បំផុត​ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ របស់​គណបក្សប្រឆាំង​មួយ​នេះ ហើយ​មិនអាច​អត់ឱន​ឲ្យ​បាន​នោះឡើយ​។​

​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៏បាន​បង្ហាញ​ការគាំទ្រ​ផងដែរ​ចំពោះ​វិធាន​ការបន្ត ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការបន្ត​ទប់ស្កាត់​ឧបាយកល បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ក៏ដូចជា​ការប្តេជ្ញា​ថែរក្សា​ការពារ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ប្រឆាំង​ទប់ស្កាត់​បក្សនយោបាយ និង​ក្រុម​អ្នកនយោបាយ ដែល​ឃុបឃិត និង​បម្រើ​ផលប្រយោជន៍​បរទេស​។​

​ក្រោយ​មាន​សាលដីកា​សម្រេច​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ការ​ស្ងប់ស្ងាត់ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង​អំពាវនាវ​ឱ្យ​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​មិនបាន​បិទ​សិទ្ធិ​នយោបាយ បន្តធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​ដទៃ ឬ​បង្កើត​គណបក្សនយោបាយ​។ ប្រសិនបើ​ពួកគាត់​ចង់​នៅតែ​បន្ត​តួនាទី​ខ្លួន សម្តេច​ប្រកាស​បន្ត​ស្វាគមន៍ ដែល​ពួកគេ​មាន​ពេល​១​សប្តាហ៍ ដើម្បី​ធ្វើការ​សម្រេចចិត្ត​៕S/​ដោយៈ​សាវ​រក្ស​