ប្រកាស​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​មុនពេល​ការប្រកួត​ជើងឯក​មកដល់

1030
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានប្រកាស​ដល់​បណ្ដា​ក្លិប​-​សមាគម ដែលជា​សមាជិក​របស់​ខ្លួន​ទូទាំងប្រទេស ឲ្យ​បញ្ជូន​ឈ្មោះ​គ្រូ ឬ​អាជ្ញាកណ្ដាល​របស់ខ្លួន​មួយ​ក្លិប ឬ​សមាគម​២​រូប មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​វាយ​សី កម្រិត​អន្តរជាតិ​(Umpire)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បញ្ជាក់ថា នេះ​ជា​ផ្នែក​មួយ នៃ​ការបន្ត​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​ចលនា​អាជ្ញាកណ្ដាល​វាយ​សី ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ឈានទៅរក​ភាព​រីកចម្រើន​នៅក្នុង​ឆាក​អន្តរជាតិ​។​

​លោក​បន្តថា នេះ​ជាវ​គ្គ​អាជ្ញាកណ្ដាល (Umpire) កម្រិត​អន្តរជាតិ ដែល​សហព័ន្ធ​បើក​ឡើង ដោយ​សហការ​ជា​សហព័ន្ធ​កីឡា​វាយ​សី​ទ្វីបអាស៊ី​។ តាម​ការគ្រោងទុក វគ្គ​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់ទី​៩ វិច្ឆិកា​ខែក្រោយ​នេះ ។​

​តាម​ធម្មតា​មុនពេល​ប្រកួត​ជើងឯក​ថ្នាក់ជាតិ សហព័ន្ធ​តែងតែ​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​បែបនេះ​។ ការប្រកួត​ជើងឯក​ជាតិ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១​ដល់​១៤​វិច្ឆិកា ឯ​វិញ្ញាសា​សម្រាប់​ប្រកួត​មិនទាន់​កំណត់​នៅឡើយ​ទេ​៕ ល​