ដោយៈរ៉ាម៉ន/ភ្នំពេញៈរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចយកកម្រៃសេវាដឹកជញ្ជូនអ្នកដំណើរតាមកាណូតបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការមិនយកកម្រៃអស់រយៈពេលជិតមួយឆ្នាំរួចមកហើយ។នេះបើយោងតាមសេចក្តីជូនដំណឹងកាលថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩។ប៉ុន្តែទោះបីជាយ៉ាងណាក្តីជនមួយចំនួនក៏មិនត្រូវបានយកកម្រៃសេវាផងដែរដោយអនុវត្តដូចទៅនឹងសេវាដឹកជញ្ជូនរបស់រថយន្តក្រុងសាធារណៈ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមផ្លូវគោកនិងផ្លូវទឹកក្នុងន័យជួយកាត់បន្ថយការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតសេវាកាណូតដឹកជញ្ជូនអ្នកដំណើរពីសួនច្បារឬស្សីកែវដល់ក្រុងតាខ្មៅដោយបានចាប់ដំណើរកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៨ហើយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយមិនបង់ប្រាក់រហូតដល់បច្ចុប្បន្ន។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថាបន្ទាប់ពីគោលការណ៍ជិះកាណូតដោយមិនបង់ប្រាក់បានផុតកំណត់នោះរដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការកែសម្រួលសេវាកាណូតដឹកអ្នកដំណើរសាធារណៈ(TaxiBoat)និងកំណត់តម្លៃសំបុត្រដូចតទៅ៖-តម្លៃសេវាកាណូតសាធារណៈត្រូវបានកំណត់លើការជិះមួយ លើកតម្លៃ ២០០០រៀល ក្នុងមួយនាក់ ។២-ករណីលើកលែងមិនគិតថ្លៃសេវាគឺអនុវត្តដូចសេវា រថយន្តក្រុង (City Bus)រួមមានព្រះសង្ឃជនពិការ សិស្ស និស្សិត ចាស់ជរាអាយុចាប់ពី៧០ ឆ្នាំឡើងទៅ កុមារមានកម្ពស់ក្រោមមួយម៉ែត្រមកជាមួយឪពុកម្ដាយឬអាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនីនិងលោកគ្រូអ្នកគ្រូនៃស្ថាប័នរដ្ឋ៕សរន