ប្រកាស​តែងតាំង​អភិបាលរង​ខេត្តស្វាយរៀង​និង​អភិបាលស្រុក​កំពង់រោទិ៍​

1500
ចែករម្លែក
  • 61
    Shares

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក​ឡាំ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​មុខតំណែង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​និង​ប្រកាស​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់រោទិ៍​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន លោកស្រី​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គ​ស្នងការរង​នគរបាលជាតិ​អគ្គលេខាធិការរង​អស់លោក​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​មន្ត្រី​ចំណុះ​ខេត្ត​ប្រមាណ ៣៥០​នាក់ ។​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​រដ្ឋលេខាធិការ និង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​បានផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី និង​ចូលរួម​ក្នុង​ពិធី​នៅថ្ងៃនេះ​ព្រមទាំង​បានបង្ហាញ​ជូន​ពី​លទ្ធផល​ការងារ​សំខាន់ៗ។

​រដ្ឋបាលខេត្ត​សម្រេចបាន​នាពេល​កន្លងមក រួមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការផ្ដល់​សេវាសាធារណៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត ព្រមទាំង​ការងារ​សំខាន់ៗ​ផ្សេងទៀត​ដែល​បម្រើ​ជា​ប្រយោជន៍ និង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

​លោក​រដ្ឋលេខាធិការ ក្នុងនាម​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ និង​បាន​ផ្ដាំផ្ញើ​ចំពោះ​លោក​អភិបាលរង​ខេត្ត និង​លោក​អភិបាលស្រុក ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវខិតខំ​ប្រឹងប្រែង​សហការ ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត ស្រុក ឲ្យ​មានការ​រីកចម្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ ប្រកបដោយ​សេចក្ដីសុខសាន្ដ​បន្ថែមទៀត។

ដោយឡែក​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ចាត់តាំង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើយ៉ាងណា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ចំពោះ​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និង​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ​ប្រសើរ​ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមគ្នា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ព្រំដែន និង​ការបង្ការ ទប់ស្កាត់​បទល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ ។

​សូមបញ្ជាក់ថា យោងតាម​អនុក្រឹត្យ​លេខ​៩៤១ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ពុធ ២​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវបានតែងតាំង លោក សុខ រស់ ឋានន្តរស័ក្ដិ​វរមន្ត្រី ថ្នាក់​លេខ​៤ ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។​

អនុក្រឹត្យ​លេខ​៩៤០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ពុធ ២​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវបានតែងតាំង លោក សុច ពិសី ឋានន្តរស័ក្ដិ​វរមន្ត្រី ថ្នាក់​លេខ​២ ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់រោទិ៍ ៕S/​

​ប្រកាស​តែងតាំង​អភិបាលរង​ខេត្តស្វាយរៀង​និង​អភិបាលស្រុក​កំពង់រោទិ៍​