ប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនតាមវិទ្យាល័យ ស្វែងរកអ្នកឈ្នះទៅប្រកួតនៅជប៉ុន

730
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ក្រសួងអប់រំយុវជន និងកីឡានិងអង្គការអេអ៊ិលស៊ី​កុមុយ នីកេសិន បានសហការរៀបចំការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនតាមវិទ្យាល័យ ក្នុងគោលបំណងលើកទឹកចិត្តសិស្សឱ្យរៀនភាសាជប៉ុននិងបានឱកាសធ្វើការជាមួយក្រុមហ៊ុនឬសហគ្រាសជប៉ុននោស្រុកខ្មែរនិងនៅជប៉ុន។

ការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនតាមវិទ្យាល័យលើកទី១១នេះបានត្រូវធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិគ្រប់គ្រង។

លោកស្រីបណ្ឌិត ឡុច ល័ក្មស្មី  ប្រធានដេបាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា៖ការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនតាមវិទ្យាល័យ បានត្រូវបង្កើតឡើងក្នុងគោលបំណងជំរុញយុវសិស្សនៅវិទ្យាល័យ មានសេចក្តីក្លាហាននិងលើកទឹកចិត្តខិតខំប្រឹងប្រែងរៀនសូត្រភាសាជប៉ុន ដែលជាភាសាដ៏សំខាន់មួយ។នេះជាឱកាសមួយដែលសិស្សអាចមានឱកាសបន្តការសិក្សាភាសាជប៉ុននិងមានឱកាសបានធ្វើការជាមួយក្រុមហ៊ុន សហគ្រាសរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។

លោកស្រីបណ្ឌិត បានបន្តថា៖ សិស្សដែលដាក់ពាក្យចូលរួមប្រកួតប្រជែងមាន៣០នាក់មកពីវិទ្យាល័យចំនួន១២ តែសំរាំងយកតែ១០នាក់ចុងក្រោយមកពីវិទ្យាល័យ៧។ ប្រធានបទសម្រាប់ប្រឡ​ង​នេះទូលំទូលាយ ដោយសិស្សអាចជ្រើសរើសប្រធានបទដោយខ្លួនឯងទាក់ទងនឹងការអប់រំ បរិស្ថាន ទំនាក់ទំនងកម្ពុជា-ជប៉ុន និងវិស័យជាច្រើនទៀត។

លោកស្រីបណ្ឌិត ឡុច ល័ក្មស្មី  បានឱ្យដឹងថា៖ ជ័យលាភី ពីការប្រកួតនេះ នឹងបានជាតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុននៅទីក្រុងតូក្យូប្រទេសជប៉ុន។

លោក ពិត ជំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការគាំទ្រនិងអរគុណចំពោះការបង្កើតឱ្យមានការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនតាមវិទ្យាល័យនេះ។វាមានសារៈសំខាន់និងប្រយោជន៍សម្រាប់យុវសិស្សកម្ពុជាក្នុងការចាប់យកភាសា ជប៉ុន ដែលជាភាសាដ៏ចាំបាច់មួយសម្រាប់ការងារជាមួយក្រុមហ៊ុនជប៉ុនដែលមកបណ្តាក់ ទុននៅកម្ពុជាកាន់តែច្រើនក៏ដូចជាឱកាសបានទៅធ្វើការនៅប្រទេសជប៉ុន។

លោករដ្ឋលេខាធិការបានអំពាវនាវដល់សិស្សខិតខំរៀនសូត្រ និងស្វែងយល់ឱ្យបានច្បាស់ពីប្រទេសជប៉ុន ដែលកសាងប្រទេសមួយពីផេះផង់មកជាប្រទេសអភិវឌ្ឍនិងប្រទេសមហាអំណាចសេដ្ឋកិច្ច៕B/