ប្រគល់​ថវិកា​ចំនួន​៥០០លាន​រៀល ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​

391
ចែករម្លែក
  • 12
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​ឆ្នាំ​២០១៨ និង​ជា​អគ្គលេខាធិការរង​សមាគម​អតីតយុទ្ធជន​កម្ពុជា បានប្រគល់​ជូន​នូវ​ថវិកា​ចំនួន ៥០០លាន​រៀល ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​កិត្តិយស និង​កម្ពស់​ជីវភាពរ​ស់​នៅ​របស់​អតីតយុទ្ធជន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ឹង មករា នាយសេនាធិការរង​ក​ង​ទ័ពជើងគោក និង​ជា​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​ការលើកស្ទួយ​កម្រិតជីវភាព និង​កិត្តិយស​របស់​កងទ័ព អតីតយុទ្ធជន យុទ្ធជន​ពលី និង​គ្រួសារ​កងទ័ព តាមរយៈ​ការផ្ដល់ប្រាក់​សោធន​និវត្តន៍ លើកស្ទួយ​សុខមាលភាព ការផ្ដល់​ដី​សម្បទាន​សង្គមកិច្ច និង​គោល​របប​ផ្សេងៗ​ជាច្រើន​ទៀត​។

​លោក​បាន​បន្តថា ការប្រមូល​មូលនិធិ​ដើម្បី​គាំទ្រ​សកម្មភាព​សមាគម​អតីតយុទ្ធជន​កម្ពុជា បានបង្ហាញ​ដល់​មហាជន និង​យុវជន​ដើម្បី ស្វែងយល់​បន្ថែមទៀត​អំពី​គុណ​តម្លៃ​និង​ការលះបង់​របស់​អតីតយុទ្ធជន​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​និង​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​មកដល់​សព្វថ្ងៃនេះ​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គមេបញ្ជាការ​រង​និង​ជា​អគ្គលេខាធិការរង​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះសម្តេ​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែល​បាន​យកចិត្ត​ទុកដាក់​​​គិតគូរ​ពី​សុខទុក្ខ​កិត្តិយស​និង​លើកស្ទួយ​កម្រិតជីវភាព​របស់​អតីតយុទ្ធជន​ក្នុង​បុព្វហេតុ​ការពារជាតិ​។ ​លោក​បន្តថា ការប្រគល់​ជូន​នូវ​ថវិកា​ចំនួន ៥០០លាន​រៀល ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​ដែល​បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​លើកកម្ពស់​សុខមាលភាព​ជីវភាព​នឹង​កិត្តិយស​របស់​អតីតយុទ្ធជន​កម្ពុជា​ដែល​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ​និង​ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។​

​សូម​រំលឹកថា ការរៀបចំ​ព្រឹ​តិ្ត​ការណ៍​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ ២០១៨ ដែល​បាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​រៀបចំ​ក្នុង​គោល​បំណង​រំលឹក​ខួបអនុស្សាវរីយ៍​ទិវា​បុណ្យជាតិ​៧​មករា ១៩៧៩ និង​ដើម្បី​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីតយុទ្ធជន​កម្ពុជា​​។

​ការរៀបចំ​ព្រឹ​តិ្ត​ការណ៍​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ ២០១៨ ក៏ជាការ​បង្ហាញ​ដល់​មហាជន និង​យុវជន ដើម្បី​ស្វែងយល់ និង​យល់ដឹង​បន្ថែមទៀត​អំពី​តួនាទី​និង​ភារកិច្ច​របស់​កងទ័ព​ក្នុងការចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​បង្កលក្ខណៈ​និង​ឱកាស​ឱ្យ​មហាជន​ចូលរួម​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​កងទ័ព​។​

​សូមបញ្ជាក់ថា ថវិកា​សរុប​ដែល​បានប្រគល់​ជូន​សមាគម​អតីតយុទ្ធជន​ចំនួន ៥០០លានរៀល គឺ​បានមកពី​ការចូលរួម​ឧបត្ថម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នានា ពី​ការរៀបចំ​នូវ​ព្រឹ​តិ្ត​ការណ៍​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ ២០១៨ កន្លងទៅនេះ​។ ថវិកានេះ​នឹងត្រូវ​ស្នើសុំ​បែងចែក​ទៅដល់ សមាគម​អតីតយុទ្ធជន​ទូទាំង​២៥ រាជធានី​ខេត្ត​ដែល​ក្នុងនោះ​ខេត្ត​និ​មួយៗ​និង​ទទួលបាន​២០​លាន​រៀល សម្រាប់​ទ្រទ្រង់​លើ​កិច្ចការងារ​ពីរ​សំខាន់ៗ គឺ​ទី​១ ការងារ​កសាង​ផ្ទះ​ជូន​អតីតយុទ្ធជន និង​ទី​២ សម្រាប់​ចូលរួម​បុណ្យសព​អតីតយុទ្ធជន​៕​សរន