ដោយ៖ សុផល / ភ្នំពេញ៖ ការិយាល័យទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅប្រទេសកម្ពុជា សហការជាមួយគ្រឹះស្ថានឧត្តមសិក្សា ជាសមាជិកបានរៀបចំការប្រកួតប្រជែងគម្រោងខ្នាតតូច (Concours Mini-projet) នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការប្រកួតនេះ រៀបចំឡើងក្នុងទិវា នៃការប្រើប្រាស់ភាសាបារាំងក្នុងគោលបំណងឆ្លុះបញ្ចាំងនូវចំណេះដឹងទូទៅគំនិតច្នៃប្រឌិត ក្នុងការកសាងគម្រោង និងភាពឆ្លាតវៀងវៃនៃនិស្សិតដែលសិក្សាជាភាសាបារាំង នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងបរិយាកាសសប្បាយរីករាយ។
តំណាងស្ថាប័ន ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រឺទ្ធសភា គ្រឹះស្ថានឧត្តមសិក្សា សភាពាណិជ្ជកម្មអឺរ៉ុបនិងបារាំង សាស្ត្រាចារ្យនិងនិស្សិត ប្រមាណ៣០០នាក់បានចូលរួមទស្សនានិងគាំទ្រការប្រកួតConcours Mini-projet ។
នេះជាលើកទី១ហើយដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)រៀបចំការប្រកួត គម្រោងខ្នាតតូចនេះក្នុងគោលដៅបំផុសឱ្យយុវជនមានគំនិតច្នៃប្រឌិត ចេះកសាងគម្រោងឬបង្កើតរបរឆ្លើយតបទៅនឹងបរិបទថ្មីនៅលើពិភពលោកនិងការរីកចំរើននៃសង្គម។
និស្សិតចំនួន៤ក្រុមមកពីសាកលវិទ្យាល័យខុសៗក្នុងរាជធានីភ្នំពេញរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចូលរួមប្រកួតដណ្តើមជ័យលាភីក្នុងឆ្នាំនេះ។
និស្សិតដែលមានសមាសភាពចំនួន៣នាក់ក្នុងមួយក្រុមៗត្រូវឆ្លើយសំណួរទាក់ទងនឹងចំណេះដឹងទូទៅទាក់ទិននឹងកីឡា ភាសាបារាំង ព្រឹត្តិការណ៏នានានិងវប្បធម៌ ទាំងក្នុងនិងក្រៅប្រទេស មុននឹងឆ្លងចូលវគ្គការពារគម្រោងនៅចំពោះមុខគណៈកម្មការមេប្រយោគ ដែលមានសមាសភាពតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបនិងក្រុមហ៊ុន។
នាឱកាសនោះផងដែរក៏មានសកម្មភាពសិល្បៈជាច្រើនដូចជាការច្រៀងជាបុគ្គលជាក្រុមនិងការលេងភ្លេងរបស់ប្អូនៗ និស្សិតដែលសិក្សាជាភាសាបារាំងមកពីសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ និងអង្គការភាពញញឹម នៃកុមារ ដើម្បីញ៉ាំងបរិយាកាសនៃការប្រកួតអោយកាន់តែឱឡារិកនិងសប្បាយរីករាយ។
និស្សិតដែលទទួលបានជ័យលាភីក្នុងការប្រកួតនេះ គឺជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជ័យលាភីលេខ២ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចំណាត់ថ្នាក់លេខ៣៕L