ប្រគល់​ក្រឡ​បុរាណ​ចំនួន​ពីរ​ដល់​មន្ត្រី​វប្បធម៌​ដែល​កំណាយ​ឃើញ​នៅ​ស្រុក​កំពង់សៀម​

136
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​ក្រុមមន្ត្រី​មជ្ឈមណ្ឌល​ជាតិ​បោសសម្អាត​កាកសំណល់​សង្គ្រាម​ហៅ​កាត់​ថា​”​ស៊ីម៉ាក់​”​បានប្រគល់​ក្រឡ​បុរាណ​ចំនួន​ពីរ​ដែល​បាន​កំណាយ​ឃើញ​នៅក្នុង​បរិវេណ​សាលារៀន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃ​ចក្រី​ឃុំ​អូរ​ស្វាយ​ស្រុក​កំពង់សៀម​ជូន​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២០​។​

លោក​សឹង​ភា​រុំជា​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៤​មីនា​ថា​ក្រឡ​បុរាណ​ជា​ប្រភេទ​លោហ​:​ធាតុ​ទាំងពីរ​ដែលមាន​ទម្ងន់​៣២​គីឡូក្រាម​ដែល​ខាង​ស៊ីម៉ាក់​បានប្រគល់​ឱ្យ​នេះ ខាង​លោក​បាន​យកមក​រក្សាទុក នៅ​មន្ទីរ​វប្បធម៌​សិន​។​រង់ចាំ​ខាង​ជំនាញ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​មក​ពិនិត្យ កំណត់​អត្តសញ្ញាណ និង​អាយុកាល​។​

គួរបញ្ជាក់​ថា​ក្រឡ​បុរាណ​ទាំងពីរ​ត្រូវបាន​ខាង​ក្រុម​ស៊ីម៉ាក់​ធ្វើ​កំណាយ​ឃើញ​ក្នុង​បរិវេណ​សាលា​ព្រៃ​ចក្រី ទីតាំង​ខាងលើ​។​ខណ​:​ដែល​ខាង​នាយក​សាលា​ស្នើសុំ​ខាង​បោសសម្អាត​កាកសំណល់​សង្គ្រាម​ដើម្បី​យក​ដី​សង់​អគារសិក្សា​កាលពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២០៕S/​