ប្រកាស​តែងតាំង​ អភិបាលខណ្ឌ​ច្បារអំពៅ​ថ្មី​ជា​ផ្លូវការ​

943
ចែករម្លែក

(​ភ្នំពេញ​)៖​ពិធី​ប្រកាស​ចូលកាន់​និង​ផ្ទេរតំណែង អភិបាលខណ្ឌ​ច្បារអំពៅ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៨ កក្កដា​នេះ​នៅ​សាលាខណ្ឌ​ច្បារ​​អំ​ពៅ ក្រោម​អធិបតីភាព​លោក​ឃួ​ង​ ​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​សាលា​រាជធានី អភិបាលខណ្ឌ​ទាំង​១២ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​លោក​ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌដង្កោ ត្រូវ​ចូល​ជំនួស​លោក អ៊ាង ស៊ី​ផាន ដែល​បាន​ផ្ទេរ​ភារកិច្ច​ទៅ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ចេង មុនី​រ៉ា​ ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ថ្នាក់លើ​មើលឃើញថា ជា​មន្ត្រី​ឆ្នើម​មួយរូប មាន​ទាំង​ចំណេះដឹង​​និង​សកម្ម​ក្នុង​ការងារ​មូលដ្ឋាន​ហើយ​អ្វីដែល​សំខាន់​មួយបែប​ទៀត​នោះ លោក​ចេង មុនី​រ៉ា ជា​មន្ត្រី​ដែល​ស្រលាញ់​ប្រជាពលរដ្ឋ​ដែល​តែង​ចុះជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ជានិច្ច​។​

​យោងតាម​អនុក្រឹត្យ ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច មាត្រា​១ ផ្ទេរ​ភារកិច្ច​លោក​អ៊ាង ស៊ី​ផាន​ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ និង តែងតាំង​លោក ចេង មុនី​រ៉ា​ឋានន្តរស័ក្តិ​វរមន្ត្រី​ ថ្នាក់​លេខ​៣ ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​៕ ដោយ៖វាសនា