ប្រកួត​ប្រដាល់ ប៉ោយប៉ែត​សង្ក្រាន្ត នៅ​បន្ទាយមានជ័យ រដូវ​បុណ្យចូលឆ្នាំ​

856
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា​
​ភ្នំពេញ​:​ប្រធាន​សមាគម​ប្រដាល់ ខេត្តបន្ទាយមានជ័យ គឺ​លោក ថៃ អ៊ូ បានប្រកាស​ពី ការប្រកួត​ប្រដាល់ វ័យក្មេង ដណ្ដើម​ពានរង្វាន់ ប៉ោយប៉ែត​សង្ក្រាន្ត រយៈពេល ៣ ថ្ងៃ នា​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ខាងមុខនេះ ។​
​ ​
​លោក​ថៃ អ៊ូ បានឱ្យដឹងថា ការប្រកួត​រយៈពេល ៣ ថ្ងៃ នេះ គឺ​ថ្ងៃទី​១៤-១៥ និង ១៦ មេសា ដោយ​មួយថ្ងៃ ប្រកួត ៤ សង្វៀន ផ្សេងគ្នា ហើយ​ក្នុង​មួយ​សង្វៀន មាន ១០ គូ ។ លោក​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត និង​ក្រុង​ប៉ោ​ប៉ែត ដើម្បី​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ កើតមានឡើង ។​
​ ​
​សង្វៀន​ទាំង ៤ នោះ មាននៅ​ទីក្រុង​ប៉ោយប៉ែត ក្រុង​សេរី​សោភ័ណ វត្ត​បន្ទាយ​នាង និង វត្ត​ភូមិ​អូរ​ប្រាសាទ ។​

​ដោយសារ​សង្វៀន​នីមួយៗ មានការ​ប្រកួត ចំនួន​១០​គូ​នោះ ដូច្នេះ​ការប្រកួត​ទាំង ៤ សង្វៀន គឺមាន ៤០ គូ​ឯណោះ ។ នរណា ចង់​មើល​នៅ​សង្វៀន​ណា ទៅ​សង្វៀន​នោះ​ទៅ ។​
​ ​
​នេះ​ជាការ​ប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​សុទ្ធ មានតែ​សង្វៀន ក្រុង​ប៉ោយប៉ែត​មួយ​ប៉ុណ្ណោះ ដែលមាន​ការប្រកួត ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ ។​
​ ​
​បន្ទាយមានជ័យ គឺជា​ខេត្ត​មួយ ដែលមាន​អ្នក​ប្រដាល់​វ័យក្មេងៗ ច្រើនជាងគេ ។ លោក ថៃ អ៊ូ បានឱ្យដឹង​ទៀតថា ធនធាន​ប្រដាល់​វ័យក្មេងៗ នៅ​បន្ទាយមានជ័យ ច្រើនណាស់ លោក​បាន​លើកទឹកចិត្ត ឱ្យ​បណ្ដា​ក្លិប​ជា​សមាជិក​បណ្ដុះបណ្ដាល​អ្ន​ក​ប្រដាល់ វ័យក្មេងៗ ដោយ​លោក​ធានា រក​ទីផ្សារ​ឱ្យ​ប្រកួត និង​រក​ការឧបត្ថម្ភ បង្កើតឱ្យមាន​ការប្រកួត ព្រោះ​អ្នក​ប្រដាល់ បើ​មិនមាន​ការប្រកួត​ទេ នោះ កីឡាករ នឹង​រត់ចោល​ក្លិប ព្រោះ​ជាការ​ហ្វឹកហាត់ អត់​ប្រយោជន៍ តែ​លោក​ដែលជា​ប្រធាន​សមាគម លោក​ត្រូវតែ​បង្កើតឱ្យមាន​ការប្រកួត ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគេ ។​
​ ​
​មេ​សមាគម​ប្រដាល់ ជាយដែន​រូបនេះ បាន​បន្តថា ទោះ​មាន ឬ គ្មាន​ការឧបត្ថម្ភ​ក៏ដោយ ក៏​លោក​ត្រូវតែ​បង្កើតឱ្យមាន ការប្រកួត​ដែរ នៅពេល​មាន​ពិធីបុណ្យ​ទាន​នានា ហើយ​នេះ​ក៏​ជា​ប្រពៃណី របស់​អ្នក​ខេត្តបន្ទាយមានជ័យ​ផង ។ វត្ត​អារាម គឺជា​កន្លែង​រៀបចំ ការប្រកួត​ប្រដាល់​គុន​ខ្មែរ តាំងពី​បរម​បូរាណ មកម្ល៉េះ ហេតុនេះ យើង​ជា​អ្នកជំនាន់ក្រោយ ត្រូវ​រក្សា​នូវ​ប្រពៃណី​នេះ កុំ​ឲ្យ​បាត់បង់ ៕V

លោក​ថៃ អ៊ូ និង សិស្សគណ​របស់លោក​
លោក​ថៃ អ៊ូ ទទួល​ការឧបត្ថម្ភ​ពី មេ​ប្រដាល់​គុន​ខ្មែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​
#