ប្រកាស​ពានរង្វាន់​អ្នកឈ្នះ និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ប្រចាំឆ្នាំ​២០១៧

257

ភ្នំពេញ​៖​អ្នកនិពន្ធ​ប្រលោមលោក និង​អ្នកនិពន្ធ ផ្នែក​កំណាព្យ​រឿង ដែល​បាន​ចូលរួម​ប្រឡង​ស្នាដៃ​ប្រចាំឆ្នាំ​២០១៧ ត្រូវបាន​គេ​ប្រកាស​ជា​ផ្លូវការ ហើយ ដោយ​ក្នុងនេះ គេ​បាន​រកឃើញ​អ្នកទទួល​ជ័យលាភី ឈ្នះ​លើ​ការ​តែង​និពន្ធ​ប្រលោមលោក ចំនួន​៦​រូប និង​អ្នកឈ្នះ​ជ័យលាភី លើ​ការនិពន្ធ​កំណាព្យ រឿង​ចំនួន​២​រូប​។​
​សម្រាប់​ការរៀបចំ​ប្រឡង​ជ្រើសរើស​ស្នាដៃ តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង នៅ​ឆ្នាំ​នេះដែរ ត្រូវបាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន ដាក់​ប្រធានបទ​ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ ដោយ​ប្រធានបទ ក្នុងឆ្នាំនេះ គឺ​អនុ​ញ្ញា​ឱ្យ បេក្ខជន អាច​តែង​និពន្ធ​បែប​លក្ខណៈ​សេរី ដែលមាន​ភាពងាយស្រួល សម្រាប់​អ្នកនិពន្ធ​គ្រប់រូប បាន​បញ្ចេញ​នូវ​ទេពកោសល្យ ដែល​ខ្លួន​មាន​។ ក្នុងឆ្នាំនេះ​ដែរ​នាយកដ្ឋាន​សៀវភៅ និង​ការអាន​បានទទួល​ស្នាដៃ​ប្រលោមលោក​ចូលរួម​ប្រកួតប្រជែង ចំនួន​២០​ស្នាដៃ កំណាព្យ​រឿង​១០​ស្នាដៃ សរុប​មាន​ចំនួន ៣០​ស្នាដៃ ក្នុងនេះ មាន​អ្នកនិពន្ធ​ចាស់ ៦០ ភាគរយ និង​អ្នកនិពន្ធ​ថ្មី ចំនួន​៤០​ភាគរយ​។​
​ដោយឡែក​ចំពោះ​លទ្ធផល ក្នុងការ​ប្រឡង​នេះ បេក្ខជន និង​បេ​ក្ខ​នារី ដែល​ទទួលបាន​ជ័យលាភី​គឺ​៖ ជ័យលាភី​លេខ​១ ផ្នែក​ប្រលោមលោក រឿង​”​ផ្កា​ក្នុង​ចិត្ត​” បាន​ទៅលើ លោកស្រី និ​ន្ទ ប៊ុន​នី មកពី​ខេត្តស្ទឹងត្រែង​។ លេខ​២ បាន​ទៅ កញ្ញា អ៊ូច ជា​សុភា​រី មកពី​រាជធានី​ភ្នំពេញ ក្នុង​ស្នាដៃ​រឿង “​គ្មាន​ថ្ងៃ​បំភ្លេច​”​។ ជ័យលាភី​លេខ​៣ បាន​ទៅលើ​ប្រលោមលោក​រឿង “​កូន​សត្វ​ដែល​បាត់​មេ​” ដែលជា​ស្នាដៃ​និពន្ធ ដោយ​លោក ច​ន​ស៊ី​លីន មកពី​ខេត្តកណ្តាល​។ ជ័យលាភី​លេខ​៤​បាន​ទៅលើ​ប្រលោមលោក​រឿង “​ក្លិន​ម្អម​ខ្ទម​ស្នេហ៍​” និពន្ធ​ដោយ​លោកស្រី សួន​សុខ​នាង​។ ដោយឡែក លេខ​៥ បាន​ទៅលើ​ប្រលោមលោក​រឿង ”​ទឹកដោះ​ម្តាយ​ថ្លៃ​” និពន្ធ​ដោយ​លោក​គឺ​ម ចំរុង មកពី​ខេត្តកណ្តាល និង​លេខ​៥ ស្ទួន​ម្នាក់ទៀត​បាន​ទៅលើ​រឿង ”​កូនស្រី​នៃ​ក្តីសង្ឃឹម​” បាន​ទៅលើ​កញ្ញា យ៉ាង​ម៉េង​លាភ មកពី​រាជធានី​ភ្នំពេញ​។ ចំណែក​អ្នកទទួល​ជ័យលាភី ផ្នែក​កំណាព្យ​រឿង​លេខ​១ បាន​ទៅលើ​រឿង “​គូ​ភក្តី​” និពន្ធ​ដោយ​លោកស្រី ចាន់ មណី មកពី​រាជធានី​ភ្នំពេញ​។​លេខ​២ បាន​ទៅលើ​កំណាព្យ​រឿង “​ផ្កា​ក្រោម​សន្លឹក​” និពន្ធ​ដោយ​លោកស្រី និ​ន្ទ​ម៉ដ្ឋ​កុ​ណ្ឌ​លីន មកពី​ខេត្តស្ទឹងត្រែង​។
​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់ ដែល​បាន​រៀបចំឡើង នៅ​បណ្ណាល័យ​ជាតិ​កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៧ លោក ថៃ​នរៈ​សត្យា រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា គិត​រហូតមក​ដល់ពេលនេះ គេ​បានរៀបចំ​ការប្រឡងប្រជែង​ស្នាដៃ​និពន្ធ បាន​ចំនួន ១៩ លើក​ហើយ និង​ទទួលបាន​នូវ​ធនធានមនុស្ស​ថ្មី ក្នុង​វិស័យ​តែង​និពន្ធ បានជា​បន្តបន្ទាប់​។ បើទោះបី​យើង​ទទួលបាន​នូវ​ក្មេងខ្ចី​ពិតមែន ប៉ុន្តែ​វា​ជា​សកម្មភាព​មួយ ប្រកបដោយ​អត្ថប្រយោជន៍​ដ៏​ធំធេង និង​ជា​វិភាគទាន​មួយ​ដ៏​មានតម្លៃ ក្នុង​ការជួយ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ថ្មី​។ ជាមួយគ្នា វា​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញ​ឱ្យ​ពួកគេ​ស្រឡាញ់​ចូលចិត្ត​ការអាន ការសរសេរ តែង​និពន្ធ ដែល​ក្នុង​នោះបាន​បង្កប់​ទៅដោយ​ការអប់រំ​អត្តសញ្ញាណ និង​វប្បធម៌​ជាតិ តាមរយៈ​ការបញ្ចេញ​នូវ​ទស្សនៈ​ថ្មី ចំណេះ​ថ្មី ដែល​ពួកគេ​ទទួលបាន​ពី​សង្គម នា​យុគសម័យ​បច្ចុប្បន្ន​។​
​លោក​បានបញ្ជាក់​បន្ថែម​ថា “​បច្ចុប្បន្ន មាន​វប្បធម៌​បរទេស បាន​ហូរ​ចូលមក​ប្រទេស​ខ្មែរ​យើង​ច្រើន ដែលនាំឱ្យ​ស្ថានភាព​ជារួម​ក្នុង​ស្រទាប់​យុវជន​យើង​មានការ​ប្រែប្រួល​ឆាប់រហ័ស ហេតុនេះ មានតែ​យើងទាំងអស់គ្នា ត្រូវមាន​កា​រត​ព្វ​កិច្ច​ចូលរួម​ថែរក្សា​ការពារ​នូវ​តម្លៃ​អត្តសញ្ញាណ​ជាតិ​របស់​យើង ឱ្យ​រឹងមាំ ពីព្រោះថា ការងារ​ទាំងនេះ គឺជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា​ប៉ុណ្ណោះ​”​។​
​គួរ​បញ្ជាក់ថា ការប្រឡង​ស្នាដៃ​និពន្ធ នៅ​ឆ្នាំនេះ គេ​បាន​វិនិច្ឆ័យ​លទ្ធផល​ទៅលើ​លក្ខណៈ​បីយ៉ាង​គឺ​អត្ថរូប អន្ត​ន័យ និង​អត្ថបទ​៕MN.ដោយៈដេប៉ូ

បេក្ខជន​ទទួល​ជ័យលាភី​ផ្នែ​ប្រលោមលោក​និង​កណា​ព្យ​រឿង​ប្រចាំឆ្នាំ​២០១៧(​រូប​៖​ដេប៉ូ​)