ប្រកាស​ទទួលស្គាល់​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​

710
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកុ​ម្ភៈ ឆ្នាំ​២០១៩​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍រ​បស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ឆ្នាំ ២០១៨ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ និង ប្រកាស​ទទួលស្គាល់​ប្រធានកិត្តិយស អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ចំណុះ​យោធភូមិភាគ​ទី​៤ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និង ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កណ្តាល និង ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

ក្នុង​ឪ​កាស​នោះ​ក៏បាន​ប្រកាស​ទទួលស្គាល់​ប្រធានកិត្តិយស អនុប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​បន្ថែម​របស់​សមាគម អតីតយុទ្ធជន​កម្ពុជា ចំណុះ​យោធ​ភូមិ​ភាគ​ទី​៤ ដែលមាន សមាសភាព​ចំនួន ០៩​រូប ក្នុងនោះ​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ប្រធានកិត្តិយស ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និង ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កណ្តាល និង ជា​អគ្គលេខា ធិ​ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ក៏បាន​ធ្វើការ​គាំទ្រ​នូវ​រាល់​លទ្ធផល​​ដែល​សមាគម​អតីតយុទ្ធជន​កម្ពុជា យោធភូមិ​ភា​ទី​៤ ទទួលបាន ក្នុង​ឆ្នាំ​២០១៨ និង ឯកភាព​លើ​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩​ផងដែរ ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បញ្ជាក់ថា នេះ ជាការ​រួមចំណែក ក្នុងការ​ដោះស្រាយ​នូវ​រាល​បញ្ហា​របស់​អតីតយុទ្ធជន នៅតាម​បណ្តា​ខេត្ត ព្រមទាំង​បានធ្វើ​ការប្រគល់​នូវ​សេចក្តី​សម្រេច ដល់​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ជា​ប្រធានកិត្តិយស នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា នៃ​យោធភូមិភាគ​ទី​៤​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើងថា ក្នុងនាម​ជា​ស្ពាន​នៃ​សេនាធិការ​ឲ្យ​សម្តេច​ប្រធាន ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ របស់ អតីតយុទ្ធជន ក្នុងឋានៈ​ជា​អគ្គ​បញ្ញា​ការ និង សេនាធិការ​គ្រប់​បណ្តា​ក្រុង ស្រុក ក្នុងការ​ប្រគល់​ភារកិច្ច​បន្ត ក្នុង​ក្របខ័ណ្ឌ​នយោបាយ ។ ម្យ៉ាងវិញទៀត ក៏​ជាការ​បំពេញបន្ថែម​សមាសភាព​ឲ្យ​សមាគម​អតីតយុទ្ធជន មាន​ភារកិច្ច​ក្នុង​ការមើល​ការខុសត្រូវ ចំពោះ​បងប្អូន​អតីត យុទ្ធជន ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ជាដើម ។

នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក៏បាន​សង្កត់ធ្ងន់ ចំពោះ​គ្រប់​អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ភូមិ ក្នុងការ​គ្រប់គ្រង​ដី​របស់​រដ្ឋ សំខាន់​ដីធ្លី​ដែល​រាជរដ្ឋាភិបាល បានប្រគល់​ឲ្យ​ទុក​សម្រាប់ធ្វើ​ការបែងចែក​ជូន​ដល់​បង ប្អូន​អតីតយុទ្ធជន ហើយ​ដី​មួយចំនួន​ត្រូវ​ប្រជាពលរដ្ឋ​ចូលមក​ទន្ទ្រាន​កាន់កាប់ ព្រមទាំង​បានធ្វើ​ការលក់ដូរ​ពីមួយ​ទៅមួយ​ទៀតផង ។​

បញ្ហា​ទាំងនេះ ក៏​ជា​កំហុសឆ្គង​មួយចំនួន របស់​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​គ្រប់គ្រង​ចំពោះ​លំហូរ​ចូល​របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើក នូវ​បទ​ពិសោធន៍ និង ផ្តល់​អនុសាសន៍​មួយចំនួន ដែល​អគ្គលេខាធិការ អនុវត្ត​ទទួលបាន​ជោគជ័យ​កន្លងមក ក្នុងការ​ដោះស្រាយ​បញ្ហា ទាំងនេះ ប្រកបដោយ​សន្តិវិធី ទៅតាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​សង្គម​ផង និង ប្រជាពលរដ្ឋ​ផងដែរ ។​

ក្នុងនោះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ទទួល​នូវ​រាល់​សំណូមពរ របស់​សមាគម​អតីត​យុទ្ធជន​គ្រប់​ខេត្ត ដែល​បានលើកឡើង ព្រមទាំង​បានធ្វើការ​កោត សរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​សមាគម​គ្រប់​ខេត្ត លើ​ការគ្រប់គ្រង និង ដោះ​ស្រាយ​បាន​ទាន់ពេលវេលា ជូន​ដល់​ក្រុមគ្រួសារ បងប្អូន​អតីតយុទ្ធជន​យើង​ផងដែរ៕B/