ប្រកាស​ផ្ទេរ​ភារកិច្ច​អធិការ​ខណ្ឌ​សែន​សុខ​, លោក ហួរ ម៉េង​វ៉ាង ជំនួស​លោក ម៉ក់ ហុង​

1382

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​មន្ដ្រីនគរបាល​រាជធានី​ភ្នំពេញ ក្នុងនោះ​ក៏មាន​ការប្រកាស​ផ្ទេរ​ភារកិច្ច​អធិការនគរបាល​ខណ្ឌ​​សែន​សុខ និង​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។​

លោក ហួរ ម៉េង​វ៉ាង (ស្តាំ)និងលោក ម៉ក់ ហុង​(កណ្តាល)

​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ការចូលរួម​ពី​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​ស្នងការ​នគរ​​បាល រាជធានី​ភ្នំពេញ ព្រមទាំង​ស្នងការរង នាយការិយាល័យ និង​អធិការ​ខណ្ឌ​ទាំង​១២​ផងដែរ​។​

​យោងតាម​ការសម្រេចរ​បស់​ក្រសួងមហាផ្ទៃ​លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ ត្រូវបានតែងតាំង​ជា​អធិការនគរបាល ខណ្ឌ​សែន​សុខ​ថ្មី ជំនួស​លោក ម៉ក់ ហុង ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​នាយការិយាល័យ​នគរបាល​ទេសចរណ៍​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច​មន្ដ្រី ២​រូប​គឺ លោក ម៉ក់ ហុង និង លោក ហួរ ម៉េង​វ៉ាង តាំងពី​ថ្ងៃ​១០​វិច្ឆិកា​ម្ល៉េះ​។​

​លោក​វរសេនីយ៍ត្រី ហួរ ម៉េង​វ៉ាង​ក៏ត្រូវ​បាន​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​ផងដែរ​។​

​អនុក្រឹត្យ​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយ នាយរង​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​អាន​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ប៉ុល សុគន្ធ អនុប្រធាននាយកដ្ឋាន​បុគ្គលិគ តំណាង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​កំលាំង​ដែល​ត្រូវ​តែងតាំង​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​សរុប ២១៨​នាក់ ក្នុងនោះ តែងតាំង ផ្ទេរ​ភារកិច្ច​មាន ១៦២​នាក់ និង​បំពាក់​ឋានន្តរសក្តិ​ចំនួន ៥៦​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ម​ន្ត្រី្ត​នគរបាលជាតិ​ទាំងអស់ ពិសេស​នាយ នាយរង​នគរបាល​ចំណុះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើបនឹង​ទទួលបាន​មុខតំណែង តួនាទី និង​ឋានន្តរសក្តិ​ថ្មី​នាពេលនេះ បន្ត​ការ​ខិ​ត្ត​ខំប្រឹងប្រែង​អនុវត្ត​ការងារ​ជំនាញ​របស់​កម្លាំង​នគរបាលជាតិ​ឲ្យ​បានល្អ គោរព​តាម​បទបញ្ជា និង​ផែនការ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បានដាក់ចុះ​ត្រូវអនុវត្ត​ឲ្យ​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ។​

​ក្នុងឱកាស​នេះដែរ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​រួមសហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ ធ្វើការ​ទប់ស្កាត់ និង​ប​ង្រា្ត​ប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​រក្សា​សុ​វត្តិភាព សន្តិសុខ​ល្អ ជូន​ប្រជាពលរដ្ឋ ៕​ដោយ​៖​វាសនា​