ប្រកួត​ជាមួយ​ថៃ​៖ ឡុង ឡា ចាញ់ សូត្រ ប៊ុន​ធី ឈ្នះ​

299
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​២ វិច្ឆិកា អ្នក​ប្រដាល់​កម្ពុជា ឡុង ឡា ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ផេ​ត ថា​នី (Phat Thany) ដោយ​ពិន្ទុ ។​

​តាមពិត ស្ថានភាព​នៃ​ការប្រកួត ប្រហាក់ប្រហែលគ្នា​ទេ ។ ឡុង ឡា វ៉ៃ​ចេញ​ច្រើន​មែន តែ​ការ​វ៉ៃ​ចេញ​របស់គេ ភាគច្រើន គឺ​វ៉ៃ​ខ្យល់ ចំពោះ ផេ​ត ថា​នី វិញ គេ​វ៉ៃ​ចេញ​មួយៗ តែមាន​ប្រសិទ្ធភាព​។ ឡុង ឡា មិនមាន​ស្នៀត​វ៉ៃ​អ្វី ដែល​អស្ចារ្យ​នោះទេ គេ​ប្រើ​កណ្ដាប់ដៃ និង​ព្យាយាម វាយ​កែង តែ​មិន​ចំ​គោលដៅ​ឡើយ ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ ជង្គង់​របស់គេ ល្អ ទោះបី​គេ​វ៉ៃ​ចេញ មួយៗ​មែន តែ​ការ​វ៉ៃ​ចេញ​របស់គេ ធ្វើឱ្យ ឡុង ឡា មិនអាច​ការពារ​បាន ។ ពួកគេ​ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក ដែល​លទ្ធផល​ចុងក្រោយ អ្នក​ប្រដាល់​ថៃ ផេ​ត ថា​នី បានទទួល​ជ័យជំនះ​ដោយ​ពិន្ទុ ។​

​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ក្រៀ​ង ក្រៃ (Kreang krai) ដោយ​ពិន្ទុ ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ រូបនេះ ធ្លាប់​ស្ពាយ​ខ្សែក្រវាត់ និង​លុយ ៥.០០០ ដុល្លារ ពី​ស្រុក​ខ្មែរ ទៅ​ស្រុកថៃ តែ​បន្ទាប់ពី​នោះមក ការប្រកួត​របស់គេ នៅ​សង្វៀន​ស្រុក​ខ្មែរ គេ​មិនសូវ​ជួប​សំណាង ល្អ​នោះទេ ។​

សកម្ម​លើស​ង្វៀន អាស៊ីអាគ្នេយ៍​

​ក្នុងជំនួប​ជាមួយ ប៊ុន​ធី ទោះបី​អ្នក​ប្រដាល់​ថៃ រូបនេះ រឹងមាំ និង មាន​ស្នៀត​វ៉ៃ​ល្អ ក៏ពិតមែន តែ​គេ​លំបាក​ជាមួយ ប៊ុន​ធី ដែល​ខ្ពស់ជាង ។ ស្ថានភាព នៅក្នុង​ការប្រកួត គេ​មិនសូវ​មានឱកាស វាយលុក​ឡើយ គឺ​គេ​ការពារ​ច្រើនជាង ព្រោះ​ជ​ង្អ​ង់ និង កែង​របស់​ប៊ុន​ធី គេ​មិនអាច​មើលស្រាល​បាន​នោះទេ ។ ពួកគេ ប្រកួត​គ្នា​ពេញ​ទាំង ៥ ទឹក​មែន តែ​លទ្ធផល​ចុងក្រោយ សូត្រ ប៊ុន​ធី ជា​អ្នក​បានទទួល​ជ័យជំនះ ដោយ​ពិន្ទុ ។​

​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវ​អ្នក​ប្រដាល់​ថៃ ផេ​ត កា (phat Ka) ទាត់​ឲ្យ​ខូចដៃ​ស្ដាំ នៅ​ទឹក​ទី​២ ។ នេះ​ជា​លើក​ទី​៦ ហើយ ដែល​អ្នក​ប្រដាល់ ទាំង ២ រូបនេះ ជួប​ប្រកួត​គ្នា ដែល​ការប្រកួត​ទាំង ៦ លើក​នេះ ពួកគេ​ប្រកួត​ស្មើគ្នា ចំនួន ២ លើក និង​ចាញ់ ឈ្នះ ២ លើក​ម្នាក់ តែ ផាន់ គ្រាន់ ចាញ់​លើក​នេះ គឺ​ចាញ់​ធ្ងន់​តែម្ដង ។​

​ចំពោះ​ការប្រកួត​សន្សំ​ពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការ ពារជាតិ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha) ដោយ​ពិន្ទុ ។ ពេលនេះ ៣ ប្រកួត​របស់​អ្នក​ប្រដាល់ ទាំង ២ រូបនេះ គឺ​ឈ្នះ​មួយ​ប្រកួត និង​ចាញ់ ២ ប្រកួត​ដូចគ្នា ។ ឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដា​ប់​ព្រ័ត្រ របស់​ពួកគេ​ទាំង ២ កាន់តែ​លំបាក​ហើយ​។ ពួកគេ នៅសល់​មួយ​ប្រកួត​ដូចគ្នា មិនដឹងថា នរណា​នៅ នរណា​ទៅ នោះទេ ។​

​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវ​អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat oubun) ប្រើ​ជង្គង់​អុក​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់ ២ ប្រកួត​ដូចគ្នា ឱកាស​របស់​ពួកគេ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ស្ថិតក្នុង​ភាពស្រពិចស្រពិល​នៅឡើយ ៕v