ប្រកាស​ហាមឃាត់​ការប្រើប្រាស់​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់ ​ដើម្បី​ជួយ​ដល់​ការអភិរក្ស​សត្វ​ត្មាត​

302
ចែករម្លែក

ដោយ:មុនី​រ័ត្ន​,មូលសម្បត្តិ/​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ហាមឃាត់​ក្នុង​ការលក់ និង​ការប្រើប្រាស់​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​ នៅក្នុង​ប្រទេស​កម្ពុជា​ប្រយោជន៍​ដើម្បី​ការពារ​សត្វ​ត្មាត​មាន​សេសសល់​នៅ​កម្ពុជា ​ហើយ​ស្ថិតក្នុង​ស្ថានភាព​កំពុងតែ​ថយ​ចុះ និង​មានការ​គំរាមកំហែង​ឈានទៅរក​ការ​ផុត​ពូជ​។

លោកស្រី​វេជ្ជបណ្ឌិត Julia Stenkat បសុពេទ្យ​ប្រចាំ​អង្គការ​ACCB បាន​បញ្ជាក់ថា “​ថ្នាំ​ព្យាបាល​សត្វ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac) មិន​បង្ក​គ្រោះថ្នាក់​ចំពោះ​សត្វពាហនៈ និង​សត្វ​ចិញ្ចឹម​ដទៃទៀត​នោះទេ​។ ​ប៉ុន្តែ​ជា​មូលហេតុ​ធ្វើឱ្យ​សត្វ​ត្មាត​ស្លាប់​បាន​ប្រសិនបើ​ពួកគេ​ទៅ​ស៊ី​សាកសព​សត្វពាហនៈ​ ដែល​មុនពេល​ស្លាប់​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​”​។​

​ប្រភេទ​សត្វ​ត្មាត​ទាំងអស់​ ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​ការពារ​ដោយ​ច្បាប់​កម្ពុជា ហេតុនេះ​វិធាន​ការដែល​ចែង​ក្នុង​សេចក្តីប្រកាស​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការពុល​ដោយសារ​ធាតុ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​ទៅលើ​ពួកវា ខណៈដែល​សារធាតុពុល​នៃ​ថ្នាំ​គីមីកសិកម្ម​ដទៃទៀត​ដូចជា​ប្រភេទ​ថ្នាំ​កាបូ​ហ្វូ​រេ​ន​(carbofuran)​នៅតែ​បង្ក​ហានិភ័យ​ខ្ពស់​ធ្វើឱ្យ​ថយចុះ​នូវ​ចំនួន​សត្វ​ត្មាត​ក្នុងប្រទេស​កម្ពុជា​។​

ក្នុង​សេចក្តីប្រកាស​រួមគ្នា​មួយ​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ និង​អង្គការ​អន្តរជាតិ​ចំនួន​ប្រាំ​ផ្សេងទៀត​នៅ​ថ្ងៃទី​២៩​ ខែកក្កដា​នេះ​ បាន​រំលឹក​ទៀតថា​ឥណ្ឌា​កាលពី​អតីតកាល ​គឺជា​ប្រទេស​ដែលមាន​ចំនួន​សត្វ​ត្មាត​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​ ​ពោលគឺ​មាន​រហូត​ទៅដល់​រាប់លាន​ក្បាល​តែ​ចំនួន​សត្វ​ត្មាត​ ដែលមាន​ក្នុងប្រទេស​នេះ​ប្រមាណ​៩៩​ភាគរយ​ ត្រូវបាន​បាត់បង់​ដោយសារតែ​ការប្រើប្រាស់​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់​ក្នុងការ​ព្យាបាល​សត្វពាហនៈ​។ ការបាត់បង់​ស្ទើរតែ​គ្មាន​វត្តមាន​របស់​ពពួក​សត្វ​ស៊ី​សាកសព​ជា​អាហារ​នេះ​ពី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី បាន​បង្ក​ឲ្យ​ឥណ្ឌា​កើតមាន​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ​ពោលគឺ​សាកសព​សត្វពាហនៈ​រាប់លាន​ក្បាល​ត្រូវបាន​គរ​ចោល​ដោយ​គ្មាន​អ្នក​ស៊ីសំ​អាត​។

ទន្ទឹមនឹងនោះ ជំនួស​វិញ​ដោយ​ចំនួន​ឆ្កែ​អនាថា​មានការ​កើនឡើង ដែល​នេះ​គឺជា​មូល​ហេតុ​ បណ្តាលឱ្យមាន​កំណើន​មនុស្ស​ស្លាប់​ដោយសា​ជំងឺ​ឆ្កែឆ្កួត​។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់ ការនាំ​ចូល និង​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​នេះ ​ដោយ​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ប​សុ​ឪ​សថ​ប្រភេទ​មេ​ឡូ​ស៊ី​ខម​_(meloxicam) ជំនួស​វិញ ព្រោះ​វា​ជា​ប្រភេទ​ប​សុ​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​សត្វ​ដូចគ្នា ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ឆ្មាត​។ ក្រោយ​ដាក់ចេញ​នូវ​បំរាម បច្ចុប្បន្ន​មាន​ភស្តុតាង​បង្ហាញ​អំពី​ការកើនឡើង​វិញ​នៃ​ចំនួន​សត្វ​ត្មាត​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​ ដែលជា​ក្រុមការងារ​ដែលមាន​ការ​រួម​ផ្ដុំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​អភិរក្ស​មួយចំនួន​ ដើម្បី​ធ្វើការ​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​បាន​អះអាងថា​ សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ឈានទៅរក​ការវិនាស​ផុត​ពូជ​យ៉ាងខ្ពស់ ​ដោយ​ផ្អែក​លើក​លទ្ធផល​នៃ​ការអង្កេត​តាមដាន​ចាប់ពី​ផ្តើម​គម្រោង​រហូតដល់​បច្ចុប្បន្ន​ឃើញថា​ សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រមាណ​ជា​៥០​ភាគរយ​។ ការបំពុល និង​ការបាត់បង់​ទីជម្រក​គឺជា​មូលហេតុ​ចម្បង ដែល​បណ្តាលឱ្យ​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ​។ យោងតាម​លទ្ធផល​ជំរឿន​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​បង្ហាញថា សត្វ​ត្មាត​តែ ១២០​ក្បាល​ប៉ុណ្ណោះ​ត្រូវបាន​កត់ត្រា​ក្នុង​តំបន់​សំខាន់ៗ​ទាំងអស់​ដែលមាន​នៅ​កម្ពុជា​។​

នៅ​ឆ្នាំ ២០១៨ ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់ (diclofenac) ត្រូវបាន​រកឃើញ​ដាក់លក់​ជា​លើកដំបូង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា និង​ក្រោយមក​ក្រុម​កា​ងារ​នេះ បានស្នើ​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​មានការ​ហាមឃាត់​ប​សុ​ឱសថ​ប្រភេទ​នេះ។ មួយឆ្នាំ​ក្រោយមក​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស ហាម​ឃាត់​ការនាំ​ចូល ការចែក​ចាយ ផ្គត់ផ្គង់ (​រួមទាំង​ការប្រមូល​យក​វិញ​ពី​ទីផ្សា​)​និង​ការប្រើ​ប្រាស់​ប​ឱសថ​ប្រភេទ​នេះ​ក្នុង​គោលបំណង ​ដើម្បី​ជៀសវាង​ការកើត​មាននូវ​គ្រោះ​មហន្តរាយ​​ដូច ដែល​បាន​កើតឡើង​រួចហើយ​នៅ​ប្រទេស​ឥណ្ឌា​៕B/សរន

#