ប្រកាស​ទោស មន្ត្រី​អង្គរក្ស​ម្នាក់ និង​មន្ត្រីឃុំ​ម្នាក់ រឿង​ឆបោក និង​ក្លែង​ឯកសារ ក្រោយ​ចូលឆ្នាំថ្មី

852
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: បន្ទាប់ពី​បាន​បើកសវនាការ ជំនុំជម្រះ​ទោស ចំនួន ០២ សំណុំរឿង ចប់សព្វគ្រប់ នៅ​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៨​នេះ លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេច​លើក​ពេល ទៅ​ប្រកាស​សាលក្រម​សំណុំរឿង មន្ត្រី​កង​អង្គរក្ស​ម្នាក់ និង​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ បទល្មើស ឆបោក​លុយ ជិត​១​លាន ដុល្លារ និង​ក្លែង​ឯកសារ​ដីធ្លី ទៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​ខាងមុខ​។​

​លោក ចែ សុង ជា​តំណាង​អយ្យការ នៃ​សវនាការ បាន​ចោទប្រកាន់​លើ​ជនជាប់ចោទ​ទី​១​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជា​មន្ត្រី​កង​អង្គរក្ស និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ពីបទ ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង និង​ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅក្នុង​សវនាការ​នា​ព្រឹក​មិញ​នេះ ជនជាប់ចោទ​ទាំង ០២​នាក់ បាន​បដិសេធ ថា​ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​នោះទេ​។

​ពួកគេ​បាន​ឆ្លើយ​ដាក់ឈ្មោះ នាក់ វិចិត្រ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាត់ទៅហើយ​។​

​យោងតាម​អំ​ណាន​បណ្តឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ ណុប ម៉ូ​វ ភេទ​ស្រី មាន​ប្តី​ឈ្មោះ​ឃឹម សុខ នៅ​អំឡុង​២០១៣ បាន​ស្គាល់​ក្រុម​ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ ដែលជា​អ្នករកស៊ី​នៅ ខេត្តកំពត ដោយមាន​ការទុកចិត្ត ដោយ​ការជឿទុកចិត្ត​ទើប​ប្រគល់​លុយ​កក់​ចំនួន ៥​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ជួយ​រក​ទិញ​ដី​ចំនួន ៦០០០​ហិកតា ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​មួយ​។​

​ក្រោយមកទៀត ដើមបណ្តឹង បានប្រគល់ ប្រាក់​ចំនួន ៧៥​ម៉ឺន​ដុល្លារ​ទៀត ទៅ​ឲ្យ​ក្រុម​ជនជាប់ចោទ ជួយ​ទិញ​ដី​ចំនួន ២០០៥ ហិកតា​បន្ថែម​។​

​ប៉ុន្តែ​ក្រោយពី​បានទទួល​លុយ​រួច ក្រុម​ជនជាប់ចោទ បានត្រឹមតែ ប្រគល់​ប្លង់ដី​ក្លែងក្លាយ និង​គ្មាន​ដី​ពិត​ប្រា​កក់​ឲ្យ​ដើមបណ្តឹង​នោះទេ រួច​ក៏​រត់​គេ​ខ្លួន​បាត់ស្រមោល ទើប​ដើមបណ្តឹង​បានសម្រេច​ដាក់ពាក្យ​ប្តឹង នៅ​ខេត្តកំពត និង​ខេត្តកណ្តាល តែ​តុលាការ មិនបាន​រក​យុត្តិធម៌​ឲ្យ​បាន ក៏​បន្ត​ប្តឹង​ឲ្យ​តុលាការក្រុង​ភ្នំពេញ​ជួយ​រក​យុត្តិធម៌ រហូត​ចាប់ខ្លួន ក្រុម​ជនជាប់ចោទ​បាន យកមក​ផ្តន្ទាទោស​តាមច្បាប់​តែម្តង​។​

​ដើមបណ្តឹង​បាន​សម្តែង​ក្តី​សង្ឃឹមថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ពួកគាត់​ជា​ជន​ង​គ្រោះ និង​ផ្តន្ទាទោស​ជនជាប់ចោទ ឲ្យ​សម​តាម​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។​

​ដើមបណ្តឹង​បាន​ទាម​ប្រាក់​ដើម​ដែល​បាត់បង់ ទាំង​២​លើក សរុប ៨០​ម៉ឺន​ដុល្លារ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត សរុប​ចំនួន ៣​លាន ៥​ពាន់​ដុល្លារ ពី​ក្រុម​ជនជាប់ចោទ​។​

​ពាក់ព័ន្ធ នឹង​សំណុំ​រឿងនេះ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ សាច់ញាតិ​របស់​ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ បាន​ប្តឹង​មេធាវី​ការពារ​សិទ្ធិ​របស់​ពួកគេ​ទី​១​ឈ្មោះ នូ ចន្ថា និង​ទី​២​ឈ្មោះ ថា សុភ័ក្ត្រ ជា​ក្រុម​មេធាវី​នៃ​ការិយាល័យ មេធាវី អិន ស៊ី ធី មាន​ទីតាំង​ផ្ទះ​លេខ​៣០ អឺ​១ ផ្លូវ​៣៥០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ចោទប្រកាន់ថា មេធាវី​ទាំង ២​នាក់ បាន​ស៊ីដាច់​លុយ ២៥,០០០​ដុល្លារ ជា​លុយ​រត់ការ​ដោះ​ជនជាប់ចោទ មិនបាន​សម្រេច ដូច​ការសន្យា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ចា​រុណ មេបញ្ជាការរង កង​អង្គរក្ស សម្តេច តេ​ជោ ហ៊ុន សែន ធ្លាប់បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន ដោយ​ច្រានចោល​ថា ជនជាប់ចោទ​ឈ្មោះ ស៊ុន សៀង គ្មាន​ឈ្មោះ ជា​មន្ត្រី​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស របស់​សម្តេច តេ​ជោ ហ៊ុន សែន នោះទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ចា​រុណ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ជួយ​រាយការណ៍​ជូន​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច ប្រសិនបើ​មាន​ជន​ណា ហ៊ាន​យក​តួនាទី​ជា​កង​អង្គរក្ស ទៅប្រើ​ប្រាស់ ដោយ​ខុសច្បាប់ និង​ខុសពី​កា​រត​ព្វ​កិច្ច​របស់ខ្លួន ពោលគឺ​ដើរ​បោកប្រាស់ ប្រជាពលរដ្ឋ​ស្លូតត្រង់ ដើម្បី​ប្រយោជន៍​ទុច្ចរិត​ផ្សេងៗ ព្រោះ​ទង្វើ​បែបនេះ​ជាការ​ធ្វើឱ្យ​បះ​ពាល់​ដល់ ស្ថាប័ន​កង​អង្គរក្ស យ៉ាងធ្ងន់ធ្ងរ និង​មិនអាច​លើក​ឱ្យបាន​នោះទេ​។

​កាលពីពេល​ថ្មីៗ កន្លងទៅ សម​ត្តេ​ច តេ​ជោ នាយករដ្ឋមន្ត្រី ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យ​តុលាការ ចាត់ការ​តាមច្បាប់​ឱ្យ​តឹងរឹង​បំផុត ចំពោះ​ជន​ណា ទោះជា​ពាក់​ផ្កាយ​ប៉ុន្មាន​ក៏ដោយ ដែល​ហ៊ាន​យក តួនាទី​ជា​កង​អង្គរក្ស​ទៅប្រើ​ប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។​

​ដោយឡែក​យោងតាម ប្រកាស លេខ ៥១៩ ប្រ​.​ក របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយមាន​ហត្ថលេខា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខា​ក្រសួងមហាផ្ទៃ បានសម្រេច ដក​បេក្ខភាព​ជនជាប់ចោទ​ឈ្មោះ ហេង សាន ពី​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដោយ​ដាក់​បេក្ខភាព​ថ្មី​ជំនួស​វិញ​។​

​សូម​ជម្រាបជូន​ថា ជនជាប់ចោទ​ទី​១​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ចៅក្រម​ស៊ើប នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ២​រូប បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ តាមរយៈ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ចំនួន​២ ក្នុង​សំណុំរឿង​ពីរ​ផ្សេងៗ​គ្នា រួមមាន​៖

-​ទី​១ ដីកា បង្គាប់​ឱ្យ​ឃុំខ្លួន របស់ លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​ជន​ត្រូវ​ចោទ ទាំង​២​នាក់ ពីបទ ឆបោក ប្រាក់​កក់​ថ្លៃ​ដី ចំនួន ៥​ម៉ឺន​ដុល្លារ ពី​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​បទ​ចោទ ឆបោក​នេះ ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ​៣​ឆ្នាំ​។​

-​ទី​២​ដីកា បង្គាប់​ឱ្យ​ឃុំខ្លួន របស់លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់ ជន​ត្រូវ​ចោទ​ទាំង ២​នាក់ ខាងលើ​ពីបទ ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង និង​ឆបោក ដោយ​ក្លែងបន្លំ​ស្នា​មេដៃ​ប្រជាពលរដ្ឋ ជាង​១០០​នាក់​ថា​ជា​ម្ចាស់​ដី​នៅ​ខេត្តកំពត ចំនួន ៦០០០ ហិកតា និង​ប្រើ​តួនាទី​ជា​កង​អង្គរក្ស សម្តេច តេ​ជោ ដើម្បី​ទៅ​លក់​ដី​ខ្យល់​នោះ​ទៅឱ្យ​ជនរងគ្រោះ បោកប្រាស់​យកលុយ ប្រព្រឹត្ត​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​បទ​ចោទ ឆបោក ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ​៣​ឆ្នាំ​។ ចំណែក​បទ​ចោទ ក្លែងបន្លំ ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​បទ ប្រើប្រាស់​លិខិត​ក្លែង ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ ផងដែរ​។

​គួររំលឹកថា សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំង ២​នាក់​ខាងលើនេះ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ធ្វើឡើង​តាម​ដីកា បង្គាប់​ឱ្យ​នាំ​ខ្លូន លេខ ១០០៦ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ និង ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១០០៧ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ របស់លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ឆបោក ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០,០០០​ដុល្លារ យកទៅ​ទិញ​ដី​ចំនួន ៦០០០​ហិកតា នៅក្នុង​ខេត្តកំពត តែ​គ្មាន​ដី​ឱ្យ​ដើមបណ្តឹង​៕ ល​

#