ប្រកាស​ពី​ការប្រគល់​ដី​២​ហិច​តា​ដល់​អតីតយុទ្ធជន​ម្នាក់ៗ​ក្នុង​រាជធានី​ភ្នំពេញ បើ​ស្ម័ក្រចិត្ត​ទទួលយក​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ

1155
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ផ្ទៃដី​ទំហំ​២​ហិច​តា​នឹង​ប្រគល់ជូន​ទៅដល់​អតីតយុទ្ធជន​ក្នុង​ម្នាក់ៗ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ បើសិនជា​បងប្អូន​អតីតយុទ្ធជន​គ្មាន​ដីធ្លី​ផ្ទះសំបែង ហើយ​ស្ម័ក្រចិត្ត​ទទួលយក​នោះ​។​នេះ​បើតាម​ការបញ្ជាក់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​នាយសេនាធិការ​ចំរុះ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​នាយសេនាធិការ​ចំរុះ​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បានធ្វើ​ឡើង​កាល​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​ទិវា​អតីត​យុទ្ធ​កម្ពុជា​២១​មិថុនា​និង​ពិធី​បំពាក់​មេដាយ​ការពារជាតិ​ជូន​អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ជិត​៤០០០​នាក់​នៅ​មជ្ឈមណ្ឌល​មហោស្រប​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​អញ្ជើញ​ជា​អធិបតី​ក្នុងឱកាស​នោះដែរ​មាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​មានប្រសាសន៍ថា​៖ បងប្អូន​អតីតយុទ្ធជន​ដែល​គ្មាន​ដីធ្លី ផ្ទះសំបែង​យើង​ទាំងអស់ អាច​ទទួលបាន​ផ្ទៃដី​ទំហំ​ដី​២​ហិច​តា​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ បើ​បងប្អូន​ស្ម័ក្រចិត្ត​ទទួលយក ។​នាយ​ឧ​ត្ត​ម​សេនីយ៍​បានបញ្ជាក់​ទៀតថា​៖ នៅ​រាជធានី​ភ្នំពេញ​បើ​យោងតាម​ស្ថិតិ​គឺមាន​បងប្អូន​អតីតយុទ្ធជន​យើង​ចំនួន​ជាង​៥០០​គ្រួសារ​មិនមាន​ដីធ្លី​និង​ផ្ទះសំបែង​ស្នាក់នៅ ។ ដូច្នេះ​ទេ ក្នុង​ចំនួន​នេះ បើ​បងប្អូន​ស្ម័ក្រចិត្ត​ទៅ​រស់នៅ​ទីនោះ បងប្អូន​នឹង​ទទួលបាន​ផ្ទៃដី​ទំហំ​ដី​២​ហិច​តា ដី​នេះ​យើង​អាច​សាងសង់​ជា​ផ្ទះ​និង​ដំណាំ​រួមផ្សំ​កន្លះ​ហិកតា ហើយ​នៅសល់​១​ហិកតា​កន្លះ​ទៀត យើង​អាច​បង្កបង្កើត​ផល​បាន​។
​ចំពោះ​ការងារ​នេះ​បើ​បងប្អូន​អតីតយុទ្ធជន​យើង​ព្រម​ទទួល អាចធ្វើ​ការស្នើសុំ​ភ្លាម លោក​នឹង​សូម​ការសម្រេច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​ប្រគល់ជូន​ភ្លាម​តែម្តង​។​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​គួសបញ្ជាក់​ទៀតថា​៖ នៅ​ទូទាំងប្រទេស​មាន អតីតយុទ្ធជន​ជាង​៤០០០​គ្រួសារ​អត់​ផ្ទះ ហើយ​ក្នុង​១​ឆ្នាំ​សមាគមន​អតីតយុទ្ធជន​កម្ពុជា​យើង​ដោះស្រាយបាន​១០០០​ខ្នង​ហើយ យើង​ជឿ​ង​ជា​ក់ថា នឹង​សមាគមន​នឹង​អាច​ដោះស្រាយ​បានជា​បន្តបន្ទាប់​ទៀត ៕