ប្រកាស និង ប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប

702
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ដើមី្បអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក នៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ចូលរួមផងដែរ។

លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃ សកម្មភាពការចុះតាមបណ្តាមូលដ្ឋាននៅខេត្តសៀមរាប ក្នុងការកំណែទម្រង់ស៊ីជម្រៅ ការសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ការដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។

យោងទៅតាមខ្លឹមសារនៃសេចក្តីសម្រេច ក៏មានការកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពមួយចំនួនផងដែរ ។ បន្ទាប់ពីការប្រគល់នូវសេចក្តីសម្រេចដល់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាបរួចមកមានប្រសាសន៍​នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការងារចុះមូលដ្ឋាននេះ គឺជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រី រាជការគ្រប់ជាន់ថ្នាក់ ក្នុងគោលដៅធ្វើឲ្យនៅតាមបណ្តាមូលដ្ឋាន មានការអភិវឌ្ឍន៍រីកចម្រើន ទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់នូវភាពក្រីក្រនៅកម្ពុជា ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានលើកនូវការណែនាំមួយចំនួន ដល់ក្រុមការងារគ្រប់ ថ្នាក់ទាំងអស់ឲ្យបានយល់ច្បាស់ ពីតួនាទី ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ក៏ដូចខេត្ត ក្នុងការចុះតាមបណ្តាមូលដ្ឋាននៅខេត្តសៀមរាប ក្នុងការកំណែទម្រង់ស៊ីជម្រៅ ដើមី្បសម្រេចឲ្យបាននូវគោលដៅ ជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកប​ដោយចក្ខុវិស័យ សំខាន់ការដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។

សម្តេចពិជ័យសេនាបានបន្តទៀតថា ជាងនេះទៅទៀតនោះលើការ ផ្តល់សេវាសាធារណៈ លើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និង ធ្វើការពង្រឹង ដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្ត រៀបចំបែងចែកក្រុមការងារថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ ក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំសង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងណាទទួលបាននូវ សំណូមពរ តម្រូវការ និងក្តីកង្វល់របស់ ប្រជាពលរដ្ឋ មកដោះស្រាយ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ ត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។

សម្តេចពិជ័យសេនា ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្ប​យក​ទៅអនុវត្តឲ្យទទួលបាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់៕B/