ប្រកាស​តំណែង​​ប្រធានថ្មីនៃ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុករ​វៀង​ខេត្តព្រះវិហារ​

780
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៩​លោក​ហោ​ប៊ុន​ហ៊ួ​រ​អភិបាលស្រុក​រវៀង​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រវៀង​ខេត្តព្រះវិហារ​ជំនួស​លោក​អ៊ុង​វុទ្ធី​ដែល​ត្រូវ​ចូលនិវត្តន៍​។

​ប្រកាស​ចូលកាន់​តំណែង​នេះ​ក្រោម​វត្តមាន​លោក​អ៊ុន​ចាន់​ដា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត​ស្រុក​ឃុំ​ភូមិ​ជាច្រើនរូប​ទៀត​។​

​លោក​អ៊ុន​ចាន់​ដា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​មួយ​ដែល​ធំជាងគេ​ដែលមាន​ប្រជា​ប្រី​យ​ភាព​មានការ​គាំទ្រ​ច្រើន​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ​។​ត្រង់ចំណុច​នេះ​លោក​ប្រធាន​គណបក្ស​ខេត្តព្រះវិហារ​បាន​ជម្រុញ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្តធ្វើ​នូវ​អំពើ​ល្អជា​និច្ច​ជាមួយ​ប្រជាពលរដ្ឋ​។

​លោក​អ៊ុន​ចាន់​ដា​ក៏បាន​មានប្រសាសន៍​ជម្រុញ​ឱ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេស​លោក​ប្រធាន​គណបក្ស​ស្រុក​រវៀង​ដែល​ទើប​តែងតាំង​ថ្មី​ត្រូវមាន​សាមគ្គីភាព​គ្នា​ឯកភាព​ផ្ទៃក្នុង​ព្រោះ​កត្តា​សាមគ្គី​គឺ​នាំមក​នូវ​ជ​យ័​ជំនះ​។​លោក​ប្រធាន​សង្កត់ធ្ងន់ថា​គ្មាន​គណបក្ស​ណា​អាច​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ​។​មានតែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាច​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯងបាន​ដោយ​ផ្តើមចេញពី​ការបែកបាក់​សាមគ្គី​នេះឯង​។​

​ដូច្នេះ​ចំណុច​នេះ​គឺ​មិនត្រូវ​ឱ្យមាន​ជាដាច់ខាត​ត្រូវ​សាមគ្គី​គ្នា​ឯកភាព​ផ្ទៃក្នុង​រួមគ្នា​ធ្វើការ​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​។​ជាមួយគ្នានេះ​ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ជាប្រចាំ​គ្រប់​ទីកន្លែង​មិនមែន​ទាល់តែ​ដល់​រដូវ​បោះឆ្នោត​ទើប​នាំគ្នា​ចុះ​មូលដ្ឋាន​នោះទេ​។​

​លោក​ហោ​ប៊ុន​ហ៊ួ​រ​អភិបាលស្រុក​រវៀង​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ដែល​ត្រូវបានតែងតាំង​ថ្មី​នេះ បាន​ប្តេជ្ញាចិត្ត​និង​ខិតខំ​ធ្វើការ ដោយ​រួមសហការ​ជាមួយ​មន្ត្រី​គណបក្ស​គ្រប់លំដាប់​ថ្នាក់ ទូទាំង​ស្រុក​រវៀង​ដើម្បី​ដណ្តើម​ជ័យ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត​៕S/